header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អាជ្ញាធរមានសមត្ថកិច្ចដែលចុះបង្ក្រាបបនល្បែងហ្គេមបាញ់ត្រីបានរងការរិះគន់ពីប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ដោយពួកគាត់លើកឡើងថា ដូចមកសម្ដែងល្ខោនឲ្យពួកគាត់មើល ធ្វើការគ្មានប្រសិទ្ធភាព បង្ក្រាបហើយយកទៅដាក់វិញ បន្លំតែភ្នែក ហើយទីតាំងល្បែងទាំងនោះនៅតែកើតមាន និងនៅតែបង្កអសន្តិសុខ រំខានការរស់នៅដដែល។

ប្រភពបានលើកឡើងថា នៅតាមផ្លូវលេខ៧០ ស្ថិតក្នុងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ខណ្ឌ ឫស្សីកែវ ទីតាំងហ្គេមបាញ់ត្រីដុះស្លែចំនួន៣កន្លែងប្រចាំភូមិ ទោះបីកន្លងមកកម្លាំងសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរបញ្ចេញសាច់ដុំសិប្បនិម្មិតចុះមកបង្ក្រាបក៏ដោយ តែដូចមកថតរឿងកុន សម្ដែងឲ្យប្រជាពលរដ្ឋមើលអ៊ីចឹង ពោលគឺចាប់ថ្ងៃនេះ ស្អែកបើកវិញដដែល។

ប្រភពបន្តថា ក្រុមបើកបនល្បែងសម្បូរទូហ្គេមបាញ់ត្រីយកមកដាក់ណាស់។ លុះពេលណាពលរដ្ឋស្រែករអ៊ូរទាំខ្លាំងៗទៅ ទើបលេចមុខសមត្ថកិច្ចចុះបង្ក្រាប ហើយស្អែកឡើង បើកវិញដដែល។ ករណីនេះ មិនដឹងថា អាជ្ញាធរមានសមត្ថកិច្ចខណ្ឌឫស្សីកែវគ្មានបារមី ឬមួយក៏ទទួលលាភសការៈពីម្ចាស់ទីតាំងហ្គេមទាំង៣កន្លែងនោះឬយ៉ាងណានោះទេ? ទើបប្រតិបត្តិការអនុវត្តន៍ឡើងដូចក្មេងលេងបាយឡុកឡ ធ្វើឲ្យតែល្អមើល រួចចេញរបាយការណ៍បង្អួតថ្នាក់លើ ថាមូលដ្ឋានរបស់ខ្លួន អនុវត្តន៍តាមគោលការណ៍លក្ខណៈសម្បត្តិ៩យ៉ាង របស់ភូមិសង្កាត់មានសុវត្តិភាព តែផ្ទុយទៅវិញ ភូមិសង្កាត់ដែលខ្លួនគ្រប់គ្រង សុទ្ធតែបនល្បែង ហ្គេមបាញ់ត្រីពេញភូមិទាំង អាជ្ញាធរ ព្រមទាំងសមត្ថកិច្ចមូលដ្ឋាន អនុវត្តន៍មិនទាំងបានផង ឯណាទៅពាក្យថា បម្រើប្រជារាស្រ្ត?

ពាក់ព័ន្ធនឹងករណីនេះ ប្រជាពលរដ្ឋបានលើកឡើង និងសំណូមពរដល់អាជ្ញាធរខណ្ឌឫស្សីកែវ ក៏ដូចជាលោកអភិបាលរាជធានីភ្នំពេញ មេត្តាមានវិធានការចំពោះបនល្បែងសុីសងខុសច្បាប់ និងមន្ត្រីឆក់ល្វែងទាំងនោះផង ឲ្យស្របតាមទិសដៅ និងគោលការណ៍របស់រាជរដ្ឋាភិបាលដែលបានដាក់ចុះឲ្យមន្ត្រីក្រោមឱវាទទាំងអស់ អនុវត្តគោលនយោបាយភូមិសង្កាត់ មានសុវត្ថភាព៩ចំណុច ឲ្យមានប្រសិទ្ឋភាព បើមិនអ៊ីចឹងទេ តើឲ្យពលរដ្ឋសង្ឃឹមអ្វី?៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post