
ភ្នំពេញៈ សណ្ឋាគារ យូ អេង ដែលមានទីតាំងស្ថិតនៅ តាមដងផ្លូវសហព័ន្ធរុស្សី បុរីញូវថោន ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ សំបូរដោយភ្ញៀវជាតិ និងអន្តរជាតិ និយមចូលស្នាក់នៅ ក៏ប៉ុន្តែមកដល់វេលាម៉ោង១រសៀល ថ្ងៃសុក្រ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨នេះ មានការភ្ញាក់ផ្អើល បន្ទាប់ពីជនបរទេសម្នាក់ដេកស្លាប់ក្នុងបន្ទប់លេខ២១៨ ជាន់ទី២។
ប្រជាពលរដ្ឋបានឲ្យដឹងថា សណ្ឋាគារខាងលើ កាលពីរសៀលថ្ងៃកើតហេតុ មានជនជាតិអាមេរិចកាំងម្នាក់ដេកស្លាប់ក្នុងបន្ទប់ជាន់ទី២ បង្កឲ្យមានការភ្ញាក់ផ្អើល តែត្រូវបានម្ចាស់សណ្ឋាគារមួយនេះ ព្យាយាមលាក់បាំង ក្លាចក្រែងផ្អើលដល់មជ្ឈដ្ឋានខាងក្រៅ។

តាមប្រភពដោយឡែកមួយទៀតបានឲ្យដឹងថា ជនបរទេសដែលស្លាប់ក្នុងសណ្ឋាគារខាងលើឈ្មោះ ZILBER ZWEIG HOWARD ភេទប្រុស អាយុ៤៦ឆ្នាំ ជាជនជាតិអាមេរិក កាន់លិខិតឆ្លងដែនលេខ 465019523។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលមានការភ្ញាក់ផ្អើល ខណៈអ្នកសម្អាតបន្ទប់ ដើរសម្អាតដល់បន្ទប់ខាងលើ ក៏បានគោះទ្វារហៅ តែពុំមានសូរឆ្លើយតបសោះ ទើបអ្នកសម្អាតបន្ទប់ដើរប្រាប់ទៅអ្នកគ្រប់គ្រប់ ឲ្យយកកាតអូសបើកទ្វារចូល ស្រាប់តែបុរសជាជនបរទេសខាងលើ ដេកស្លាប់ផ្កាប់មុខនៅលើគ្រែ ទើបផ្អើលឆោឡោ រួចរាយការណ៍ស្ងាត់ៗទៅសមត្ថកិច្ចឲ្យចុះមកពិនិត្យតែម្តង។

បើតាមសន្តិសុខយាមនៅសណ្ឋាគារខាងលើបានឲ្យដឹងថា កាលពីវេលាកើតហេតុខាងលើ មានមនុស្សស្លាប់ពិនមែន តែចំពោះមូលហេតុ ខ្លួនមិនបានដឹងឡើយ ក្រោយកើតហេតុ ឃើញសមត្ថកិច្ចចុះមកពិនិត្យ ហើយដឹកសាកសពចេញទៅបាត់។
តែបើតាមអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ក្រោយពីជំនាញពិនិត្យរួចដឹកសាកសពទៅតម្កល់ទុកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅពេទ្យរុស្សី រង់ចាំរាយការណ៍ទៅស្ថានទូត និងសាច់ញាតិមកទទួល៕
