header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះ បានដឹកនាំមន្រ្តីជំនាញក្រោមឱវាទសាលារាជធានីភ្នមពេញ អញ្ជើញទៅប្រគល់ដីប្រទានកម្ម ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជូនដល់ប្រជាពលរដ្ឋចំនួន៣៨០គ្រួសារ នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ពិធីប្រគល់ដីប្រទានកម្ម នេះធ្វើឡើងនៅសាលាខណ្ឌមានជ័យ ក្នុងនោះមានពលរដ្ឋទាំង៣៨០គ្រួសារដែលទទួលបានដីប្រទានកម្មនៅថ្ងៃនេះ ជាពលរដ្ឋដែលរងផលប៉ះពាល់នៅបឹងជើងឯក។

ប្រជាពលរដ្ឋដែលទៅទទួលវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ ពីអភិបាលរាជធានីភ្នំពេញ បានសម្តែងនូវក្តីរីករាយជាពន់ពេក និងថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាល និងសាលារាជធានីភ្នំពេញ ដែលបានផ្តល់សិទ្ធិលំនៅដ្ឋានស្របច្បាច់ជូនពួកគាត់។ ពួកគាត់ទន្ទឹងរង់ចាំប័ណ្ណមួយនេះជាយូរមកហើយ ព្រោះវាពិតជាមានសារៈសំខាន់ណាស់ សម្រាប់ពួកគាត់ អាចរស់នៅមានសិទ្ធិពេញលេញ ក្នុងការគ្រប់គ្រង អាចខ្ចីឬបញ្ចាំជាមួយធនាគារ យកដើមទុនរកស៊ីបានហើយក៏អាចផ្ទេរមរតមចែកកូនចៅទៅអនាគតបន្ថែមទៀត។

នៅក្នុងពិធីនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អះអាងថា ការចែកវិញ្ញាបនបត្រ សំគាល់ម្ចាស់អចលនវត្ថុ ឬ ប័ណ្ណកម្មសិទ្ធិ ជូនបងប្អូន នៅក្នុងខណ្ឌមានជ័យ នាពេលនេះ គឺជាការប្រទានកម្ម ពីប្រ មុខរាជរដ្ឋាភិបាល ទៅតាមការស្មើសុំពីបងប្អូន។

លោកអភិបាលបន្តថា ការចែកវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុនេះ គឺមានផលប្រយោជន៍ពីរយ៉ាង ពោលគឺប្រជាពលរដ្ឋ ក៏បានផលប្រយោជន៍ ហើយរដ្ឋក៏ទទួលផលប្រយោជន៍ ព្រោះពេលប្រជាពលរដ្ឋមានលំនឹងពិតប្រាកដ មានលំនៅដ្ឋាន ផ្ទះនៅស្របច្បាប់ អាចយកទៅដាក់ធនាគារយកលុយមកប្រើប្រាស់បាន តាមតម្រូវការរស់នៅក្នុងជីវភាពប្រចាំថ្ងៃ។

លោក សុំឱ្យបងប្អូនប្រើប្រាស់វា ជាប្រយោជន៍សម្រាប់ក្រុមគ្រួសារ  រក្សាទុកឱ្យបានល្អ កុំឱ្យបាត់បង់ និងនាំគ្នាទៅបង់ពន្ធ ជូនរដ្ឋឱ្យបានគ្រប់ៗគ្នា តាមការកំណត់របស់រដ្ឋ ព្រោះវាជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ។ ម៉្យាងទៀត សុំត្រៀមលក្ខណៈសម្បត្តិ និងឯកសារទុកជាមុនឱ្យបានរួចរាល់ សម្រាប់ការបោះឆ្នោតជ្រើសរើសតំណារាស្រ្ត ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post