
ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានបញ្ជាក់ថា ភាពរីកចម្រើននៃវិស័យកីឡា ដោយសារតែកម្ពុជា ទទួលបាននូវសុខសន្តិភាពពេញលេញ។ ដូច្នេះបើគ្មានសន្តិភាពទេ គឺមិនអាចមានការប្រកួតកីឡាដូចសព្វថ្ងៃនេះទេ។

ក្នុងពិធីបិទព្រឹត្តការណ៍ នៃការប្រកួតកីឡាជាតិលើកទី២ នៅរសៀលថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨នេះ សម្ដេច ហ៊ុន សែន ជំរុញឲ្យសាលារៀន ឬស្ថាប័នានាទាំងអស់ ត្រូវបង្កើត និងបង្កើនកន្លែងលេងកីឡាឲ្យបានច្រើន សម្រាប់លេងកីឡា ដើម្បីឲ្យកាយសម្បទា និងសុខភាពកាន់តែមានភាពល្អប្រសើរ ជាពិសេសទីសាធារណៈផ្សេងៗ ត្រូវមានកន្លែងធ្វើលំហាត់ប្រាណ សម្រាប់ប្រជាពលរដ្ឋ ដើម្បីឲ្យមានសុខភាពល្អ និងជៀសផុតពីជំងឺផ្សេងៗ។

សម្ដេច ហ៊ុន សែន មានប្រសាសន៍ថា “ភាពរីកចម្រើននៃវិស័យកីឡានេះ គឺដោយសារតែកម្ពុជាយើង ទទួលបាននូវសុខសន្តិភាពពេញលេញ បើយើងគ្មានសន្តិភាពទេ គឺយើងមិនអាចមានការប្រកួតកីឡាដូចថ្ងៃនេះទេ។ ដូច្នេះសូមឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាសន្តិភាពនេះ ឲ្យបានគង់វង្ស”៕



