header ads

Sponsor

ពិសី

ភ្នំពេញៈ អ្នកនំាពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សាម អ៊ីន បានអះអាងថា ឆ្លងកាត់ការចុះតាមមូលដ្ឋាន ក្នុងការផ្សព្វផ្សាយពីគោលនយោបាយរបស់ខ្លួន ទៅកាន់ប្រជាពលរដ្ឋ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលបង្កើតឡើងដោយភាគជាច្រើន មកពីក្រុមសង្គមស៊ីវិល បានអះអាងចំនួនអ្នកទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ មានប្រមាណ ៦០% ទី៧០% ។

លោកបញ្ជាក់ថា “តាមការស្ទាប់ស្ទង់ និងវាយតម្លៃរបស់ក្រុមការងារប្រជាធិបតេយ្យមូលដ្ឋាន យើងគិតថា ប្រជាពលរដ្ឋទៅបោះឆ្នោត មិនតិចជាង៦០% គឺអាចចន្លោះពី ៦០% ទៅ ៧០% នៃចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត” ។

ការលើកឡើងរបស់អ្នកនាំពាក្យគណបក្សមូលដ្ឋាន ស្រដៀងនឹងការលើកឡើង របស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ប៉ុន្តែមានការផ្ទុយពីលើកឡើងរបស់ក្រុមអតីតគណបក្សសង្គ្រោះជាតិថា ការបោះឆ្នោតនៅពេលខាងមុខនេះ នឹងមិនមែនអ្នកចូលរួមច្រើន នោះទេ ។ ពិសេស នោះអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅ ក្រៅប្រទេស បានអំពាវនាវកុំឲ្យប្រជាជនទៅបោះឆ្នោតថែមទៀត ។

យ៉ាងណាក្តីលោក សាម អ៊ីន បានអះអាងថា ការអំពាវនាវរបស់ក្រុមប្រឆាំង កុំឲ្យប្រជាជនទៅបោះឆ្នោត នឹងមិនទទួលបានជោគជ័យច្រើននោះទេ ។ លោកថា “អីញ្ចឹង យើងគិតថា យុទ្ធានាធ្វើពហិការនឹង តាមយល់ឃើញរបស់យើង ហាក់ដូចជាមិនទទួលបានជោគជ័យច្រើននោះទេ” ។

ជាមួយគ្នានោះដែរ ក្នុងនាមគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សាម អ៊ីន បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់គ្នា ព្រោះថា ប្រសិនបើចង់បានថ្នាក់ដឹកនាំល្អ ដែលខ្លួនពេញចិត្ត និងស្រឡាញ់ គួរទៅបោះឆ្នោត ។

លោកថា “ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋ ប្រសិនបើចង់បានរដ្ឋាភិបាលមួយល្អ ដែលស្អាតស្អំ ដែលតំណាងប្រជាពលរដ្ឋពិតប្រាកដ គឺត្រូវទៅបោះឆ្នោត ព្រោះថា ការដេកផ្ទះមិនទទួលបានអ្វីនោះទេ ។ គាត់ត្រូវស្វែងយល់គណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងបានគ្រប់ ស្វែងយល់ពីគោលនយោបាយ ស្វែងពីក្រុមដឹកនាំគណបក្សនយោបាយ ជីវប្រវត្តិថ្នាក់ដឹកនាំគណបក្សនយោបាយជាដើម” ។

លោកក៏បានស្នើឲ្យពលរដ្ឋសិក្សាពីប្រវត្តិថ្នាក់ដឹកនាំ ដែលធ្លាប់ឆ្លងកាត់ការលំបាក និងធ្វើការជាមួយប្រជាពលរដ្ឋ និងមានគោលនយោបាយល្អៗ ដើម្បីបម្រើការខ្លួន។ អីញ្ចឹងសុំប្រជាពលរដ្ឋកុំមានការភ័យខ្លាច ក្នុងការជ្រើសរើសថ្នាក់ដឹកនាំ ដែលខ្លួនពេញចិត្ត ក្នុងការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រ ដែលកាន់តែខិតជិតមកនៅពេលខាងមុខនេះ ។

សូមជម្រាប ការលើកឡើងរបស់អ្នកនំាពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ស្របពេលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបិទផ្សព្វផ្សាតបញ្ជីឈ្មោះអ្នកបោះឆ្នោត ចំនួន ៨.៣៨០.២១៧នាក់ នៅតាមការិយាល័យ ចំនួន២២៩៦៧ នៅទូទាំងរាជធានី/ខេត្ត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post