
ភ្នំពេញៈ បញ្ជាការដ្ឋានអង្គរក្ស នឹងធ្វើការការចល័តកងកម្លាំង និងយោធបរិក្ខារ តាមបណ្ដោយផ្លូវជាតិលេខ៥ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ ស្អែកនេះ។
សេចក្តីជូនដំណឹងរបស់បញ្ជាការដ្ឋានអង្គរក្ស ចេញថ្ងៃព្រហស្បតិ៍ ៩កើត ខែមឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ថា សូមជម្រាបជូនអាជ្ញាធរមានសមត្ថកិច្ច តាមបណ្ដោយផ្លូវជាតិលេខ៥ និងអាជ្ញាធររាជធានីភ្នំពេញ ខេត្តកណ្ដាល ឲ្យបានជ្រាបថា បញ្ជាការដ្ឋានអង្គរក្ស នឹងធ្វើការចល័យកងកម្លាំង និងយោធបរិក្ខារ ចេញពីទីបញ្ជាការដ្ឋានអង្គរក្ស នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីទៅចូលរួមក្នុងពិធីព្យុហយាត្រា នៅទីបញ្ជាការយោធភូមិភាគទី៥ (ទីរួមខេត្តបាត់ដំបង) ដែលគ្រោងនឹងប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី៣០ នៃថ្ងៃកំណើតយោធភូមិភាគទី៥ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨។ ក្រោយបញ្ចប់កម្មវិធី ត្រូវចល័តកម្លាំង និងយោធបរិក្ខារត្រឡប់មកទីបញ្ជាការ បញ្ជាការដ្ឋានអង្គរក្សនៅតាខ្មៅ ខេត្តកណ្ដាលវិញ។
សេចក្តីដូចបានជម្រាបជូនខាងលើនេះ សូមអាជ្ញាធរមានសមត្ថកិច្ច តាមបណ្ដោយផ្លូវជាតិលេខ៥ និងអាជ្ញាធររាជធានីភ្នំពេញ ខេត្តកណ្ដាល មេត្តាជ្រាប និងផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវ កុំឲ្យមានការភា្ញក់ផ្អើល ជាពិសេសក្រែងមានជនអគតិមួយចំនួនយកទៅឃោសនាបំភាន់ខុសពីការពិត៕
