header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ កម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបទីតាំងស្តុកឈើ៣កន្លែងដាច់ដោយឡែកពីគ្នា  ដែលជាប្រភេទឈើស្រឡៅ កកោះ និងសុក្រម មានមុខកាត់ឡាំងឃ្លុំបួនជ្រុង ៤០.៥០.៦០ ម៉ែត្រ ប្រវែង៣ម៉ែត្រ ទៅដល់៦ម៉ែត្រ ចំនួន៤៣កំណាត់ ដោយក្រុមឈ្មួញបានដឹកយកទៅលាក់ទុកនៅក្នុងព្រៃ ក្បែរក្រុមហ៊ុន៩៥ចាស់ ជាយូរខែមកហើយ ទើបតែពេលនេះត្រូវបែកការ។

ប្រតិបត្តិការនេះ សមត្ថកិច្ចធ្វើឡើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃអាទិត្យ ទី២៤ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ។

ការចុះបង្ក្រាបខាងលើនេះ មានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយអភិបាលរងស្រុកកូនមុំ កម្លាំងអាវុធហត្ថខេត្ត កម្លាំងអាវុធហត្ថស្រុក កម្លាំងយោធាស្រុក កម្លាំងអធិការនគរបាលស្រុក កម្លាំងប៉ុស្តិ៍រដ្ឋបាល និងកម្លាំងជំនាញរដ្ឋបាលព្រៃឈើលំផាត់ ដោយមានការសម្របសម្រួលពីលោក បូរ៉ា រ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ។

មុនពេលចុះបង្ក្រាប សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានគំនរឈើជាច្រើនកន្លែង ដែលក្រុមឈ្មួញបានយកទៅលាក់ទុកក្នុងព្រៃមិនទាន់បានដឹកចេញ។ ហើយជាមួយគ្នានោះ ក៏មានអ្នកសារព័ត៌មានបានដើរជួបប្រទះឃើញឈើទាំងនេះពិតប្រាកដមែន ក៏សុំយោបល់ពីឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយលោកបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ប្រចាំនៅខេត្តរតនគិរី សហការជាមួយកម្លាំងអាវុធហត្ថខេត្តឲ្យចុះបង្ក្រាបភ្លាមៗផងដែរ។

ប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ថា ឈើទាំងនោះ ត្រូវបានគេស្គាល់ឈ្មោះ គឿង ភេទប្រុស ជាឈ្មួញឈើដុះស្លែជាយូរឆ្នាំមកហើយដែរ ប៉ុន្តែមិនត្រូវបានសមត្ថកិច្ចជំនាញពាក់ព័ន្ធនឹងអាជ្ញាធរស្រុកទាំងនោះ ចាប់បានម្តងណាឡើយ បើមិនបានផលប្រយោជន៍ពីបទល្មើសព្រៃឈើទេនោះ គេនឹងចុះបង្ក្រាបភ្លាម មិនឲ្យទុកយូរនោះឡើយ ។

បច្ចុប្បន្នឈើទាំងនោះ ត្រូវបានកម្លាំងជំនាញរដ្ឋបាលព្រៃឈើលំផាត់ដឹកជញ្ជូនយកទៅរក្សាទុកជាបណ្តោះអាសន្ន នៅបរិវណអធិការដ្ឋាននគរបាលស្រុកកូនមុំ ដើម្បីរង់ចាំដឹកបន្តមកផ្នែករដ្ឋបាលព្រៃឈើលំផាត់ ដោយសារស្ថានភាពផ្លូវពិបាកក្នុងដឹកជញ្ជូន។

សូមបញ្ជាក់ថា ការចុះបង្ក្រាបឈើចំនួន៤៣កំណាត់នេះ សមត្ថកិច្ចមានការរារែកក្នុងការចុះបង្ក្រាប ដោយសម្អាងថា ស្ថានភាពផ្លូវពិបាកក្នុងការដឹកជញ្ជូនឈើចេញ ហើយ ដោយសារមានសម្ពាធពីថ្នាក់លើខ្លាំង ក៏បង្ខំចិត្តចុះបង្ក្រាបតែម្ដង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post