header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ម្ដាយរបស់សពកុមារីរងគ្រោះ ដែលបានស្លាប់ដោយសារភាពធ្វេសប្រហែសរបស់បុគ្គលិក នៃមន្ទីរពេទ្យ “សង់ត្រាល់” នាព្រលប់ថ្ងៃសុក្រម្សិលមិញនេះ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកបានទម្លាយវិដេអូជជែកគ្នាដោយគ្មានការទទួលខុសត្រូវពីភាគីមន្ទីរពេទ្យ និងទាមទារឲ្យបញ្ឈប់បុគ្គលិក(ដុកទ័រ)ម្នាក់ ដោយអះអាងថា ជាគ្រូពេទ្យគ្មានវិជ្ជាជីវៈ។ ជាមួយគ្នា គ្រួសាររងគ្រោះមួយនេះ ក៏បានអំពាវនាវរកយុត្តិធម៌ដល់គ្រួសាររបស់ខ្លួនផងដែរ។

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Phatchan Danee កាលពីវេលាម៉ោង៥៖៤៣នាទីព្រលប់ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ បានទម្លាយវិដេអូជជែកគ្នារវាងភាគីរងគ្រោះ និងមន្ទីរពេទ្យ “សង់ត្រាល់” ធ្វើឲ្យមានការរិះគន់មន្ទីរពេទ្យយ៉ាងខ្លាំង ផ្ទុះការចែកចាយតៗគ្នាពេញបណ្ដាញសង្គមហ្វេសប៊ុក ព្រមជាមួយការអំពាវនាវមិនឲ្យប្រជាពលរដ្ឋឈប់ទទួលសេវាពីមន្ទីរពេទ្យមួយនេះ។ អមជាមួយវិដេអូ និងរូបថតប៉ុន្មានសន្លឹក ក្រុមគ្រួសាររងគ្រោះ បានអំពាវនាវរកយុត្តិធម៌ និងទាមទារឲ្យខាងមន្ទីរពេទ្យ បណ្ដេញបុគ្គលិកម្នាក់ ឈ្មោះ Dr. Sam Borin ដោយថា គ្រូពេទ្យគ្មានវិជ្ជាជីវៈក្នុងការមើលថែអ្នកជំងឺ។

បើតាមគណនីហ្វេសប៊ុក Phatchan Danee បានរៀបរាប់ភាពឈឺចាប់របស់ខ្លួនយ៉ាងដូច្នេះថា “នេះជាវិដេអូដែលបង្ហាញពីការពីការមិនទទួលស្គាល់នូវកំហុសរបស់មន្ទីរពេទ្យសង់ត្រាល់ Central Hospital  ដែលគ្មានវិជ្ជាជីវ:ច្បាស់ក្នុងការមើលថែ ប្រុងប្រយ័ត្នអោយបានដិតដល់”

សូមអំពាវនាវជួយរកយុត្តិធម៌ឲខ្ញុំផង ដើម្បីកុំឲគ្រោះថ្នាក់ដល់បងប្អូនកូនចៅដទៃទៀត។ សូមជួយផ្សព្វផ្សាយ គឺមន្ទីរពេទ្យ សង់ត្រាល់ ហើយមន្ទីរពេទ្យនេះ បងប្អូនស្គាល់ហើយថា ជាមន្ទីរពេទ្យរបស់អ្នកណា? ជីវិតវាជាកម្មផល មិនអាចគេចការស្លាប់បាន តែនេះស្លាប់ដោយការធ្វេសប្រហែសនិងបុគ្គលគ្រូពេទ្យ ឈ្មោះ Dr Sam borin ដែលគ្មានវិជ្ជាជីវះ មន្ទីរនេះយកលុយថ្លៃណាស់ តែពេលដែលយើងមានបញ្ហាថ្ងៃទី១ សុខភាពល្អ តែក្មេងមិនទាន់ចេះបៅ គ្រូពេទ្យមកប្រាប់ថា ឲព្យាយាមឲកូនបៅឲបានច្រើន១ម៉ោងផឹកម្ដង បន្ទាប់មកថ្ងៃទី២ កូនខ្ញុំចេះតែយំពេលនោះ នាងក្ដៅខ្លួន ប្រាប់ពេទ្យ គ្រូពេទ្យឲជូតខ្លួនទៅ បន្ទាប់ពីពេលនោះមកទៀត នាងបានក្អួតទៀតទៅប្រាប់ពេទ្យៗថា មិនអីទេ ជារឿងធម្មតាទេ ការរំលាយអាហារមានចេញមានចូល បន្ទាប់មកទៀតនាងជុះលាមកៗពពុះៗពួកយើងបានប្រាប់ថា ក្រពះរឺពោះវៀនកូនមិនល្អទេ ដឹងគ្រូពេទ្យគាត់ថា មិនអីៗទេដល់យប់ម៉ោង៣ កូនខ្ញុំក្ដៅខ្លួនទៀតទៅតាមវា វាបែរជាមិនមកមើល ជាក់ស្ដែង កូនខ្ញុំ ក្ដៅខ្លួន ទៅតាមពេទ្យ វាមិនមក គ្រាន់តែអោយយើងយកកន្សែងត្រជាក់ជូតខ្លួនក្មេង ដដែលៗដោយមិនអស់ចិត្តយើងទៅទិញប្រដាប់វាស់កំដៅមកវាស់ ឃើញរហូតកំដៅ៣៨អង្សា ទៅតាមវាទៀត វាមិនមកហើយនៅតែណែនាំយើងអោយជូតកន្សែងត្រជាក់ដដែល និងថាមិនអីៗៗទេ( ដែលវាយកថ្លៃសេវាយើងសោះ ចុះទំរាំអត់លុយទៀតវាទៅជាយ៉ាងណា ) ចុងក្រោយយើងវាស់ទៀតកំដៅឡើងដល់៣៩ ទៅស្រែកសួរពេទ្យខ្លាំងៗ ទើបវាមក កូនខ្ញុំហើមពោះទៅហើយ ទើបវានិយាយថា អត់សម្ថតភាពព្យាបាលសុំបញ្ចូនមក ពេទ្យកាល់ម៉ែត្រ និង បញ្ចូនបន្តរមកពេទ្យគុន្ធបុប្ជា ( សុំកោតសសើរមន្ទីរពេទ្យគុន្ធបុប្ជាពិតជាយកចិត្តទុកដាក់ចំពោះជួយសង្រ្គោះកូនខ្ញុំនិងប្រជាជនពិតមែន ) ។ ដោយ ឡែកមន្ទីរពេទ្យ សង់ត្រាល់ គ្រូពេទ្យ Sam borin វានៅតែមិនទទួលស្គាល់ពីកំហុសនៃការធ្វេសប្រហែសរបស់វា វាបែរពន្យល់ថា នេះមកពីការវិវត្តន៏នៃជម្ងឺក្មេងទៅវិញ ចុះបើដឹងថាវានិងវិវត្តន៏ហើយចុះគេទៅហៅ លោកគ្រូឯងមិនមកភ្លាមៗមិចនៅតែមិនអីៗទុកកូនខ្ញុំរហូតធ្ងន់ធ្ងរ?

