header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កម្លាំងនគរ​បាលខណ្ឌមានជ័យ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរ​បាល​រាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និង​កម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន បានសហការគ្នាស្រាវជ្រាវ និងឃាត់ខ្លួនក្រុមចោរប្លន់បានជាបន្តបន្ទាប់សរុបចំនួន៦នាក់ បន្ទាប់ពីពួកគេធ្វើសកម្មភាពយកដុំថ្មវាយប្លន់យកម៉ូតូ១គ្រឿង​ កាលពីម៉ោង​៣៖១៥នាទីទៀបភ្លឺ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨  នៅចំណុចមុខផ្ទះសំណាក់យីហោ៣៤២ ផ្លូវ២៧១ ក្រុមទី៥ ភូមិ៥ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

លោក ណេង​ សាមឿន​ នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ ឲ្យដឹងថា ជនសង្ស័យឃាត់ខ្លួនបានទាំង៦នាក់ រួមមាន ទី១-ឈ្មោះ ឃុត ភារម្យ ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅផ្ទះគ្មានលេខ ផ្លូវ៣៦៩ ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ មុខរបរកម្មករសំណង់, ទី២-ឈ្មោះ គង់ ម៉េង ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅផ្ទះលេខ១០៧ ផ្លូវលំ ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ មុខរបរជាងឡាន, ទី៣-ឈ្មោះ បាន ធៀនហ្វូ ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅផ្ទះគ្មានលេខ ផ្លូវ៣៦៩ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ មុខរបរមិនពិតប្រាកដ, ទី៤-ឈ្មោះ លី ឌីណា ហៅហួរ ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅផ្ទះលេខ៤២ ផ្លូវលំ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ មុខរបរមិនពិតប្រាកដ, ទី៥-ឈ្មោះ ហាក់ ភារម្យ ហៅ ថាក់ ភេទប្រុស អាយុ១៨ឆ្នាំ ផ្ទះលេខ៦២៤ ផ្លូវលំ ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា​ ខណ្ឌច្បារអំពៅ មុខរបរមិនពិតប្រាកដ និងទី៦-ឈ្មោះ យឹម វាសនា ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ មុខរបររត់តុការ។ ចំណែកឯជនរងគ្រោះឈ្មោះ នូ សុវណ្ណារិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ ទីលំនៅផ្ទះលេខ0R6 ផ្លូវបេតុង ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ មុខរបរយោធា។

វត្ថុតាងចាប់យកបានមានម៉ូតូចំនួន៤គ្រឿង រួមមាន ម៉ូតូម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1GV 9242 (ជារបស់ជនរងគ្រោះ), ម៉ាក ស៊ុយស៊ូគី លេត ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1GT-8765, ម៉ាក ​ហុងដាប៊ីត ពណ៌ផ្កាឈូកលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GB 1717 និងម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខ សៀមរាប 1J-9264 និងដុំឥដ្ឋការ៉ូឡាចំនួន១ដុំ (ជាមធ្យោបាយជនសង្ស័យសម្រាប់ធ្វើសកម្មភាព)។

