header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នារីរូបស្រស់ស្អាតម្នាក់ ជាជាងអ៊ុតសក់គិតខ្លីរហូតដល់ថ្នាក់ធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនជាប់ទៅនឹងចំរឹងបង្អួចក្នុងបន្ទប់ជួល ដោយបន្សល់ទុកពាក្យបណ្ដាំប៉ុន្មានមាត់ និងរូបភាព៣សន្លឹក ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០៖៤៥នាទីយប់ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចបន្ទប់ជួលលេខ០០៣ ជាន់ទី១ ផ្លូវលេខ១០០៣ ស្ថិតក្នុងក្រុមទី៧ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ខាត់ សុម៉ាលី ភេទស្រី អាយុ២០ឆ្នាំ ជាអតីតបុគ្គលិកខារ៉ាអូខេ ប៊េស ស្តារ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិជីពាង ឃុំមងរៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

បើតាមសម្តីពីនារីម្នាក់ សុំមិនបញ្ចេញឈ្មោះ ដែលជាអ្នកនៅជិតខាងគ្នា រៀបរាប់ប្រាប់ឲ្យដឹងថា នារីរងគ្រោះខាងលើ បានមករស់នៅបន្ទប់ជួលកើតហេតុខាងលើតែម្នាក់ឯង អស់រយៈពេលជាងមួយឆ្នាំមកហើយ ហើយពីមុនមកជនរងគ្រោះ គឺជាបុគ្គលិកបម្រើការនៅហាងខារ៉ាអូខេ ប៊េសស្តារ តែក្នុងអំឡុងពេលប៉ុន្មានខែមកនេះ នារីរងគ្រោះមិនបានទៅធ្វើការអ្វីនោះទេ។

ប្រភពដដែលបន្តថា កាលពីវេលាម៉ោង៦ល្ងាចថ្ងៃកើតហេតុ គាត់ឃើញនារីរងគ្រោះ និងមិត្តភាពស្រីម្នាក់ទៀត បានចេញទៅញ៉ាំអីនៅហាងមួយកន្លែង នៅក្បែរកន្លែងកើតហេតុ។ លុះដល់ម៉ោងប្រមាណជា១០យប់ នារីរងគ្រោះបានទូរស័ព្ទមកគាត់ឲ្យទៅយកនៅហាងក្បែរនោះ តែពេលនោះគាត់ក៏បានប្រាប់ទៅនារីរងគ្រោះវិញថា អត់មានអីជិះទៅយកទេ រួចនារីរងគ្រោះក៏បានតបមកវិញថា មិនអីទេចឹង ហើយក៏បិទទូរស័ព្ទទៅ។ ស្រាប់តែមួយស្ទុះក្រោយមក នារីរងគ្រោះក៏បានទូរស័ព្ទមកគាត់ម្តងទៀត ដោយសួរគាត់ថា "នៅកន្លែងណា? ទំនេរអត់? ខ្ញុំមានរឿងពិបាកចិត្តចង់និយាយជាមួយបង ហើយនេះក៏ជាសំឡេងចុងក្រោយ ដែលបងបានឮ"។ ពេលនោះ គាត់ក៏មិនបានចាប់អារម្មណ៍ដែរ ព្រោះពីមុនមកនារីរងគ្រោះតែងតែនិយាយពាក្យនេះជារើយៗមកហើយ។ លុះដល់វេលាកើតហេតុ គាត់ក៏បានដើរទៅបន្ទប់របស់នារីរងគ្រោះដើម្បីនិយាយគ្នា ប៉ុន្តែខណៈពេលទៅដល់ឃើញទ្វារបន្ទប់មិនចាក់កន្លឹះ ហើយហៅក៏មិនឆ្លើយ ទើបគាត់ចូលទៅមើលក៏ស្រាប់តែឃើញនារីរងគ្រោះបានយកខ្សែចងកសម្លាប់ខ្លួនជាប់នឹងចម្រឹងបង្អួចនៅក្នុងបន្ទប់ស្លាប់បាត់ទៅហើយ ហើយគាត់ក៏ស្រែកឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកនៅក្បែរខាង ក៏ដូចជាសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរគមន៍។

នារីជាមិត្តភ័ក្តិ ដែលបានទៅញ៉ាំអីជាមួយជនរងគ្រោះ បានរៀបរាប់ឲ្យដឹងថា នាង និងជនរងគ្រោះ ជាមិត្តភ័ក្តិនឹងគ្នាជាយូរមកហើយ ហើយនាងក៏ជាអ្នកជិតខាងនឹងជនរងគ្រោះដែរ។ នាងបន្តថា កាលពីវេលាម៉ោង៦ល្ងាច នាងក៏បានហៅនារីរងគ្រោះទៅញ៉ាំអីជុំគ្នាជាមួយនឹងសង្សារបស់នាងម្នាក់ នៅហាងមួយកន្លែងដែលនៅក្បែរនោះ ព្រោះពួកគាត់ខានជុំគ្នាយូរហើយ។ បន្ទាប់មក ខណៈពេលកំពុងតែញ៉ាំអី នារីរងគ្រោះក៏បានហៅបុរសម្នាក់ទៀត ដែលជាសង្សារមកញ៉ាំអីនៅកន្លែងនោះដែរ។ លុះដល់ម៉ោងប្រមាណជា៩យប់ នាង និងសង្សាររបស់នាង ក៏បានចេញពីកន្លែងញ៉ាំអីនោះមុន ដោយសល់តែនារីរងគ្រោះ និងបុរសជាសង្សារនារីរងគ្រោះតែពីរនាក់។ រហូតដល់វេលាកើតហេយុ ក៏ស្រាប់តែមានអ្នកជិតខាងបានទូរស័ព្ទមកប្រាប់ថា នារីរងគ្រោះបានចងកសម្លាប់ខ្លួនស្លាប់បាត់ទៅហើយ។

សូមបញ្ជាក់ថា នៅក្នុងហេតុការណ៍ខាងលើនេះ គឺមិនមានអ្នកដឹងពីមូលហេតុច្បាស់លាស់ណាមួយ ដែលបណ្តាលឲ្យនារីរងគ្រោះតូចចិត្តគិតខ្លីរហូតដល់ថ្នាក់ធ្វើអត្តឃាតចងកសម្លាប់ខ្លួននោះទេ។ គេគ្រាន់តែដឹងថា នារីរងគ្រោះបានបង្ហោះពាក្យថា "អូនស្រលាញ់ប្តីណាស់" អមនឹងរូបរបស់នារីរងគ្រោះជាមួយនឹងបុរសម្នាក់ទៀត ចំនួនបីសន្លឹង នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នារីរងគ្រោះឈ្មោះថា "Ma Ly" កាលពីវេលាម៉ោង១០៖៤៤នាទីយប់ថ្ងៃកើតហេតុ ដែលជាវេលាមុនពេលកើតហេតុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញកោសល្យវិច័យក្រុង បានចុះមកត្រួតពិនិត្យទៅលើសពជនរងគ្រោះ ឃើញថា ពិតជាស្លាប់ដោយសារតែការចងកពិតប្រាកដមែន។ បច្ចុប្បន្នសពនារីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់នៅវត្តទឹកថ្លា ដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post