header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ គូស្នេហ៍ស្រស់សោភាមួយគូ ជិះម៉ូតូមួយគឿង ក្នុងល្បឿនយ៉ាងលឿនជ្រុលទៅបុកគូទរថយន្តមួយគ្រឿងទៀត បណ្តាលឲ្យរងការខូចខាតបន្តិចបន្តួចប៉ុណ្ណោះ តែដោយសារដោះស្រាយមិនត្រូវគ្នា ភាគីខាងបុរសបានឡើងជិះម៉ូតូរត់គេចខ្លួនបាត់ បន្សល់ទុកនារីជាសង្សារឲ្យសងគេជំនួស។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០៖១០នាទីយប់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចស្តុបផ្សារដីហុយ តាមបណ្តោយផ្លូវ១៩៨៦ កែងផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សាក្សីឃើញហេតុការណ៍ រៀបរាប់ប្រាប់ភ្នាក់ងារ CAM​ POST​ ថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿងម៉ាក Highlander ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2V-6084 ធ្វើដំណើរតាមបណ្តោយផ្លូវ១៩៨៦ ក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុ រថយន្តខាងលើបម្រុងបត់ឆ្វេងទៅផ្លូវហាណូយ ពេលនោះស្រាប់តែមានម៉ូតូមួយ​គ្រឿង​ទៀត​ម៉ាក Ducati​ ពណ៌ក្រហម គ្មានស្លាកលេខ ​បើកបរ​ដោយបុរសម្នាក់ ឌុបនារីម្នាក់ទៀត ​ដែលជាសង្សារ​នឹងគ្នា បានជិះមកពីក្រោយ​ក្នុងល្បឿនយ៉ាងលឿន​ រួច​ក៏​ជ្រុល​ទៅ​បុក​គូទ​រថយន្តចំ​ពី​ក្រោយ​ចំហៀង​ខាង​ឆ្វេង​ពេញ​ទំហឹង​ បណ្តាលឲ្យ​ផុងកាង​ និង​បែក​ស្តុបបន្តិចបន្តួច​ប៉ុណ្ណោះ តែ​មិន​បង្ក​ឲ្យ​មាន​អ្នក​រង​របួស​នោះ​ទេ​។

សាក្សីបានបន្ថែមថា បន្ទាប់​មក ​ភាគី​ទាំង​សងខាងក៏​បានដោះស្រាយគ្នា ដោយ​ភាគី​ខាង​រថយន្ត​បាន​ទាមទារ​សំណង​ចំនួន​១០០ដុល្លារប៉ុណ្ណោះ​ ពីភាគី​ខាង​ម៉ូតូតែបុរសម្ចាស់​ម៉ូតូព្រមសងតែ៥០ដុល្លារទេ ធ្វើឲ្យ​ការដោះស្រាយ​មិនត្រូវគ្នា ទើប​មួយសន្ទុះក្រោយមក បុរសដែល​ជាអ្នក​បើកបរ​ម៉ូតូ​បានសុំសងសំ​ណងទៅភាគី​ខាង​រថយន្ត​ចំនួន​៦០ដុល្លារ​ ដើម្បីបញ្ចប់រឿង​ តែ​ភាគី​ខាង​រថយន្ត​មិន​ព្រម​ទទួល​ទេ​។ ភ្លាម​នោះ ​បុរស​ជាអ្នកបើក​ម៉ូតូ​បានឡើងម៉ូតូរបស់ខ្លួនជិះទៅបាត់ បន្សល់ទុកនារីជាសង្សារនៅ​នឹងកន្លែងកើតហេតុ។

ក្រោយ​ពេល​កើត​ហេតុ ​នារីរូបស្រស់ ដែលជាសង្សារបុរសម្ចាស់ម៉ូតូបានហៅម៉ូតូ​ឌុបបម្រុងជិះ​ចេញ​ពី​កន្លែង​កើត​ហេតុ​ដែរ តែ​ត្រូវ​អ្នកបើកបររថយន្តឃាត់​មិនឲ្យទៅក៏បង្កឲ្យមានការឈ្លោះប្រកែកយ៉ាងតឹងសរសៃក​ដាក់គ្នា ទើបមួយសន្ទុះក្រោយ​មក​នារីរូបស្រស់ ព្រមជួយចេញសំណងជំនួសសង្សាររបស់ខ្លួនចំនួន៥០ដុល្លារ ឲ្យទៅ​ភាគីខាងរថយន្ត​ ក៏ភាគី​ខាង​រថយន្តយល់​ព្រម​ទទួល​យក​ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post