header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កោះកុងៈ រថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុន “រិទ្ធិមុនី” និងរថយន្តតាកូម៉ារបស់មេការក្រុមហ៊ុន “គាធី” បានព្រលះគ្នាចំពីមុខយ៉ាងពេញទំហឹងក្នុងទិសដៅបញ្ច្រាសគ្នា បណ្ដាលឲ្យមេការម្នាក់ ស្លាប់នៅនឹងកន្លែងកើតហេតុមួយរំពេច ខណៈអ្នកបើកបររថយន្តក្រុងដាក់មេប្រូចបាត់ពីកន្លែងកើតហេតុ។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ រវាងរថយន្តក្រុងដឹកអ្នកដំណើរ និងរថយន្តធុនតូចខាងលើនេះ បានកើតឡើងនាវេលាម៉ោងប្រមាណ៨យប់ ថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤៨ ចន្លោះគីឡូម៉ែត្រលេខ១០៥-១០៦ ត្រង់ចំណុចវាលឆ្កែស្ងាប ស្ថិតក្នុងភូមិសាស្ត្រភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។

សមត្ថកិច្ចឲ្យដឹងថា នៅវេលា និងទីតាំងកើតហេតុខាងលើ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង ៖

រថយន្តក្រុមហ៊ុន គាធី ម៉ាក តូយូតា តាកូម៉ា ប្រភេទ១បាំងកន្លះ ពណ៌បៃតងខ្ចី ពាក់ស្លាកលេខ ភ្នំពេញ 2Q-5670 ធ្វើដំណើរពីខេត្តកោះកុង ឆ្ពោះទៅភ្នំពេញ បើកបរដោយឈ្មោះ អយ ចាន់ថន ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិឫស្សីស្រុក ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម (ស្លាប់)។ រថយន្តរងការខូចខាតមួយចំនួនធំ។

ដោយឡែក ភាគីរថយន្តក្រុងរបស់ក្រុមហ៊ុន រិទ្ធិមុនី ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 3B-4084 ធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នាពីភ្នំពេញ ទៅកោះកុង។ ចំពោះអត្តសញ្ញាណអ្នកបើកបរ សមត្ថកិច្ចស្រាវជ្រាវពុំទាន់ដឹងនោះទេ ព្រោះក្រោយពេលកើតហេតុ ទាំងអ្នកបើកបរ និងអ្នករួមដំណើរ បានគេចខ្លួនអស់។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះខាងលើ បានស្លាប់នៅកន្លែងកើតហេតុ ហើយសាកសពត្រូវបានដឹកទៅតម្កល់ទុកនៅមណ្ឌលសុខភាពត្រពាំងរូង និងប្រគល់ជូនទៅតំណាងក្រុមហ៊ុន គាធី ដើម្បីដឹកយកទៅជូនក្រុមគ្រួសារជនរងគ្រោះ ធ្វើបុណ្យតាមប្រពៃណី។ រីឯរថយន្តទាំងពីរគ្រឿង សមត្ថកិច្ចបានធ្វើការវាស់វែង និងអូសយកទៅរក្សាទុកដើម្បីដោះស្រាយតាមក្រោយ នៅអធិការដ្ឋាននគរបាលស្រុកកោះកុង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post