header ads

Sponsor

ពិសី

ភ្នំពេញៈ បុគ្គលិករបស់ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ “ភ្នំពេញ សូរិយា” ចំនួន៣នាក់ ក្នុងចំណោមជនសង្ស័យ៦នាក់ អាចជាប់ពាក់ព័ន្ធនឹងការនាំចូលគ្រឿងញៀនជាង១០០គីឡូក្រាម ឆ្លនដែនពីប្រទេសឡាវ មកកម្ពុជា ដោយការលាក់ទុកក្នុងរថយន្តក្រុងរបស់ក្រុមហ៊ុន “ភ្នំពេញ សូរិយា” ហើយត្រូវកម្លាំងសមត្ថកិច្ចជំនាញនៅច្រកអន្តរជាតិត្រពាំងក្រៀល បង្ក្រាបបានកាលពីពីរថ្ងៃមុន។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ឲ្យដឹងនៅមុននេះបន្តិច។

អគ្គស្នងការរងនគរបាលជាតិ ទទួលផែនគ្រឿងញៀន នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ប្រាប់អង្គភាពសារព័ត៌មាន Cam Post នៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះថា បុគ្គលិកទាំង៣នាក់ របស់ក្រុមហ៊ុន “ភ្នំពេញ សូរិយា” ដឹកជញ្ជូនអ្នកដំណើរ រួមមានអ្នកបើកបររថយន្ត ព្រូរថយន្ត និងអ្នកបកប្រែម្នាក់នោះ អាចជាប់ពាក់ព័ន្ធនឹងការនាំគ្រឿងញៀនឆ្លងដែនពីប្រទេសឡាវ ចូលមកកម្ពុជា ជាង១២០គីឡូក្រាម ដែលសមត្ថកិច្ចបង្ក្រាប និងឃាត់ខ្លួនក្នុងចំណោមជនសង្ស័យទាំង៦នាក់។ ដោយឡែក រថយន្តក្រុង ដែលជាមធ្យោបាយដឹកជញ្ជូនបទល្មើស ក៏មិនអាចដោះលែងបាននោះទេ។

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ៖ “បុគ្គលិករបស់ “ភ្នំពេញ សុរិយា” ៣នាក់ អាចជាប់ពាក់ព័ន្ធគ្រឿងញៀន។ ដោយឡែក៣នាក់ទៀត អាចមិនជាប់ពាក់ព័ន្ធទេ... យើងរង់ចាំមើលថា តើព្រះរាជអាជ្ញាសម្រេចយ៉ាងណា? គាត់ជាអ្នកទទួលបញ្ញើពិតប្រាកដ ឬអ្នកពាក់ព័ន្ធ... ឡានក៏ជាមធ្យោបាយពាក់ព័ន្ធបទល្មើសគ្រឿងញៀនហ្នឹងដែរ”

អគ្គស្នងការរងរូបនេះ ក៏បញ្ជាក់បន្ថែមថា ករណីបង្ក្រាប និងទប់ស្កាត់បទល្មើសគ្រឿងញៀនឆ្លងដែនដ៏សម្បើមនេះ កំពុងស្ថិតក្នុងការសាកសួររបស់កម្លាំងនគរបាលជំនាញខេត្តស្ទឹងត្រែង ហើយអាចនឹងបញ្ជូនទៅតុលាការ នៅរសៀលថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែមិថុនានេះ ដើម្បីចាត់ការបន្តតាមច្បាប់។

គួរបញ្ជាក់ថា គ្រឿងញៀនប្រមាណ១២០ដុំ មាន​ទម្ងន់​ជាង១២០​គីឡូក្រាម ត្រូវបានកម្លាំងនគរបាល​ប្រឆាំងគ្រឿងញៀន​ នៃក្រសួងមហាផ្ទៃ ធ្វើការបង្ក្រាប​បាន ព្រមទាំងឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ផងដែរ ​កាលពីរសៀល​ថ្ងៃ​ទី២៦ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចច្រក​ទ្វារអន្តរជាតិត្រពាំង​ក្រៀល ព្រំដែន​កម្ពុជា​-​ឡាវ ខណៈ​ក្រុម​ឈ្មួញ​ដឹក​ចេញពី​ប្រទេស​ឡាវ ​ចូល​មកក្នុងប្រទេស​កម្ពុជា។

