header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នៅយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ មានបុរស២នាក់ ក្នុងនោះមានម្នាក់ដែលគេស្គាល់ថាជាមន្ត្រីយោធា ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ 1GT-4290 បានបើកបរបញ្រ្ចាសទិស នៅចំណុចវិមានឯករាជ្យ ដែលជាគោលដៅអនុវត្តន៍ច្បាប់ចរាចរណ៍ ហើយមានការប៉ះពារពាក្យសំដីគ្នាជាមួយកម្លាំងសមត្ថកិច្ចដែលកំពុងអនុវត្តច្បាប់ ព្រមទាំងបានចាក់សោរកម៉ូតូរបស់ខ្លួនមិនឲ្យសមត្ថកិច្ចលើកដាក់រថយន្តទៀតផង។

លុះមកដល់នៅវេលាម៉ោង៤ និង១០នាទីរសៀល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ មន្ត្រីយោធាដែលត្រូវសមត្ថកិច្ចចាប់ឃាត់ម៉ូតូកាលពីយប់ថ្ងៃទី២១ ខែមិថុនា ខាងលើ បានជិះរថយន្ត១គ្រឿង ម៉ាកសុីណា ពាក់ស្លាកលេខ ខេមរៈភូមិន្ទ 2-8779 បានឡើងចូលដល់ក្នុងបន្ទប់លោកអភិបាលខណ្ឌ ហើយបានសួរនាំពីបញ្ហា និងករណីនគរបាលចរាចរ រួមទាំងកម្លាំងប្រជាការពារខណ្ឌ ឃាត់ម៉ូតូរបស់ពួកគេដែលជិះបញ្រ្ចាសទិសនៅវិមានឯករាជ្យ។

មិនត្រឹមតែប៉ុននេះ មន្ត្រីយោធាឡើងតាមជើងខោរូបនេះ បាននិយាយទាំងងងឹតងងុលថា «គ្រាន់តែខ្លួនជិះបញ្រ្ចាសផ្លូវសោះ នាំគ្នាព័ទ្ធចាប់ដូចចាប់ចោរ។ ម៉េច? ធ្វើចឹងចង់បានលុយដុំមែនទេ? ស៊ីប្រាក់ខែរាស្រ្ត ធ្វើបាបរាស្រ្ត អញក៏ជាមន្រ្តីរាជការដែរ ឯងកុំភ្លើជាមួយអញ»។

មានមតិខ្លះបានលើកឡើងថា ខ្លួនជាមន្រ្តីយោធា តែមិនគោរពច្បាប់ចរាចរណ៍ ជាពិសេសមិនគោរពបទបញ្ជាសម្តេចតេជោនាយករដ្ឋមន្ត្រីទៅទៀត ដែលទង្វើនេះ ជាគំរូមិនល្អ ហើយធ្វើឲ្យបាត់បង់កិត្តិយសរបស់កម្លាំងប្រដាប់អាវុធជាតិថែមទៀតផង។

ពាក់ព័ន្ធនឹងករណីនេះ ប្រជាពលរដ្ឋរង់ចាំមើលថា មន្ត្រីសមត្ថកិច្ចនឹងសំពងក្បាលជននេះយ៉ាងដូចម្តេច? ខ្លួនឯងជាមន្ត្រីយោធា បែរជានិយាយចេញមកគ្មានច្បាប់នៅក្នុងខ្លួនបន្តិចណាសោះ ខ្លួនអ្នកកាន់ច្បាប់ ខ្លួនជាគំរូដល់ប្រជាពលរដ្ឋ ចុះបើបញ្ចេញចរិតមកបែបនេះ តើប្រជាពលរដ្ឋទៅសង្ឃឹមពឹងអាងនរណាទៀត?៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post