
ក្រុងសេអ៊ូលៈ ប្រធានាធិបតីហ្វីលីពីន បានធ្វើឲ្យផ្ទុះកំហឹងយ៉ាងខ្លាំង ក្រោយពេលលោកថើបមាត់ស្រ្តីម្នាក់ អំឡុងព្រឹត្តការណ៍ស្វាគមន៍ និងជួបជុំគ្នាមួយនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
លោកស្រី រីសា ហុនទីវើរ៉ូស គឺជាសមាជិកព្រឹទ្ធសភាក្រុមប្រឆាំង បានចាត់ទុកទង្វើនេះថា ជា “ការបង្ហាញពីអារម្មណ៍ផ្លូវភេទដ៏គួរស្អប់ខ្ពើបបំផុត និងរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិអំណាច” ហើយបានចោទប្រកាន់មេដឹកនាំដ៏ជម្លោះម្នាក់នេះថា បានតាំងខ្លួនជា “ស្តេចត្រាញ់”។
នៅក្នុងឧប្បត្តិហេតុនៅទីក្រុងសេអ៊ូល កាលពីថ្ងៃអាទិត្យម្សិលមិញ ដែលជាផ្នែកមួយនៃដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់មេដឹកនាំហ្វីលីពីនរូបនេះ ទៅកាន់កូរ៉េខាងជើង លោក ឌុយទែរតេ បានហៅស្រ្តីហ្វីលីពីនរស់នៅក្រៅស្រុក២នាក់ឲ្យឡើងលើវេទិការ។
ក្រោយពេលផ្តល់ឲ្យស្រ្តីទាំង២ម្នាក់សៀវភៅ១ក្បាល លោកក៏បានថើបថ្ពាល់ស្រ្តីម្នាក់ និងបានថើបមាត់ស្រ្តីម្នាក់ទៀត ស្របពេលដែលមានការហ៊ោរអបអរសាទរពីមនុស្សម្នា។
លើសពីនេះទៅទៀត សេចក្តីរាយការណ៍បានឲ្យដឹងថា លោក ឌុយទែរតេ ដែលមានទំនាក់ទំនង ដៃគូដ៏យូរជាមួយស្រ្តីម្នាក់ដែលលោកមានកូនស្រីជាមួយនោះ បានសួរទៅស្រ្តីម្នាក់នោះ ថាតើនាងនៅលីវ ឬក៏មានប្តីរួច អំឡុងពេលនៅលើវេទិកា។
យោងតាមសេចក្តីរាយការណ៍ពីកាសែតហ្វីលីពីន Rappler បានឲ្យដឹងថា លោក ឌុយទែរតេ បានសួរទៅកាន់ស្រ្តីនោះថា តើអ្នកនៅលីវឬ? តើអ្នកនៅមិនទាន់លែងប្តីឬ?
យោងតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋហ្វីលីពីន PNA បានឲ្យដឹងថា ស្រ្តីម្នាក់នោះមានឈ្មោះ ប៊ី គីម បានរៀបការជាមួយបុរសជនជាតិកូរ៉េខាងត្បូង ហើយនាងថែមទាំងមានកូន២នាក់ទៀតផង។
ដោយឡែក អ្នកស្រីគីម បាននិយាយថា គ្មានទេគំនិតអាក្រក់ក្នុងការថើបនេះ ហើយវាមិនមានន័យអ្វីទាំងអស់ ក្រៅពីធ្វើឲ្យជនជាតិហ្វីលីពីន ដែលបានជួបជុំគ្នានៅទីនោះ សប្បាយរីករាយតែប៉ុណ្ណោះ៕
