
ភ្នំពេញៈ ការតែងតាំងតំណែង និងប្រគល់ភារកិច្ចបន្ថែមជូននាយឧត្តមសេនីយ៍ សៅ សុខា និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កូនប្រុសនាយករដ្ឋមន្ត្រី ទៅក្នុងតំណែងកំពូលៗក្នុងជួរកងទ័ពកម្ពុជា នៅមិនទាន់ផ្លូវការនោះទេ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិ ប្រាប់អង្គភាពសារព័ត៌មាន Cam Post នារសៀលថ្ងៃពុធ ១កើត ខែអាសាធ្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨។
អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានឲ្យដឹងថា ប្រកាសប្រគល់ភារកិច្ចថ្មីៗជូនលោក សៅ សុខា និងលោក ហ៊ុន ម៉ាណែត ដែលបានបង្ហោះលើបណ្ដាញសារព័ត៌មាននោះ នៅមិនទាន់ផ្លូវការនោះទេ។ មិនផ្លូវការ ប៉ុន្តែមិនមែនមានន័យថា ក្លែងក្លាយនោះទេ ដោយលោកអះអាងថា ប្រកាសនេះ មិនទាន់ទៅដល់ខុទ្ទកាល័យសម្ដេច ទៀ បាញ់ និងមិនទាន់ចុះលេខ។

សូមបញ្ជាក់ថា រយៈពេលប៉ុន្មានថ្ងៃនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជាបណ្ដាញសារព័ត៌មានក្នុងស្រុកជាច្រើន បានចេញផ្សាយយ៉ាងព្រោងព្រាតពីការតែងតាំង និងប្រគល់ភារកិច្ចកំពូលថ្មីៗ បន្ថែមលើតួនាទីភារកិច្ចបច្ចុប្បន្នដល់លោក សៅ សុខា និងលោក ហ៊ុន ម៉ាណែត។ តំណែងថ្មីៗនេះ នឹងឈានទៅជំនួសកៅអីរបស់លោកផ្កាយ៤ ចំនួន៣រូប រួមមាន លោក ប៉ុល សារឿន លោក គន់ គីម និងលោក មាស សុភា។
បើតាមប្រកាសមិនចុះលេខ មិនចុះថ្ងៃខែ ប៉ុន្តែចុះហត្ថលេខាដោយសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសម្រេចប្រគល់ភារកិច្ចដល់នាយឧត្តមសេនីយ៍ សៅ សុខា អត្តលេខ០០០១០៥ ជាអគ្គមេបញ្ជាការស្ដីទី នៃកងយោធពលខេមរភូមិន្ទ បន្ថែមលើតំណែងបច្ចុប្បន្នជាមេបញ្ជាការ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានឋានៈជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទផងនោះ។ តំណែងថ្មីនេះ នឹងត្រូវជំនួសតំណែងរបស់លោក ប៉ុល សារឿន។

ដោយឡែក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អត្តលេខ០៣៣៨៨៣ ត្រូវបានប្រគល់ភារកិច្ចបន្ថែម ជា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ, ជា នាយសេនាធិការចម្រុះស្ដីទី អគ្គបញ្ជាការដ្ឋាន ជំនួសលោក គន់ គីម និងជា មេបញ្ជាការកងទ័ពជើងគោកស្ដីទី ជំនួសលោក មាស សុភា បន្ថែមលើមុខងារបច្ចុប្បន្ន។ តំណែងថ្មីៗទាំង៣ ដែលទើបទទួលបាននេះ គឺបន្ថែមលើតំណែងទាំង៣ ដែលលោក ហ៊ុន ម៉ាណែត កំពុងតែមាន។ បច្ចុប្បន្ន លោកជាមេបញ្ជាការ នៃកងកម្លាំងពិសេសប្រឆាំងភេរវកម្ម, ជាមេបញ្ជាការរងកងទ័ពជើងគោក និងជានាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ៕