តើបងប្អូនជួយពិចារណាមើល ថាវាឆ្លើយសមទេ? កូនស្រីខ្ញុំលីណាទើបកើតបាន៤ថ្ងៃសោះ លោកគ្រូឯងក៏ប្រមាតជីវិតគេម្លេះដោយបានបាត់បង់ជីវិតកូនស្រីដ៏សែនស្រស់ស្អាតរបស់ខ្ញុំ។

ជាចុងក្រោយខ្ញុំមិនបានទាមទាញសំនងវិញទាំងអស់ ព្រោះកូនខ្ញុំបានស្លាប់ទៅហើយ និងខ្ញុំចង់ឲមន្ទីរពេទ្យសង់ត្រាល់នេះ បញ្ឈប់គ្រូពេទ្យ Sam borin នេះជាបន្ទន់ទៅ ព្រោះវាគ្មានវិជ្ជាជីវះ និងទំនួលខុសត្រូវទេ យកជីវិតគេមកលេងជាល្បែងដោយគ្មានការទទួលខុសត្រូវនៅភារៈកិច្ចដែលគេគ្រប់គ្នាបានផ្ញើរវាសនានិងអាយុជីវិតទៅលើគ្រូពេទ្យនេះ។ ខ្ញុំសង្ឃឹមថា បងប្អូនទាំងអស់គ្នានៅក្នុងសង្គមFBនេះជួយស៊ែរដើម្បីឲគ្រប់គ្នាបានដឹងនិងកុំឲជួបរឿងដ៏សែនឈឺចាប់នេះដូចក្រុមគ្រួសារខ្ញុំនិងកុំទៅទទួលសេវាកម្មនៅមន្ទីរសង់ត្រាល់នេះទៀត”

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ គណនីហ្វេសប៊ុកមួយឈ្មោះ Jolly BabyShop បានសរសេរសាររិះគន់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខាងលើ ធ្វើឲ្យផ្អើលផ្ទុះការចែកចាយតៗគ្នា និងរិះគន់យ៉ាងខ្លាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុក ចំពោះភាពចន្លោះប្រហោងបណ្ដែតបណ្ដោយមិនមើលថែអ្នកជំងឺរបស់ក្រុមគ្រូពេទ្យក្នុងន័យផ្សេងៗគ្នា បន្ទាប់គ្រួសារមួយនេះ បានរងគ្រោះដោយត្រូវបាត់បង់កូនទើបតែកើតបានរយៈពេល៤ថ្ងៃ។

ថ្វីបើក្នុងខ្លឹមសារម្ចាស់គណនីហ្វេសប៊ុកខាងលើ មិនបានបញ្ជាក់ពីអត្តសញ្ញាណមន្ទីរពេទ្យក៏ពិតមែន ប៉ុន្តែបើតាមសារឆ្លើយឆ្លង (comment) ម្ចាស់គណនីបានប្រាប់អ្នកចូលរួមរំលែកទុក្ខ និងសម្ដែងការសោកស្ដាយថា នៅពេលកូនមិនស្រួលខ្លួនខ្លាំង ម្ដាយក្មេងរងគ្រោះបាននាំកូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ “សង់ត្រាល់” ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៨២អា តាមបណ្ដោយផ្លូវលេខ១៥៤ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post