header ads

Sponsor

ពិសី

កណ្តាលៈ បុរស៤នាក់ នាំគ្នាផឹកស្រាថ្នាំ ក្លែមសាច់ឆ្កែ លុះផឹកស្រាអស់ជាងបួនលីត្រ ក៏បបួលគ្នាទៅច្រៀងខារ៉ាអូខេ មុននិងចេញទៅ នាំគ្នាជិះម៉ូតូទៅផ្ទះមិត្តភក្តិម្នាក់ទៀត ដែលទៅងូតទឹក ហើយនៅសល់៣នាក់ ក៏បានជិះម៉ូតូចេញទៅមុន។ មួយសន្ទុះក្រោយបុរសម្នាក់ ក្នុងចំណោម៣នាក់នោះ បានដើរចេញទៅនោមក្រោយផ្ទះ រួចចូលមកវិញ ក៏ឃើញមិត្តភក្តិរបស់ខ្លួន ដេកស្ដូកក្នុងថ្លុកឈាមលើឥដ្ឋ ហើយឃើញមិត្តកាន់កាំបិតប៉័ងតោ រួចក៏ចាប់អោបចង្កេះមិត្តភក្តិ ដែលមកពីងូតទឹកក្រោយគេនោះកុំឲ្យកាប់ថែមទៀត​ ទើបបង្កការភ្ញាក់ផ្អើលឡើងតែម្ដង។

ករណីឃាតកម្មនេះ បានកើតឡើងនៅថ្ងៃព្រហស្បតិ៍ ១រោច ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៦៖៤៥នាទីយប់​ នៅចំណុចផ្ទះឈ្មោះអ៊ូច នី ស្ថិតក្នុងភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ហ៊ ផានិត ហៅ ង៉ូវ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឫស្សីស្រុក ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល (ស្លាប់)។

សមត្ថកិច្ច បានឲ្យ​ដឹងថា ជនសង្ស័យទាំង២នាក់ ១ ឈ្មោះ អ៊ូច រី ហៅចូញ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងថតរូប មានទីលំនៅ ភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល(កំពុងគេចខ្លួន) ។​ ទី២ ឈ្មោះ ស្រេង លីដា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឬស្សីស្រុក ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល មុខរបរ កសិករ​ (ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន) ដោយបានចាប់យកវត្ថុតាងមាន កាំបិតប៉័ងតោដងឈើប្រវែង២០​សង់ទី​ម៉ែត្រ ចំនួន១។

យោងតាមនគរបាលស្រុកស្អាង បាន​​ប្រាប់ភ្នាក់ងារ​ CAM POST ដឹងថា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៤នាទីល្ងាច ឈ្មោះ ឆាន់ ជរ័ ឈ្មោះ រុំ តុលា ឈ្មោះហ៊ ផានិត ហៅង៉ូវ (ជនរងគ្រោះ)​ និងឈ្មោះ ស្រេង លីដា អ្នកទាំង៤ មានទីលំនៅភូមិឬស្សីស្រុក ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល បាននាំគ្នាផឹកស្រាថ្នាំ ក្លែមសាច់ឆ្កែនៅផ្លូវកែងភូមិបឹងខ្ពប ឃុំខ្ពប ផឹកស្រាអស់ជាង១លីត្រ រួចឈ្មោះ រុំ តុលា បានខលហៅឈ្មោះ អ៊ូច រី ហៅ ចូញ មកផឹកជាមួយ ពេលនោផឹកស្រាអស់ជាង៣លីត្រ រួចក៏បបួលគ្នាទៅច្រៀងខារ៉ាអូខេ នៅឃុំត្រើយស្លា។ មុននិងចេញទៅនាំគ្នាជិះម៉ូតូទៅផ្ទះរបស់ឈ្មោះ អ៊ូច រីហៅ ចូញ ហើយរង់ចាំឈ្មោះ អ៊ូច រី ហៅចូញ ងូតទឹក។ ពេលនោះឈ្មោះ ឆាន់ ជរ័ និងឈ្មោះ រុំ តុលា បានជិះម៉ូតូចេញទៅមុន ។​ នៅតែគ្នា៣នាក់និងជនរងគ្រោះបានមួយសន្ទុះក្រោយមកឈ្មោះ ស្រេង លីដា បានដើរចេញទៅនោមក្រោយផ្ទះ រួចចូលមកវិញក៏ឃើញឈ្មោះ ហ៊ ផានិត ហៅ ង៉ូវដេក លើឥដ្ឋមានឈាម ហើយឃើញឈ្មោះ អ៊ូច រី ហៅចូញ កាន់កាំបិតបុង័តោ រួចក៏បានចាប់អោបចង្កេះឈ្មោះ អ៊ូច រី កុំឲ្យកាប់ថែមទៀត។ ឈ្មោះ អ៊ូច រី បានស្រែកថា លែងអញ អញកាប់វាថែមទៀត បានបន្តិចឈ្មោះ អ៊ូច រី ទម្លាក់កាំបិតចោល រួចក៏ឡើងជិះម៉ូតូចេញទៅបាត់តែម្ដង។ ចំណែកឈ្មោះ ស្រេង លីដា បានទៅតាមហៅបងប្អូនរបស់ជនរងគ្រោះមកមើល ហើយក៏ត្រឡប់មកកន្លែងកើតហេតុវិញ សមត្ថកិច្ចហៅមកសាកសួរ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post