លោកមេប៉ុស្ដិ៍បន្តថា កាលពីវេលាម៉ោង៣៖១៥នាទីទៀបភ្លឺ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ ជនរងគ្រោះឈ្មោះ នូ សុវណ្ណារិទ្ធ និងឈ្មោះ ចាន់ សេរីរ័ត្ន ព្រមទាំងមិត្តភក្កិ៤នាក់ទៀត (មិនចាំឈ្មោះ) បានជិះម៉ូតូចំនួន៣គ្រឿង ចេញពីក្លឹបកំសាន្ត Play នៅផ្លូវ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រឡប់មកផ្ទះវិញ ដោយជនរងគ្រោះជិះឌុបមិត្តភ័ក្កិម្នាក់ទៀត (មិនចាំឈ្មោះ)។ ពេលមកដល់ចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ ស្រាប់តែមានជនសង្ស័យចំនួន១០នាក់ ឈ្មោះ ឃុត ភារម្យ, ឈ្មោះ គង់ ម៉េង, ឈ្មោះ បាន ធៀនហ្វូ, ឈ្មោះ លី ឌីណា ហៅ ហួរ, ឈ្មោះ ហាក់ ភារម្យ ហៅ ថាក់, ឈ្មោះ ឆាង, ឈ្មោះ ផល្លា ហៅ ឡា និងបក្ខពួក៣នាក់ទៀត មិនទាល់ស្គាល់ឈ្មោះ ជិះម៉ូតូចំនួន៦គ្រឿង (ម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ចំនួន៣គ្រឿង, ម៉ាកប៊ីត ពណ៌ផ្កាឈូកលាយខ្មៅ ចំនួន២គ្រឿង និងម៉ាក Let's ពណ៌ខៀវ ចំនួន១គ្រឿង) បានធ្វើសកម្មភាពដេញវាយភាគីជនរងគ្រោះឈ្មោះ នូ សុវណ្ណារិទ្ធ រហូតមកដល់ចំណុចមុខផ្ទះសំណាក់យីហោ៣៤២ ផ្លូវលេខ២៧១ ក្រុមទី៥ ភូមិ៥ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ (ចំណុចកើតហេតុ)។ ក្រុមជនសង្ស័យ បានយកដុំថ្មវាយទៅលើជនរងគ្រោះឈ្មោះ នូ សុវណ្ណារិទ្ធ បណ្តាលឲ្យរបួសបែកលើចិញ្ចើមខាងឆ្វេង ដួលម៉ូតូទៅលើផ្លូវ ហើយភ្លាមនោះ ជនសង្ស័យឈ្មោះ ផល្លា ហៅ ឡា បានមកលើកយកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនបាត់។ ទន្ទឹមនោះ កម្លាំងល្បាតនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក នៃអធិ​ការដ្ឋាននគរបាលខណ្ឌចំការមន ដេញចាប់ជនសង្ស័យបានចំនួន២នាក់ ឈ្មោះ ឃុត ភារម្យ និងឈ្មោះ គង់ ម៉េង នៅចំណុចមុខមជ្ឈមណ្ឌលកម្សាន្ត Rock សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ព្រមទាំងបានដកហូតម៉ូតូ១គ្រឿង​ម៉ាក Suzuki Let's ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1GT-8765 យកមកធ្វើការសាកសួរនៅស្នាក់ការនគរ​បាលប៉ុស្តិ៍ស្ទឹងមានជ័យទី២។

វរសេនីយ៍ឯក​ ម៉េង វិមានតារា​ អធិការរងនគរបាលខណ្ឌមានជ័យ ប្រាប់ភ្នាក់ងារ Cam Post ឲ្យដឹងថា ក្រោយពីកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ២ ឃាត់ខ្លួនបានបក្ខពួកយកមកសាកសួរនៅប៉ុស្តិ៍ហើយ ទើបនៅវេលាម៉ោង៩៖០០នាទីព្រឹក ថ្ងៃទី២០ ខែមិថុនា​ ឆ្នាំ២០១៨នេះ កម្លាំងនគរ​បាលខណ្ឌមានជ័យ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរ​បាល​រាជធានីភ្នំពេញ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានសហការគ្នាចុះធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់បន្ថែមទៀត ដោយបានដកហូតម៉ូតូចំនួន២គ្រឿង ហើយនាំជនសង្ស័យទាំង៤ យកទៅចង្អុលបង្ហាញផ្ទះរបស់ជនសង្ស័យឈ្មោះ ផល្លា ហៅ ឡា ក៏បានដកហូតម៉ូតូរបស់ជនរងគ្រោះឈ្មោះ នូ សុវណ្ណារិទ្ធ ពីឈ្មោះ ស្វាយ លាភ ត្រូវជាម្តាយរបស់ជនសង្ស័យឈ្មោះ ផល្លា ហៅ ឡា ដែលជិះយកមកលាក់ទុកក្នុងផ្ទះ រួចក៏បានបញ្ជូនជនសង្ស័យទាំង៤នាក់ មកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២។ ចំណែកជនសង្ស័យឈ្មោះ ផល្លា ហៅ ឡា​, ឈ្មោះ ឆាង និងបក្ខពួក៣នាក់ទៀត មិនស្គាល់ឈ្មោះ បានរត់គេចខ្លួនបាត់។

បច្ចុប្បន្ន​​ជន​សង្ស័យទាំង៦នាក់ខាងលើ កំពុងឃាត់​ខ្លួនបណ្ដោះអាសន្ននៅ​អធិការដ្ឋាននគរ​បាល​ខណ្ឌមានជ័យ ដើម្បី​ធ្វើការសាកសួរ និងកសាង​​សំណុំ​រឿងចាត់តាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post