header ads

Sponsor

រិទ្ធី

ចិន​សន្យា​ផ្តល់​ជំនួយ​គិតជា​ទឹក​ប្រាក់​ជាង​១០០លាន​ ​ដុល្លារ​ដើម្បី​បម្រើ​ក្នុង​វិស័យ​ការពារ​ជាតិ ជំនួយ​ថវិការបស់ចិន​នឹង​បន្ត​ហូរ​ចូល​វិស័យ​យោធា​កម្ពុជា​ បន្ថែម​លើ​សម្ភារយោធា​ច្រើន​សន្ធឹក​សន្ធាប់​ដែល​ចិន​ធ្លាប់​ផ្តល់​ដល់​កម្ពុជា។ នេះបើយោងតាមនាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ។

នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បាន​ថ្លែង​ថា​ ចិន​សន្យា​នឹង​ផ្តល់​លុយ​ចំនួន​៦៤៥លានយ័ន​ដល់​កម្ពុជា​ ដើម្បី​បម្រើ​ក្នុង​វិស័យ​ការពារ​ជាតិ។ ការ​សន្យា​ផ្តល់​ជំនួយ​ថវិកា​ដល់​វិស័យ​នេះ​ កើតមាន​ឡើង​បន្ទាប់ពី​ចិន​ និង​កម្ពុជា​បាន​ធ្វើសម​យុទ្ធ​យោធា​ដែលមានឈ្មោះ​ថា​ នាគមាស​ ចំនួន​២ដង​ ពោលគឺ​គិតពី​ឆ្នាំ​២០១៦​ មក​ដល់​ឆ្នាំ​២០១៨ ​នេះ ហើយសមយុទ្ធនេះនឹង​បន្តធ្វើ​ទៀត​នៅឆ្នាំ​២០១៩ ខាងមុខទៀត។

យោងតាមការចុះផ្សាយក្នុងគេហទំព័រហ្វេសប៊ុកនាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានឱ្យដឹងថា៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានជួបជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ វៃ ហ្វេហេ (WEI FENGHE) សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨។ ភាគីទាំងពីរប្តេជ្ញាបន្តរឹតចំណងមិត្តភាពទៅវិញទៅមក    ឱ្យកាន់តែខ្លាំងក្លាថែមទៀត ជាពិសេសគឺ មិត្តចិនបានផ្តល់ជំនួយឥតសំណងបន្ថែម ៦៤៥លានយ័ន ដល់កម្ពុជាយើង សម្រាប់ប្រើប្រាស់ក្នុងវិស័យយោធា ទៅតាមតម្រូវការចាំបាច់។

ឯកឧត្តម ឈុំ សុជាតិបានសង្កត់ធ្ងន់ថា៖ ការផ្តល់ជំនួយនេះ ដើម្បីអបអរសាទរដល់ខួបលើកទី៦០ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន ហើយភាគីទាំងពីរនឹងរៀបចំពិព័រណ៍យោធាកម្ពុជា-ចិន រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៩-២៤ ខែមិថុនា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ដើម្បីបង្ហាញអំពីសមិទ្ធផលនានា នៃកិច្ចសហប្រតិបត្តិការយោធា របស់ប្រទេសទាំងពីរផងដែរ។

សូមបញ្ជាក់ថា កម្ពុជា-ចិន បានធ្វើសមយុទ្ធយោធានាគមាស រយៈពេល១៣ថ្ងៃ កាលពីថ្ងៃទី១៧-២៩ ខែមីនា ឆ្នាំ២០១៨ នៅតំបន់ភ្នំធំម្រះព្រៅ ក្នុងភូមិថ្លុកដូនស ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post