header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីជននេះ ប៉ុនប៉ងរំលោភនារីម្នាក់ នៅវេលាម៉ោង៩ព្រឹក​ ថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨នេះ នៅចំណុចក្នុងផ្ទះជួលលេខ៣៣២B ក្រុម២ ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ជនសង្ស័យឈ្មោះ មាស សុភាព ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងដែក ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។ ចំណែកនារីរងគ្រោះឈ្មោះ វ.ស.ប អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ខណ្ឌសែនសុខ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះ និងជនសង្ស័យ មានផ្ទះជិតគ្នា។ ខណៈយប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ ជនរងគ្រោះ និងជនសង្ស័យបានអង្គុយផឹកស៊ីជិតគ្នានៅក្នុងភូមិ ដោយមានមិត្តភ័ក្ត្រចូលរួមជាមួយ។ រហូតដល់ម៉ោង១១យប់ ជនរងគ្រោះ និងជនសង្ស័យបានឈប់ផឹកស៊ី រួចត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន។ លុះពេលយប់ជ្រៅ ជនសង្ស័យបានលបទៅតោងជញ្ចាំងចូលក្នុងផ្ទះរបស់នារីរងគ្រោះ បម្រុងធ្វើសកម្មភាពចាប់រំលោភ តែនៅពេលនោះនារីរងគ្រោះដឹងខ្លួន ក៏បានស្រែកផ្អើលឆោឡោ ឮដល់ឪពុកនាង ហើយជនសង្ស័យក៏លោតចេញពីក្នុងផ្ទះគេចខ្លួនបាត់។

លុះដល់ព្រឹកថ្ងៃទី៤ ខែមិថុនា នារីរងគ្រោះ និងក្រុមគ្រួសារបានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង។ រហូតដល់ថ្ងៃទី៨ ខែមិថុនា​ ឆ្នាំ២០១៨ សមត្ថដកកិច្ចក៏បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យយកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង។

បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួន ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post