header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ទីតាំងលួចដំឡើងរថយន្តដោយខុសច្បាប់មួយកន្លែង ដែលសម្ងំលាក់ខ្លួននៅក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ អស់រាប់សិបឆ្នាំហើយនោះ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះបង្ក្រាបកាលពីថ្ងៃម្សិលមិញ ឈានទៅឃាត់ខ្លួនមេការយានដ្ឋានម្នាក់ និងដកហូតរថយន្តចំនួន១០គ្រឿង បញ្ជូនទៅក្រសួងមហាផ្ទៃ ដើម្បីចាត់ការតាមច្បាប់។

ប្រតិបត្តិការបង្ក្រាបទីតាំងដំឡើងរថយន្តខុសច្បាប់នេះ ធ្វើឡើងក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ កាលពីថ្ងៃច័ន្ទ ៦រោច ខែជេស្ឋ ឆ្នាំរកា សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ ដោយកម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច រាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវិធីពីលោក ហោ លីណា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះធ្វើការបង្ក្រាបករណីកាត់តដំឡើងរថយន្តខុសបទដ្ឋានបច្ចេកទេស និងគ្មានច្បាប់ នៅចំណុចយាន្តដ្ឋានគ្មានលេខ ផ្លូវ598 សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

នៅក្នុងកិច្ចប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចចម្រុះបានធ្វើការត្រួតពិនិត្យឆែកឆេរជាក់ស្តែង រកឃើញរថយន្តចំនួន១០គ្រឿង ក្នុងនោះរថយន្តបានដំឡើងរួច ចំនួន៥គ្រឿង (ម៉ាក lexus ៣គ្រឿង, camry hybrigde មួយគ្រឿង និង highlander មួយគ្រឿង) និងចំនួន៥គ្រឿងទៀត កំពុងដំឡើងពុំទាន់រួច (ម៉ាក lexus ២គ្រឿង, camry hybrigde ១គ្រឿង និង pruis ២គ្រឿង)។

ចំពោះវត្ថុតាងទាំងអស់ខាងលើ លោកព្រះរាជអាជ្ញារង សម្រេចឲ្យបិទផ្លុំបេសៀលរក្សាដាក់ទុកក្នុងយាន្ដដ្ឋានខាងលើចំនួន៥គ្រឿង (រថយន្តដំឡើងពុំទាន់រួច) និងចំនួន៥គ្រឿង ដែលបានដំឡើងរួចរាល់ បានដកហូតយកមករក្សាទុកនៅនាយកដ្ឋាន និងបាននាំមេការឈ្មោះ ឃឹន បញ្ញា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មកនាយកដ្ឋាន ដើម្បីបន្តនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post