បន្ទាយមានជ័យៈ ក្រុមយុវជន៥នាក់ ប្រមូលផ្ដុំគ្នាប្រើប្រាស់គ្រឿង នៅចំណុចម្ដុំភូមិដុងអារញ្ញ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយត្រូវបានកម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃអធិការនគរបាលក្រុងប៉ោយប៉ែត សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់និមិត្ត ចុះទៅក្រសោបបាន៥ នាក់ កាលពីវេលាម៉ោង៤៖៣០នាទីរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែត ដែលដឹកនាំកម្លាំងចុះទៅបង្ក្រាប បានឲ្យដឹងថា ជនសង្ស័យ១ ឈ្មោះ សៅ វិច្ឆិកា (ហៅរ៉ា,ហៅឡត) ភេទប្រុស អាយុ២៧ឆ្នាំ។ ២ ឈ្មោះ មី ផៃនិន ភេទប្រុស អាយុ២២ឆ្នាំ។ ៣ ឈ្មោះ ជន់ សាវ៉េត ភេទប្រុស អាយុ៤០ឆ្នាំ។ ៤ ឈ្មោះ ភិន ចាន់រ៉ា ភេទប្រុស អាយុ១៧ឆ្នាំ។ ៥ ឈ្មោះ ឡាយ គិមសាន្ត ភេទប្រុស អាយុ៣៦ឆ្នាំ។
លោកអធិការ បន្តថា ក្រោយឃាត់ខ្លួនសមត្ថកិច្ចរបស់លោក បានរកឃើញដបកែច្នៃសម្រាប់ជក់ថ្នាំញៀន១ ទូរស័ព្វដៃ១គ្រឿង ថង់ប្លាស្ទិកកិបមាត់សម្រាប់ច្រកថ្នាំញៀនមួយចំនួន ដាវសាំម៉ូរៃ២ដើម ដែកកេះ៣ និងជញ្ជីងថ្លឹងថ្នាំញៀន១។
បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ ត្រូវបានសមត្ថកិច្ចនាំយកទៅអធិការដ្ឋានក្រុង ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕



