header ads

Sponsor

ពិសី

ភ្នំពេញៈ ចូលដល់រដូវកាល​បាល់ទាត់​ពិភពលោក​ ឬជាភាសាអង់គ្លេសហៅថា World Cup បានធ្វើឲ្យបទល្មើស​ លួច​ ឆក់​ ប្លន់ កាន់តែកក្រើកឡើង​ឥតល្ហែនៅរាជធានីភ្នំពេញ ទាំងយប់ទាំងថ្ងៃ។ ជាក់ស្ដែង​ នារីជាអ្នកបម្រើការខារ៉ាអូខេម្នាក់ ត្រូវបានក្រុមចោរធ្វើសកម្មភាពឆក់កាបូបស្ពាយបានសម្រេច រួចជិះរត់គេចខ្លួនបាត់ស្រមោល ខណៈពេលកំពុងដើរចេញពីធ្វើការបំណងទៅផ្ទះមិត្តភក្តិ។

ហេតុការណ៍ឆក់ចោរនេះ កើតឡើងកាលពីវេលាម៉ោង២៖២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ ត្រង់ចំណុចខាងក្រោយអតីតខារ៉ាអូខេ ញ៉ូស្តារ តាមបណ្តោយផ្លូវលំបេតុង១០B ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ​។

នារីរងគ្រោះ​ ដែលសុំមិនបញ្ចេញឈ្មោះ ប្រាប់ថា ខ្លួនមានអាយុ២១ឆ្នាំ ជាបុគ្គលិកបម្រើការនៅខារ៉ាអូខេ ញ៉ូស្តារ ស្នាក់នៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក មានស្រុកកំណើតនៅឯខេត្តសៀមរាប។

នារីរងគ្រោះរៀបរាប់ឲ្យភ្នាក់ងារ​ CAM POST ដឹងថា នៅមុនពេលកើតហេតុ​ គាត់បានធ្វើដំណើរថ្មើរជើងតែម្នាក់ឯង តាមបណ្តោយផ្លូវ១០B ក្នុងទិសដៅពីកើតទៅលិច ដែលទើបតែចេញមកពីកន្លែងធ្វើការបំណងដើរទៅផ្ទះរបស់មិត្តភ័ក្ត ដែលនៅក្បែរកន្លែងកើតហេតុ។ លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែលេចមុខក្រុមជនសង្ស័យចំនួនពីរនាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ មិនចាំស្លាកលេខ មកពីក្រោយ រួចបានធ្វើសកម្មភាពឆក់កាបូបស្ពាយពីនាង ដែលស្ពាយនៅនឹងស្មារបានសម្រេច បណ្តាលឲ្យនាងដួលរងរបួសរលាត់ដៃរលាត់ជើង។ បន្ទាប់ពីធ្វើសកម្មភាពហើយ ក្រុមចោរបានបន្ថែមល្បឿន ជិះរត់គេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព។

នាងរងគ្រោះបញ្ជាក់ថា នៅក្នុងកាបូបរបស់នាង ដែលត្រូវក្រុមចោរឆក់យកទៅនោះ មានលុយចំនួន២៥០ដុល្លារ និងរបស់របរមួយចំនួនទៀត។

ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានមិត្តភ័ក្តដឹកតាមម៉ូតូកង់បីទៅផ្ទះ រង់ចាំព្រឹកនេះ បានទៅដាក់ពាក្យបណ្ដឹងជាក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post