មន្រ្តីច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ក្រៀល ​ក្រុង​ស្ទឹង​ត្រែង ឲ្យ​​ដឹងថា ថ្នាំ​ញៀនដែលចាប់បានទាំងនេះ មាន​ចំនួន​១២០​ដុំធំៗ ជាប្រភេទម៉ាកទឹកកក អ៊ិចស្ដាហ្ស៊ី ដែលមានទម្ងន់១២០គីឡូក្រាម ត្រូវ​បាន​​រក​ឃើញ​នៅក្នុងរថយន្តក្រុង​ដឹក​អ្នកដំណើររបស់ក្រុមហ៊ុន «ភ្នំពេញ សូ​រិ​យា» ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-2671 ខណៈ​កំពុងធ្វើដំណើរចេញពីច្រកទ្វារអន្តរជាតិ និង​បន្ត​គោលដៅ​ទៅ​រាជធានី​ភ្នំពេញ​។

ប្រភពដដែលបន្ត​ថា ថ្នាំ​ញៀន​​ដ៏​​ច្រើននេះ ​ត្រូវ​បាន​នាំ​ចេញពី​ប្រទេស​ឡាវ កាលពី​វេលា​ម៉ោង​ជាង​៣​រសៀល​ ថ្ងៃ​ទី​២៦​​ ខែមិថុនា​ ឆ្នាំ២០១៨​។ ក្នុងការបង្ក្រាបគ្រឿងញៀននេះ សមត្ថកិច្ចក៏​បាន​ឃាត់​ខ្លួនបុរស៦​នាក់ ដែល​មានការ​ពាក់ព័ន្ធ រួមមានទី១-ឈ្មោះ ឈៀវ ធារ៉ូ ភេទប្រុស អាយុ៣៥ឆ្នាំ​, ទី២-ឈ្មោះ ហែម សាវ៉ន ភេទប្រុស អាយុ៣៥ឆ្នាំ, ទី៣-ធៀវ តុងហៃ ភេទប្រុស អាយុ៣៧ឆ្នាំ​ ព្រមទាំងបុគ្គលិកក្រុមហ៊ុនដឹកអ្នកដំណើរ “ភ្នំពេញ សូរិយា” ចំនួន៣នាក់ រួមមាន ទី១-​ឈ្មោះ ញឹម សុខ​ជា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ, ទី២-​ឈ្មោះ សៅ ប្រុស ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ និងទី៣-​ឈ្មោះ ស បុ​ប្ជា ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ​។ ជនសង្ស័យទាំង៣នាក់នេះ ជាអ្នក​បើកបររថយន្ត ព្រូរថយន្ត និងអ្នកបកប្រែ ដែលសមត្ថកិច្ចឃាត់បានដំបូងគេបង្អស់។

សម្រាប់ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងដែនដ៏សម្បើមនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៧​ ខែមិថុនា ឆ្នាំ២០១៨នេះ បានចេញសារលិខិតសរសើរដល់បណ្តានគរបាល នៃប៉ុស្តិ៍នគរបាលច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀល នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលមានស្នាដៃយ៉ាងធំធេង ក្នុងការបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនប្រភេទមេតំហ្វេតាមីនគ្រីស្តាល់ ហៅម៉ាទឹកកកដ៏ធំ ចំនួន១២០គីឡូក្រាម កាលពីថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០១៨ នៅចំណុ​ចច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល ក្នុងខេត្តស្ទឹងត្រែង (ព្រំដែនកម្ពុជា-ឡាវ)៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post