បើយោងតាមគណនីហ្វេសប៊ុក លោកតា ម៉េង ដែលជាគណៈកម្មាធិការ វត្តទួលពង្រ បានហួសចិត្ត និងមានអាម្មរណ៍ថាមិនពេញចិត្តសោះ ទាក់ទងនឹងរឿងមួយ ខណៈលោកតា យកក្រដាសប្រាក់ជាង ៥០ម៉ឺនរៀល ប្រមូលផ្តុំដោយក្រដាសប្រាក់ ១០០រៀល ដើម្បីទៅបង់ភ្លើង តែត្រូវអគ្គីសនីកម្ពុជា បដិសេធមិនទទួលយកលុយនោះឡើយ ដោយលោកបង្ហោះឡើងលើគណនីហ្វេសប៊ុកថា ៖
វត្តទួលពង្រ ភូមិស្វាស យកប្រាក់ក្រដាសមួយរយរៀលទៅបង់ភ្លើង ចំនួន ៥១៩៧០០រៀល គេអត់យក វេចលុយមកវត្តវិញខ្មាសគេណាស់....
ជាមួយគ្នានោះលោកបានចោទជាសំណួរថា «តើធនាគារជាតិបោះពុម្ពលុយ ១០០រៀល មកធ្វើអ្វី?»
ទាក់ទិនរឿងនេះ មជ្ឈដ្ឋានទូទៅបានលើកឡើងស្រដៀងៗគ្នាថា «មិនគួរណាអគ្គីសនីកម្ពុជាមិនទទួលអញ្ចឹងទេ! ក្នុងប្រទេសខ្មែរ មិនឲ្យចាយលុយរៀលតើឲ្យចាយលុយអ្វីទៅ?»។
រីឯម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Chhorvorn Chhorn» បានបញ្ចេញយោបលក្នុងនាមជាអ្នកសម្របសម្រួលថា «រឿងនេះដឹងថាខាង EDC ខុសហើយ តែយើងគួរគិតផងថាវាសមអត់ទេ កន្លែង EDC មមាញឹកណាស់ ហើយបុគ្គលិកក៏មិនច្រើនដែរមិនអាចមករាប់តែលុយយើងបានទេ»។