header ads

Sponsor

រិទ្ធី

លោក​ឧត្តមសេនីយ៍​ឯក ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្តេច ហ៊ុន សែន ត្រូវបាន​ប្រគល់​ភារកិច្ចកំពូល៣ក្នុងពេលតែមួយ បន្ថែមលើ​មុខងារ​បច្ចុប្បន្នគឺ​ ទី១ ជាអគ្គ​មេបញ្ជាការ​រង​ នៃ​កង​យោធពល​ខេមរភូមិន្ទ ទី២ ជា​នាយ​សេនាធិការ​ចម្រុះស្ដីទី​ និងទី៣ ជា​មេបញ្ជាការ​កងទ័ព​ជើងគោក​ស្ដីទី។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​ការពារជាតិ​។ បច្ចុប្បន្ន លោកឧត្តមសេនីយ៍​ឯក ហ៊ុន ម៉ាណែត ​ជា​នាយ​រង​សេនាធិការ​ចម្រុះ នៃកង​យោធពល​ខេមរភូមិន្ទ។

សូម​បញ្ជាក់ថា លោកឧត្តមសេនីយ៍​ឯក ហ៊ុន ម៉ាណែត បានទទួល​ភារកិច្ច​ជា​នាយ​សេនាធិការ​ចម្រុះ​ស្ដីទី គឺ​ក្រោយ​ពី​លោក​​នាយ​ឧត្តម​សេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងនាយសេនាធិការ​ចម្រុះ បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្រ្ដ សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ដ នីតិកាល​ទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ នៅខេត្តឧត្តរមានជ័យ។ដោយឡែក តំណែង​មេបញ្ជាការ​រង​កងទ័ព​ជើងគោក និង​មេបញ្ជាការ​កងទ័ព​ជើងគោកស្ដីទី បន្ទាប់ពី​លោក​នាយ    ឧត្តម​សេនីយ៍ មាស សុភា អគ្គមេបញ្ជាការ​រង មេបញ្ជាការ​កងទ័ព​ជើងគោក បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្រ្ដនៅខេត្តព្រះវិហារ។

គួរបញ្ជាក់ថា យោងតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្របានចែងថា៖ អ្នកណា​ក៏ដោយ ឱ្យ​តែ​ជា​     មន្ត្រីរាជការ យោធា និង​នគរបាល ត្រូវតែ​ព្យួរ​ឈ្មោះ​ឬ​តំណែង មុននឹង​ទៅ​ឈរ​ជា​បេក្ខជន​តំណាងរាស្ត្រ។ មាត្រា​២៥ នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ បានកំណត់​យ៉ាង​ដូច្នេះ​ថា​៖«​ប្រសិនបើមន្រ្តីរាជការស៊ីវិល ​មន្រ្តីតុលាការ កងកម្លាំងនគរបាលជាតិ កងយោធពលខេមរភូមិន្ទ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ​ជាប់ឆ្នោត សាមីខ្លួន ត្រូវដាក់​ពាក្យ​ទៅកាន់​សាមីក្រសួង ឬ​សាមី​អង្គភាព ដើម្បី​សុំ​ទៅ​បម្រើ​ការងារ​ក្រៅ​ក្របខ័ណ្ឌ​ដើម ក្នុង​រយៈពេល​អាណត្តិរ​បស់​ខ្លួន។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post