header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ​ អគ្គស្នងការរងនគរបាលជាតិ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានដាក់បទបញ្ជាឲ្យគ្រប់ស្នងការនគរបាលរាជធានី-ខេត្ត ចាត់វិធានការធ្វើយ៉ាងម៉េចឲ្យស្ថានការណ៍ជាទូទៅមានលក្ខណៈល្អប្រសើរនៅតាមបណ្តារាជធានី-ខេត្ត មានន័យថាក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូលមានភាពល្អប្រសើរជាទូទៅ ដើម្បីធានាដល់ការបោះឆ្នោត ។

ការដាក់បទបញ្ជាយ៉ាងដូច្នេះ គ្រាដែលនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដឹកនាំកិច្ចប្រជុំ​ស្តីពីការត្រៀម​លក្ខណៈ​សម្បត្តិ​សម្រាប់​កងកម្លាំង​អន្តរាគមន៍​ក្នុង​កិច្ចការពារ សន្តិសុខ សណ្តាប់ធ្នាប់ នា​ពេល​បោះឆ្នោត​ខាងមុខ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ នា​សាលប្រជុំ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ។

នាយឧត្តមសេនីយ៍អគ្គស្នងការរងនគរបាលជាតិ បានគូសបញ្ជាក់ថា ដើម្បីធ្វើកិច្ចនេះយើងក៏មានកិច្ចការងារច្រើន ដែលត្រូវធ្វើ ប៉ុន្តែជាទូទៅនៅគ្រប់ប្រទេសគេច្រើនប្រើកម្លាំងចំហ បង្ហាញរូបភាពឲ្យឃើញភាពសកម្មរបស់នគរបាល រៀបចំការល្បាត រៀបចំការពួនស្ទាក់ រៀបចំការបង្ហាញខ្លួននៅតាមទីសាធារណៈសំខាន់ៗ រៀបចំកម្លាំងត្រៀមអន្តរាគមន៍ ហើយដើម្បីធ្វើកិច្ចការនេះបានត្រូវផ្គុំគ្នាតាំងពីប៉ុស្តិ៍នគរបាលរដ្ឋបាលឡើងទៅឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់បង្ហាញខ្លួនល្បាតចុះតាមខ្នងផ្ទះ។

បើតាមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍លើកឡើងថា ធម្មតាក្នុងដំណាក់កាលឃោសនាបោះឆ្នោត គឺជាដំណាក់កាលដែលមានការប្រឈមខ្លាំងជាងគេ អ៊ីចឹងសូមយកចិត្តទុកដាក់ចាប់ពីពេលបោះឆ្នោតទៅ ជាពិសេសគ្រប់បទល្មើសព្រហ្មទណ្ឌ ដែលទាក់ទងនឹងអំពើហិង្សា ទាក់ទងនឹងអំពើឃាតកម្មត្រូវតែយកចិត្តទុកដាក់ស្រាវជ្រាវឲ្យឃើញមុខសញ្ញាឲ្យមានហេតុផល ឲ្យមានឯកសារ ដោយពេលខ្លះអ្នកនយោបាយគេអាចឆ្លៀតយកបញ្ហាព្រហ្មទណ្ឌមកបង្វែរជារឿងនយោបាយចោទប្រកាន់លើការទទួលខុសត្រូវរបស់រដ្ឋាភិបាល ឬក៏ចោទប្រកាន់ឈានទៅដល់ចោទប្រកាន់ដំណើរលទ្ធផលការបោះឆ្នោត។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ក៏បានបញ្ជាក់ថា ជាគោលការណ៍យើងមានកម្លាំង៣ គឺទី១.កម្លាំងប្រចាំបញ្ជា ទី២.កម្លាំងប្រចាំការ និងទី៣.កម្លាំងអន្តរាគន៍។ ទាំង៣នេះ ជាកម្លាំងអន្តរាគមន៍ទី១ រីឯកម្លាំងអន្តរាគមន៍ទី២នោះ គឺកម្លាំងការិយាល័យជំនាញជាទូទៅ ប៉ុន្តែយើងចងក្រងទៅជាកងជួរ ដើម្បីប្រមូលផ្តុំនៅពេលមានការចាំបាច់។ នេះ​បើយោងការចេញផ្សាយរបស់​អគ្គស្នងការនគរបាលជាតិ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post