Sponsor
រិទ្ធី

ការប្រកួតកីឡាជាតិលើកទី២ ឆ្នាំ២០១៨ ក្រោមប្រធានបទ «កីឡានាំមកនូវសន្តិភាព និងកាអភិវឌ្ឍ» នៅពហុកីឡដ្ឋានជាតិអូឡាំពិក​ ដែលបានព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ ២០១៨ ដែលមានកីឡាករ កីឡាករនីចូលរួមប្រកួតប្រមាណជាង៤ពាន់នាក់ មកពី២៥រាជធានីខេត្ត ត្រូវបានបញ្ចប់នាល្ងាចនេះ។

នាល្ងាចថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេច ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទការប្រកួតកីឡាជាតិលើកទី២នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។

ក្នុងពិធីបិទនេះ ក៏មានវត្តមាន ឯកឧត្តម ហង់ ជួនណារុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធប់។  

ក្នុងកម្មវិធីបិទនៃព្រឹត្តិការណ៍នៃការប្រកួតកីឡាជាតិលើកទី២នេះក៏មានរៀបចំកម្មវិធីប្លែកៗ និងអស្ចារ្យ ជាច្រើនដូចពេលបើកដែរ ដែលមានដូចជាការដង្ហែក្បួនព្យុះហយាត្រានៃប្រតិភូកីឡាតាមបណ្តាខេត្តនានា ការសម្តែងបែបសិល្ប: វប្បធម៌បុរាណ ក្បាច់គុនល្បុក្កតោ ការសម្តែងចលនាកាយសមស្របពីគរុសិស្សកីឡា ក្រុមកីឡាតេក្វាន់ដូ ការសម្តែងចលនាកាយកម្សាន្តចម្រៀង ដោយមានការចូលរួមពីសិល្បករ សិល្បការិនី ល្បីៗជាច្រើនរូប និងការបាញ់កាំជ្រួចអបអរសាទរផដែរ។

ថ្លែងក្នុងពិធីនេះដែរ សម្តេច ហ៊ុន សែន បានរំលឹកនូវគុណូបការ: ដល់សម្តេចព្រះបរមរតនកោដ្ឋ ដែលកន្លងមកព្រះអង្គតែងយកព្រះទ័យទុកដាក់ចំពោះវិស័យកីឡាជាតិ និងបន្សល់នូវពហុកីឡដ្ឋានជាតិនេះសម្រាប់យើងធ្វើការប្រកួតនាពេលនេះ។

ម្យ៉ាងទៀត សម្តេចនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យសាលារៀន ឬស្ថាប័នានាទាំងអស់ត្រូវបង្កើត និងបង្កើនកន្លែងលេងកីឡាឱ្យបានច្រើន សម្រាប់លេងកីឡា ដើម្បីឱ្យកាយសម្បទា និងសុខភាពយើងកាន់តែមានភាពល្អប្រសើរផងដែរ។

តាមរយៈការប្រកួតកីឡានេះ បានឆ្លុះបញ្ចាំងសមត្ថភាពរបស់កីឡាករ និងវិស័យកីឡានៅកម្ពុជា ដែលកំពុងមានភាពរីកចម្រើន ស្របពេលកម្ពុជាកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ខាងមុខ។

សូមបញ្ជាក់ថា ការប្រកួតកីឡាជាតិលើកទី២នេះ ដែលមានវិញ្ញាសារ២៧៤ មេដាយ៨៨៥ ក្នុងនោះរួមមានមេដាយមាស ២៦៤ មេដាយប្រាក់២៦៤ មេដាយសំរឹទ្ធិ៣៥៧។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor