header ads

Sponsor

ពិសី

រតនគិរីៈ គំនរឈើជាច្រើនកំណាត់ ត្រូវបានក្រុមឈ្មួញយកមកដាក់ពង្រាយលាក់ទុកនៅក្នុងព្រៃមួយកន្លែង អស់រយៈពេល៣ខែមកហើយ មិនទាន់ឃើញដឹកចេញត្រូវបានក្រុមអ្នកសារព័ត៌មានប្រទះឃើញ កាលពីព្រឹកថ្ងៃអង្គារ៍ ទី២៦ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិថ្មី ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។

ក្នុងការប្រទះឃើញឈើនេះដែរ អ្នកសារព័ត៌មានបានទំនាក់ទំនងទៅវរសេនីយ៍ឯក អុី សុផូរ៉ា ប្រធានក្រុមគោលដៅកងរាជអាវុធហត្ថលើផ្ទៃប្រទេសប្រចាំខេត្តរតនគិរី លោក ក៏បានបញ្ជាឲ្យកូនចៅចុះមកទីតាំងស្តុកឈើខាងលើនេះ។ ក្នុងការចុះបង្ក្រាបបទល្មើសព្រៃឈើនេះដែរ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលជាប្រធានគណៈកម្មការទប់ស្កាត់នឹងបង្ក្រាបបទល្មើសព្រៃឈើបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងប្រដាប់វុធ ជាពិសេសកម្លាំងអាវុធហត្ថ ត្រូវធ្វើការបង្ក្រាបរាល់បទល្មើសធនធានធម្មជាតិ ពិសេសគឺបទល្មើសព្រៃឈើត្រូវតែបង្ក្រាបឲ្យដូចភ្លៀងរលឹម។

បន្ទាប់មកកម្លាំងអាវុធហត្ថលើផ្ទៃប្រទេសក៏បានសហការណ៍ជាមួយកម្លាំងអាវុធហត្ថខេត្ត កម្លាំងអាវុធស្រុក និងកម្លាំងបរិស្ថានដែនជម្រកសត្វព្រៃលំផាត់បានដេកយាមចាំមួយយប់ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា នេះ ដើម្បីចាត់ការបន្តទៅទៀត។

ព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះ វរសេនីយ៍ទោ អុី សុផូរា ប្រធានក្រុមគោលដៅអាវុធហត្ថលើផ្ទៃប្រទេស និងវរសេនីយ៍ទោ ឃី សុខា ប្រធានមន្ទីរបច្ចេកទេសសន្តិសុខអាវុធហត្ថខេត្ត បានដឹកនាំកម្លាំងចុះមើលគំនរឈើពីរទីតាំងដែលក្រុមឈ្មួញទុច្ចរិតកាប់យកមកលាក់ទុកនៅក្នុងព្រៃរង់ចាំឱកាសល្អនឹងបន្តទៅវៀតណាម។

នៅក្នុងនោះដែរ គឺមានឈើប្រភេទ គគី ស្រឡៅ និងសុក្រំ ដែលមានមុខកាត់ឃ្លុំបួនជ្រុង ៣០ដល់ទៅ៦០ម៉ែត្រ មានប្រវែងចាប់ពី៣ដល់ទៅ៦ម៉ែត្រ មានចំនួន៦៨កំណាត់។

លោក ធឹម ចិត្រ ប្រធានស្នាក់ការដែនជម្រកសត្វព្រៃលំផាត់ បានឲ្យសារព័ត៌មានដឹងនៅព្រឹកថ្ងៃទី២៧ ខែមិថុនានេះ ថា ឈើទាំងនេះនឹងដឹកយកមករក្សាទុកនៅស្នាក់ការបរិស្ថាន។

ចំណែកឈើមួយកន្លែងទៀតនោះរង់ចាំឲ្យស្ងួតដីសិនទើបដឹកចេញបាន ដោយសារស្ថានភាពផ្លូវចូលទៅដឹកឈើនោះផុងពិបាកក្នុងការដឹកជញ្ជូនឈើណាស់ ហើយឲ្យកូនចៅដេកយាមបន្តទៀត។

ឈើទាំងនោះមិនត្រូវបានដឹងពីតួលេខនៃចំនួនម៉ែត្រគូបនៅឡើយទេ ដោយសារមានរដូវភ្លៀងធ្លាក់ជារៀងរាល់ថ្ងៃ និងពិបាកក្នុងការដឹកជញ្ជូនថែមទៀតផង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post