header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ​យោងតាមការឲ្យ​ដឹងពីតារាចម្រៀង ស៊ូ ដាណេ បានប្រាប់ថា កញ្ញាឌីជេ អាលីយ៉ា បានទទួលមរណភាពហើយនៅវេលាម៉ោង៥នឹង២២ទាទីព្រឹកថ្ងៃទី២៨ មិថុនា​២០១៨នេះ ដោយសពនាងយកទៅតម្កល់វត្តទួលអង្គលោក។ នេះជាដំណឹងសោកស្តាយមួយ ដែលឌីជេមានកម្រិតនិយាយភាសាអង់គ្លេស បានល្អ និងល្បីល្បាញបានលាទៅគ្មានវិលវិញ។ សូមអំពាវនាវដល់សាច់ញាតិគាត់ឲ្យ​ដឹងផង បើខុសឆ្គងបែបណាគួរតែមកជួយគាត់វិនាទីចុងក្រោយនេះ។

កញ្ញា ស៊ូ ដាណេ ការពិត គឺបានលះបង់ពេលវេលាច្រើនជាមួយឌីជេ អាលីយ៉ា នាងពិតជាមានចិត្តបុណ្យដោយក្នុង១ថ្ងៃទៅពេទ្យ២ដងតាំងពីដឹងថា អាលីយ៉ា ឈឺធ្ងន់ដុនដាបនៅកាល់ម៉ែត្រ។ នាងទៅជួយផ្លាស់ខោអាវលាងខ្លួនជូនលាមកឲ្យ​ អាលីយ៉ា ដោយទ្រាំមិនបាន ឃើញសភាព អាលីយ៉ា នោមផងបត់ជើងធំនៅតែលើគ្រែដេក។ ព្រោះតែក្តីអាណិត ទើប ស៊ូ ដាណេចុះទៅជួយ ដោយមិនអាចទ្រាំមើលនឹងភ្នែកបាន ពិសេសអាលីយ៉ា អត់ញាតិមើលថែ នេះជាកាយវិការល្អក្នុងនាមអ្នកសិល្បៈ។

មុនពេលធ្លាក់ខ្លួនឈឺរហូតចូលសម្រាកនៅបន្ទប់សង្គ្រោះបន្ទាន់គួរឲ្យអាសូរ អាលីយ៉ា ធ្លាប់បានសាងស្នាដៃជាច្រើនក្នុងសង្គមសិល្បៈ បូករួមទាំងការងារសប្បុរសធម៌ជាហូរហែរ។

អំឡុងខែមិថុនា ឆ្នាំ២០១២ អាលីយ៉ា បានផ្តើមគំនិតក្នុងការប្រមូលថវិកាមួយចំនួនពីមិត្តរួមអាជីព និងក្រៅរង្វង់សិល្បៈ ដើម្បីជូនដល់វីរសិល្បករចាប៉ីដ៏ល្បីល្បាញលោកតាភិរម្យ ប្រាជ្ញ ឈួន។ នាងក៏បានដឹកនាំអ្នកសិល្បៈ និងក្រុមការងារមួយចំនួនចុះទៅសាកសួរសុខទុក្ខវីរសិល្បករខាងលើដោយផ្ទាល់ដល់ស្រុកកំណើតភូមិសម៉ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។ អ្វីដែលគេកាន់តែកោតសរសើអំពីទឹកចិត្តនាង គឺក្នុងអំឡុងខែកក្កដា ឆ្នាំ២០១២ នាងក៏បានផ្តួចផ្តើមបង្កើតព្រឹត្តិការណ៍ប្រគំតន្ត្រី និងសម្តែងទស្សនីយភាពសិល្បៈដ៏ធំមួយ ​ ​នៅ​សាល​មហោស្រព​ចតុមុខ​មាន​ ឈ្មោះ​ថា​«​តន្រ្តី​មនុស្ស​ធម៌​រៃអង្គាស​ប្រាក់​ជួយ​កុមារ​កំព្រា»​។ គេក៏ចាប់អារម្មណ៍ទៅលើសកម្មភាពនៃការចូលរួមដោយស្ម័គ្រចិត្តរបស់តារាស្រីរូបនេះជាមួយសិល្បករដទៃក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តជាច្រើនឆ្នាំបន្តបន្ទាប់គ្នាផងដែរ។

មុនពេលបាត់មុខពីការងារសិល្បៈកាលពីអំឡុងចុងខែកញ្ញា ឆ្នាំ២០១៦ តារាស្រីរូបនេះ ធ្លាប់បានចូលរួមដោយស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីសប្បុរសធម៌នៅសាកលវិទ្យាល័យន័រតុន ដើម្បីរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។ នៅមានសកម្មភាពសង្គមជាច្រើនទៀតដែលតារាស្រីរូបនេះធ្លាប់បានចូលរួមចំណែកជាមួយសិល្បករដទៃជួយដល់សង្គម៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post