header ads

Sponsor

រិទ្ធី

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីអន្តរាគមន៍ភ្ជួររាស់ដីជូនកសិករក្រីក្រ និងពិនិត្យការអនុវត្តបង្ហាញគ្រឿងយន្តកសិកម្មនិងឧបករណ៍កសិកម្ម ដែលបានប្រារព្វធ្វើឡើងនៅឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃពុធ ១កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ដោយមានការចូលរួមពីសំណាក់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អាជ្ញាធរដែនដី ប្រជាពលរដ្ឋ ដៃគូអភិវឌ្ឍន៍ និងក្រុមហ៊ុនឯកជនយ៉ាងច្រើនផងដែរ។ យោងតាមការចុះផ្សាយរបស់ក្រសួង។

គោលបំណងនៃកម្មវិធីនេះមាន៤ចំណុចសំខាន់ៗ៖ ទី១ ជំរុញនិងលើកទឹកចិត្តឱ្យវិស័យឯកជន ចូលរួមអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសលើការជំរុញយន្តូបនីកម្មកសិកម្ម ទី២ ផ្តល់ឱកាសឲ្យអាជីវករលក់ ចែកចាយគ្រឿងយន្តកសិកម្មនិងឧបករណ៍កសិកម្ម បានចូលរួមកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋដែលខ្វះកម្លាំងពលកម្មក្នុងការរៀបចំដីសម្រាប់ធ្វើការដាំដុះ ទី៣ ដាក់តាំងបង្ហាញគ្រឿងយន្តកសិកម្មនិងឧបករណ៍កសិកម្មទំនើបៗទាន់សម័យមានលក្ខណៈសមស្របសម្រាប់ប្រើប្រាស់ និងទី៤ ផ្តល់ឱកាសឱ្យភាគីពាក់ព័ន្ធទាំងអស់បានជួបប្រជុំ ពិភាក្សាគ្នា និងស្វែងយល់រាល់ចំណុចខ្លាំង ចំណុចខ្សោយនៃការប្រើប្រាស់គ្រឿងយន្តកសិកម្មនិងឧបករណ៍កសិកម្មទាំងអស់នេះ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់និងកោតសរសើរចំពោះថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋានវិស្វកម្មកសិកម្ម និងវិស័យឯកជនដែលបានខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់សហការគ្នារៀបចំឲ្យមានកម្មវិធីនេះដើម្បីអន្តរាគមន៍ភ្ជួររាស់ដីស្រែជូនកសិករក្រីក្រដែលខ្វះមធ្យោបាយ កម្លាំងពលកម្ម និងដោះស្រាយបញ្ហាជូនកសិករបានទាន់ពេលវេលាទទួលបានលទ្ធផលគួរជាទីមោទនៈ។

លើសពីនេះទៅទៀត ឯកឧត្តម បានផ្តល់អនុសាសន៍ដល់នាយកដ្ឋានវិស្វកម្មកសិកម្ម ឱ្យខិតខំស្វែងរកដៃគូដើម្បីសហការ ផ្តល់ការគាំទ្រទាំងធនធាន ចំណេះដឹងនិងបទពិសោធន៍ដើម្បីជួយជំរុញវិស័យកសិកម្មឲ្យមានការរីកចម្រើនតាមរយៈការប្រើប្រាស់គ្រឿងយន្តកសិកម្មនិងឧបករណ៍កសិកម្មបានសមស្រប ហើយនេះគឺជាលទ្ធផលលើកទីមួយដែលយើងទទួលបានពីការខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធ ហើយឯកឧត្តមសង្ឃឹមនិងជឿជាក់ថាកម្មវិធីនេះនឹងរីកដុះដាលទូទាំងប្រទេស។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post