header ads

Sponsor

រិទ្ធី

អង្គការតម្លាភាពកម្ពុជា សម្រេចមិនចូលរួមឃ្លាំមើលការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ២០១៨ ខាងមុខនេះ។ សេចក្តីប្រកាសព័ត៌មានរបស់អង្គការតម្លាភាពកម្ពុជា ចុះថ្ងៃទី២០ ខែមិថុនា ឆ្នា២០១៨ នេះ បានខ្លឹមសារថា៖ អង្គការតម្លាភាពកម្ពុជាសូមជម្រាបជូនសាធារណជននិងស្ថាប័នពាក់ព័ន្ធនានាមេត្តាជ្រាបថាអង្គការតម្លាភាពកម្ពុជានឹងមិនចូលរួមសង្កេតការណ៍ការបោះឆ្នោតថ្នាក់ជាតិដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះទេ។

កន្លងមក អង្គការតម្លាភាពកម្ពុជាធ្លាប់បានចូលរួមក្នុងការងារកំណែទម្រង់ការបោះឆ្នោតនិងសង្កេតការណ៍បោះឆ្នោត២លើក ពោលគឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០១៣ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧ ក្នុងគោលបំណងលើកម្ពស់សុចរិតភាព និងតម្លាភាពក្នុងដំណើរការបោះឆ្នោត។

នេះ។ សេចក្តីប្រកាសព័ត៌មានបន្តថា៖ ទោះជាយ៉ាងនេះក្តី បរិយាកាស និងលក្ខខណ្ឌនយោបាយក្នុងអំឡុងពេលប៉ុន្មានខែមុនការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា បានធ្វើឱ្យអង្គការតម្លាភាពកម្ពុជាពុំអាចប្រមូលបានធនធានគ្រប់គ្រាន់ដើម្បីធ្វើការសង្កេតការណ៍ការបោះឆ្នោតនិងរួមចំណែកនៅក្នុងដំណើរការបោះឆ្នោតខាងមុខនេះប្រកបដោយអត្ថន័យនោះឡើយ។

នៅចុងបញ្ចប់នៃសេចក្តីប្រកាសព័ត៌មាននេះបានបញ្ជាក់យ៉ាងច្បាស់ថា៖ កំណត់ចំណាំបន្ថែម៖ ការក្លែងបន្លំពាក់ព័ន្ធនឹងការបោះឆ្នោត ភាពមិនប្រក្រតីដោយសារកត្កានយោបាយអំឡុងពេលបោះឆ្នោត ការរំលោភអំណាចដោយអាជ្ញាធរដើម្បីទទួលបានផលប្រយោជន៍ដោយមិនយុត្តិធម៌ពីគណបក្សនយោបាយដទៃ ការប្រើប្រាស់ហិរញ្ញវត្ថុក្នុងការឃោសនាបោះឆ្នោតដោយមិនយុត្តិធម៌ និងការទិញសន្លឹកឆ្នោតត្រូវបានចាត់ទុកថាជា អំពើពុករលួយផ្នែកនយោបាយ។

អង្គការតម្លាភាពកម្ពុជា គឺជាអង្គការសង្គមស៊ីវិលអព្យាក្រឹត និងឯករាជ្យដែលឈានមុខក្នុងការងារប្រយុទ្ធប្រឆាំងអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា។

ដោយឡែក លោក ព្រាប កុល នាយកប្រតិបត្តិ អង្គការ​តម្លាភាព​កម្ពុជា​ធ្លាប់បានថ្លែងថា​ជាគោលការណ៍​គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​គួរ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើការ​ផ្សព្វផ្សាយ​ដោយ​សេរី​នូវ​ទស្សនៈ ​របស់ការ​ពលរដ្ឋ​សម្រាប់​បញ្ហា​នយោបាយ និង​ការបោះឆ្នោត​។

លោក​ថ្លែង​ថា​៖ ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​បោះឆ្នោត​ហើយ​ពួកគេ​ក៏​មាន​សិទ្ធិ​មិន​បោះឆ្នោត​ ហើយជម្រើស​ទាំង​ ២ ​នេះ​គឺ​ស្រប​ច្បាប់​ក្រោម​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​តាម​ច្បាប់​។ តាមរយៈ​គោលការណ៍​សាមញ្ញ​ដែល​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បោះឆ្នោត និង​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មិន​បោះឆ្នោត​ទាំង​ ២ ​នេះ​ត្រូវ​តែ​ស្របច្បាប់ និង​អនុញ្ញាត​។

លោក ព្រាប កុល ​បន្ថែម​ថា​ផ្ទុយ​ទៅ​វិញ ការបង្ខំ ឬ​ញុះញង់​ប្រជាពលរដ្ឋ​ឲ្យ​ទៅ​បោះឆ្នោត ឬ​ការរារាំង ឬ​បំភិតបំភ័យ​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់​មិន​ឲ្យ​ទៅ​បោះឆ្នោត ផ្ទុយ​នឹង​ឆន្ទៈ​របស់​ពួកគេ​គឺ​ខុស​ច្បាប់ និង​ត្រូវ​តែ​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់​។ ​កម្ពុជា​បាន​ចុះហត្ថលេខា និង​ផ្តល់​សច្ចាប័ន​លើ​សេចក្តី​ប្រកាស​សកល និង​អនុសញ្ញា​ជាច្រើន រួម​ទាំង​អនុសញ្ញា​ដែល​គ្របដណ្តប់​លើ​សិទ្ធិ​ស៊ីវិល និង​សិទ្ធិ​នយោបាយ ហេតុ​ដូច្នេះ​មិន​គួរ​មាន​ស្តង់ដារ​ផ្សេង​គ្នា​ ឬ​ការបកស្រាយ​ផ្សេង​គ្នា អំពី​បទប្បញ្ញត្តិ​ទាំង​នេះ​ទេ​។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post