header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានអំពាវនាវ ឲ្យគ្រប់គណបក្សនយោបាយ និងបេក្ខជនទាំងអស់ ត្រូវគោរពគ្នាទៅវិញទៅមក កុំប្រើពាក្យអសុរោះជេរបញ្ចោរ  ពេលឃោសនាបោះឆ្នោត អំពីគណបក្សរបស់ខ្លួន គឺមិនត្រូវបន្តុះបង្អាប់គណបក្ស ឬបេក្ខជននៃគណបក្សដទៃឡើយ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ នេះថា នៅសល់តែ ៣៥ ថ្ងៃទៀតប៉ុណ្ណោះ ថ្ងៃបោះឆ្នោតនឹងមកដល់។

សម្ដេចបន្ដថា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ គឺជាថ្ងៃឃោសនាបោះឆ្នោត នឹងចាប់ដំណើរការជាផ្លូវការនៅទូទាំងប្រទេស (មានរយៈពេល២០ថ្ងៃគត់) ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “ ខ្ញុំសូមអំពាវនាវឲ្យ​គ្រប់គណបក្សនយោបាយ និងបេក្ខជនទាំងអស់គោរពគ្នាទៅវិញទៅមក កុំប្រើពាក្យអសុរោះជេរបញ្ចោរ ហើយត្រូវគោរពសីលធម៌ និងសេចក្តីថ្លៃថ្នូរ ។ សូមឃោសនាតែអំពីគណបក្សរបស់ខ្លួន គឺមិនត្រូវបន្តុះបង្អាប់គណបក្ស ឬបេក្ខជននៃគណបក្សដទៃឡើយ។ សូមជនរួមជាតិ ក្មួយៗយុវជន ព្រមទាំងកូនក្មួយកម្មករ កម្មការិនីត្រូវចូលរួមបោះឆ្នោតទាំងអស់គ្នា

ជាមួយគ្នានេះដែរ ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានញ្ជាក់ថា ដើម្បីធានាបាននូវសន្តិភាព និងនិរន្តរភាពនៃការអភិវឌ្ឍ ជម្រើសដ៏ល្អបំផុតរបស់ជនរួមជាតិ និងកូនក្មួយគឺ បោះឆ្នោតឲ្យ “គណបក្សប្រជាជនកម្ពុជា” ដែលមានរូបសញ្ញាទេវតាបាចផ្កា លេខរៀងទី ២០។ សម្ដេច សន្យានឹងនៅជាមួយជនរួមជាតិ និងកូនក្មួយយ៉ាងហោចណាស់១០ឆ្នាំទៅមុខទៀត! ។

សម្ដេចបន្ដទៀតថា ជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយទាំងអស់ជួបតែសេចក្តីសុខ និងបានសម្រាកសប្បាយរីករាយក្នុងថ្ងៃអាទិត្យនេះ សូមបើកបរជិតឆ្ងាយមានសុខសុវត្ថិភាពគ្រប់ៗគ្នា

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post