header ads

Sponsor

រិទ្ធី

លោក កឹម សុខា អតីតប្រធានអតីតគណបក្សសង្រ្គោះជាតិ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារត្រពាំងថ្លឹង ខេត្តត្បូងឃ្មុំត្រូវបាន អង្គការក្រៅរដ្ឋាភិបាលនៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ធ្វើផ្នែកសិទ្ធិមនុស្សនិងប្រជាធិបតេយ្យប្រគល់ រង្វាន់សន្តិភាពសិទ្ធិមនុស្សអាស៊ី តាមរយៈលោកស្រី មួរ សុខហ៊ួរ ដែលកំពុងធ្វើទស្សនកិច្ចនេះទីនោះ។

ស្របពេលគ្នានេះដែរ លោក មុត ចាន់ថា ជំនួយការផ្ទាល់របស់លោក កឹម សុខា បានអបអរសាទរតាមរយៈគណនីយហ្វេសប៊ុកថា៖ យើងសូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះជ័យលាភីនេះ ដែលត្រូវបានប្រគល់ជូន ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ក្នុងបុព្វហេតុដ៏ថ្លៃថ្លាដើម្បីលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសន្តិភាព។

លោក មុត ចាន់ថា បន្តថា៖ នេះជាការលះបង់ និងការប្តេជ្ញាពិតមិនអាចប្រកែកបានរបស់ ឯកឧត្តម កឹម សុខា ដើម្បីហេតុសិទ្ធិមនុស្ស សេរី់ភាព និងលទ្ធិប្រជាធិបតេយ្យ សម្រាប់ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ចាប់តាំងពីកាតកើតឡើងវិញនៃព្រះរាជាណាចក្រកម្ពុជាទី២ នៅឆ្នាំ១៩៩៣។ ឯកឧត្តមតែងតែប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍អហិង្សា សន្តិវិធី និងមិនគុំកួនសងសឹក ក្នុងការតស៊ូនយោបាយជិតបីទសវត្សរ៍មកនេះ។ ការផ្សះផ្សារជាតិ និងបង្រួបបង្រួមជាតិខ្មែរ គឺជាការប្តេជ្ញាចិត្ត និងកិច្ចខិតខំមិនចេះរីងស្ងួយរបស់ ឯកឧត្តម កឹម សុខា។

លោកក៏សូមឧទ្ទិសពានរង្វាន់នេះដល់ ឯកឧត្តម កឹម សុខា ក្នុងឱកាសថ្ងៃកំណើតរបស់លោក គឺថ្ងៃទី២៧ ខែមិថុនា ខាងមុខ និងសូមវត្ថុស័ក្តិសិទ្ធក្នុងលោក សូមជួយថែរក្សាអភិបាលឃុំគ្រង ឯកឧត្តម ប្រកបតែនឹងសេចក្តីសុខចម្រើន សុខភាពល្អបរិបូរណ៍ អាយុយឺនយូរ និងព្រះពុទ្ធពរទាំងបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ។ សូម ឯកឧត្តម មេត្តាទទួលបានសេរីភាពពេញបរិបូរណ៍ ដើម្បីបន្តបេសកកម្មសង្រ្គោះ បម្រើ និងការពារជាតិមាតុភូមិ ជានិរន្តតរៀងទៅ។

សូមរំលឹកថាលោក កឹម សុខា ត្រូវបានសមត្ថកិច្ចក្រុងភ្នំពេញចាប់ខ្លួន​នៅ​ម៉ោង​ជាង ១២​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​៣ កញ្ញា ឆ្នាំ២០១៧ ពីបទក្បត់ជាតិ ហើយបច្ចុប្បន្នលោកត្រូវបានតុលាការសម្រេចឃុំខ្លួនក្នុងពន្ធនាគារត្រពាំងថ្លឹង ខេត្តត្បូងឃ្មុំ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post