header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ថៅកែហាងខារាអូខេ យីហោ រាត្រីសំណាងល្អ រួមជាមួយកូនចៅក្នុងហាង ព្រួតគ្នា វាយកាប់ទៅលើភ្ញៀវចូលផឹកស៊ី ព្រោះរឿងភ្ញៀវសួរនាំគិតលុយខុសប្រក្រតី បណ្តាលឲ្យភ្ញៀវ២នាក់ រងរបួសធ្ងន់ បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ម្នាក់ទៀតរងរបួសស្រាល កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨កន្លងមក នៅក្នុងហាង រាត្រីសំណាងល្អ ផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ តែជនរងគ្រោះរវល់តែទៅសម្រាកមន្ទីរពេទ្យ ទើបនៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ បានទៅប្តឹងនៅប៉ុស្តិ៍កាកាប១ ហើយគ្រាន់តែទទួលបណ្តឹងជនរងគ្រោះភ្លាម នៅល្ងាចថ្ងៃដដែលនេះ កម្លាំងនគរបាលប៉ុស្តិ៍ចុះទៅនាំខ្លួនម្ចាស់ហាង និងកូនចៅ ជាជនដៃដល់សរុប៦នាក់ មកសាកសួរ ហើយឃាត់ខ្លួនជនដៃដល់ទាំង៦នាក់តែម្តង ប្រុស៤នាក់ ភេទទី៣ម្នាក់ ស្រីម្នាក់ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់ទាំង៦នាក់ ទី១-ឈ្មោះ យឹម សំណាង ហៅតូ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ ម្ចាស់ហាង តែងបង្កបញ្ហារាល់លើក ស្នាក់នៅកន្លែងកើតហេតុ។ ទី២-ឈ្មោះ ជឿន ស្រីនិច ភេទស្រី អាយុ២៣ឆ្នាំ បុគ្គលិកហាង ស្នាក់នៅកន្លែងកើតហេតុ។ ទី៣-ឈ្មោះ រឿន រាម ភេទទី៣ អាយុ២៤ឆ្នាំ មុខរបរ បុគ្គលិក ស្នាក់នៅកន្លែងកើតហេតុ។ ទី៤-ឈ្មោះ វណ្ណ វុទ្ធី ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ បុគ្គលិក រត់ដេញចាប់ម៉ូយតាមផ្លូវ ស្នាក់នៅកន្លែងកើតហេតុ។ ទី៥-ឈ្មោះ ធាន ភារុណ ភេទប្រុស អាយុ២២ឆ្នាំ បុគ្គលិក រត់ដេញចាប់ម៉ូយ។ ទី៦-ឈ្មោះ អំ សុខជា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ ផ្នែកខាងរត់ដេញចាប់ភ្ញៀវតាមផ្លូវ ។

