
កណ្តាលៈ បុរសចំណាស់ម្នាក់ បន្ទាប់ពីសរសេរបណ្តាំរៀបរាប់ពីបញ្ហាគ្រួសារទុកឲ្យកូនចៅមើលរួច ក៏សម្រេចចិត្តចងកបញ្ចប់ជីវិតខ្លួនឯង គ្មានស្ដាយស្រណោះ។
ហេតុការណ៍ដ៏សោកសៅនេះ បានកើតឡើងនៅម៉ោង៦ព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែ មិថុនា ឆ្នាំ២០១៨ នៅចំណុចផ្ទះជនរងគ្រោះ ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

អធិការក្រុងតាខ្មៅ លោក ស កែវពិសិដ្ឋ បានឲ្យដឹងថា លោកតា ដែលធ្វើអត្តឃាតនោះ ឈ្មោះ សៀក សារុំ អាយុ៦១ឆ្នាំ មានទីលំនៅភូមិ ដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
តាមការរៀបរាប់ពីឈ្មោះ សុខ ឡុង ភេទប្រុស អាយុ៦០ឆ្នាំ ត្រូវជាប្អូនថ្លៃ រស់នៅជាមួយជនរងគ្រោះបានឲ្យដឹងថា នៅថ្ងៃទី ២០ មិថុនា ២០១៨ វេលាម៉ោង១០និង៣០នាទីយប់ គាត់នឹងកូនប្រុសឈ្មោះ សុខ ចន្ទ័ដារិទ្ធ ឮសំឡេងផ្ទះលាន់ក្តាំង ហើយគាត់ពីរនាក់កូន ក៏ចេញបើកទ្វាររបងផ្ទះមិនឃើញមានអ្វីប្លែក ក៏នាំគ្នាចូលផ្ទះដេកវិញទៅ។ លុះព្រឹកឡើងថ្ងៃទី ២១ មិថុនា ២០១៨ វេលាម៉ោង៦ព្រឹក គាត់ (ប្អូនថ្លៃ) នឹងក្រុមគ្រួសារបានចេញពីផ្ទះទៅប្រកបមុខរបររៀងៗខ្លួន រហូតដល់ម៉ោង ៦ល្ងាច ក៏ត្រឡប់មកផ្ទះវិញចូលទៅផ្ទះបាយមិនឃើញជនរងគ្រោះមកហូបបាយ ដែលគ្របទុកឲ្យតាំងពីព្រឹក ទើបមានការសង្ស័យ គាត់នឹងកូនប្រុសក៏ទៅបើកទ្វារបន្ទប់ជនរងគ្រោះ ស្រាប់តែឃើញជនរងគ្រោះ ដេកផ្កាប់មុខចងាកល់ទៅនិងកៅអីឈើ ពេលនោះបានលូកដៃទៅស្ទាបជើងជនរងគ្រោះ មានសភាពរឹង ទើបដឹងថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ក៏ស្រែកហៅបងស្រីបង្កើតជួយ និងជូនដំណឹងទៅប្រធានភូមិ ក៏បានរាយការណ៍ជូនសមត្តកិច្ចចុះធ្វើការពិនិត្យ។

តាមការពិនិត្យរបស់សមត្ថកិច្ច ជំនាញបច្ចេកទេសខេត្តកណ្តាល និងនគរបាលផ្នែកពិនិត្យវិភាគកន្លែងកើតហេតុក្រុងតាខ្មៅ ព្រមទាំងអាជ្ញាធរ លោកគ្រូពេទ្យ បានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារចងកពិតប្រាកដមែន ដោយមិនបានពាក់ពន្ធ័បទល្មើសផ្សេងឡើយ ខណៈជនរងគ្រោះបានសរសេរលិខិតបណ្ដាំទុក មុនពេលធ្វើអត្តឃាត ។

ការពិនិត្យចប់សព្វគ្រប់ សាកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