ចំណែកជនរងគ្រោះទាំង៣នាក់ ទី១-ឈ្មោះ រ៉េត ធារិទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅម្តុំលូ៥ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើត ភូមិផ្សារលើ ឃុំលលកស ស្រុកសំពៅមាស ខេត្តពោធិសាត់ (រងរបួសស្រាល)។ ទី២-ឈ្មោះ ឆាង សុខលាង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ មានស្រុកកំណើត ភូមិឈូកស ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម តែទៅរស់នៅខាងស្រុកជាមួយប្រពន្ធ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ (រងរបួសធ្ងន់)។ ទី៣-ឈ្មោះ ឆាង សុវ៉ាន់ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ មានស្រុកកំណើត ភូមិឈូកស ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម តែរស់នៅជាមួយប្រពន្ធនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ នៅវេលាម៉ោង១១យប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅ គាត់ទាំង៣នាក់បងប្អូន ជិះម៉ូតូឌុបគ្នាជូនឈ្មោះ រ៉េត ធារិទ្ធ ទៅផ្ទះឯម្តុំលូ៥ តែចូលផឹកស៊ីនៅចំណុចខាងលើជាមុនសិន ក្នុងការព្រមព្រៀងគ្នា ក្នុង១កេស ម្ហូប៤មុខតម្លៃ៣០ដុល្លារ លុះពេលដែលជនរងគ្រោះ ចូលផឹកអស់៣កេស ទឹកសុទ្ធ១ដប នៅវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ បើគិតឲ្យត្រឹមត្រូវ អស់តម្លៃ៩១ដុល្លារ តែផ្ទុយទៅវិញ ម្ចាស់ហាងគិតលុយឡើង រហូតដល់២៥០ដុល្លារឯនោះ ទើបជនរងគ្រោះសួរនាំ គិតលុយបែបណា បើគ្នា៣នាក់ និងស្រីផឹកកំដរ ហៅស្រាបៀមកផឹកអស់តែ៣កេស គិតលុយទៅលើអ្វីទៀត ទើបកើតជារឿងជជែកគ្នា ហើយជនរងគ្រោះក៏មិនចង់ឲ្យរឿងវែងឆ្ងាយដែរ មិនមែន៣នាក់ ផឹកអស់ស្រា៣កេសនោះទេ នេះក៏ដោយសារក្រុមស្រីៗមកជួយ បង្ហិន បំផ្លាញផង ទើបអស់៣កេសនោះ សុំចេញឲ្យ១២០ដុល្លារ តែម្ចាស់ហាងមិនព្រម កើតជារឿងហិង្សា ម្ចាស់លោក យឹម សំណាង ហៅតូ សក់វែង ស្រែកហៅកូនចៅ ប្រដាប់ដោយកាំបិត សំបកដប កាប់ទៅលើជនរងគ្រោះ បណ្តាលឲ្យរបួសធ្ងន់២នាក់ ស្រាលម្នាក់ ហើយអូសចេញដាក់ក្រៅភ្លាមៗ ជនរងគ្រោះ ត្រូវបានរថយន្តសង្រ្គោះដឹកបញ្ជូនទៅមន្ទីរពេទ្យបាត់ សូម្បីប៉ូលិសទៅមិនទាន់ផង ។

ជនរងគ្រោះបន្តទៀតថា ទើបតែមកដល់រសៀលថ្ងៃទី២១ ខែមិថុនានេះ ទើបបានចេញពីមន្ទីរពេទ្យ ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍កាកាប១តែម្តង ។

ករណីខាងលើនេះ សមត្ថកិច្ចគ្រាន់តែទទួលបណ្តឹងពីជនរងគ្រោះភ្លាម នៅល្ងាចថ្ងៃទី២១ ដដែល កម្លាំងចុះទៅឃាត់នាំខ្លួន ថៅកែហាង និងកូនចៅ មកសាកសួរនៅប៉ុស្តិ៍ ហើយឃាត់ខ្លួនតែម្តង ។

តាមប្រជាពលរដ្ឋ បានឲ្យដឹងថា បុរសជើងខ្លាំង ម្ចាស់ហាងខាងលើ មានហាងចំនួន៣ បើកនៅផ្លូវ២០០៤ បង្កបញ្ហាជាច្រើនលើក ជាច្រើនសារកន្លងមកហើយ ម្ចាស់ហាងខាងលើ ធ្លាប់កាប់ភ្ញៀវឲ្យរងរបួស ប៉ូលិសឃាត់ខ្លួនបញ្ជូនទៅតុលាកាម្តងមកហើយ តែត្រូវបានតុលាកាដោះលែងមកវិញ បើតាមព័ត៌មានមួយថា អស់៥ពាន់ដុល្លារ កាលពីលើកមុន ដើម្បីនៅក្រៅឃុំចាំមើលលើកនេះ ឲ្យតុលាកាប៉ុន្មានទៀត ទើបនៅក្រៅឃុំ ។

ជនដៃដល់ប្រុស-ស្រី-ខ្ទើយទាំង៦នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញខណ្ឌ តែមិនទាន់ដឹងថា វាសនាម្ចាស់ហាង យឹម សំណាង ហៅតូ លើកនេះមានវាសនាចេញរួចក្រៅឃុំដូចលើកមុនអត់ ។

ហើយនៅវេលាម៉ោង៨យប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះផងដែរ ហាងខារាអូខេ យីហោ រាត្រីសំណាងល្អ បែរជាជួបសំណាងអាក្រក់ទៅវិញ ក្រោយពីប៉ូលិសឃាត់ខ្លួនថៅកែ និងគូរកនរួចមក ត្រូវបានកម្លាំងគណបញ្ជាការឯកភាពខណ្ឌពោធិសែនជ័យ ចុះទៅបិទហាងជាបណ្តោះអាសន្ន និងរុះទម្លាក់ស្លាកយីហោ យកទៅរក្សាទុកនៅសាលាខណ្ឌ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post