header ads

Sponsor

ពិសី

ភ្នំពេញៈ ការធ្វើចរាចរឆ្លងកាត់ចំណុចរង្វង់មូលចោមចៅ នឹងត្រូវពង្វាងបណ្ដោះអាសន្នចាប់ពីព្រឹកព្រលឹមស្អែកនេះ ដើម្បីផ្ដល់លទ្ធភាពដល់ដំណើរការពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ដែលនឹងប្រព្រឹត្តទៅចាប់ពីម៉ោង៦៖០០នាទីព្រឹក ដល់ម៉ោង១២៖០០នាទីថ្ងៃត្រង់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី។ នេះបើយោងសេចក្ដីជូនដំណឹងរបស់អាជ្ញាធរក្រុងភ្នំពេញ កាលពីថ្ងៃទី២៧ ខែមិថុនា។

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងឲ្យប្រជាពលរដ្ឋ ជាពិសេសម្ចាស់រថយន្ដដឹកទំនិញគ្រប់ប្រភេទ និងម្ចាស់រថយន្ដដឹកអ្នកដំណើរ មានបំណងឆ្លងកាត់ចំណុចរង្វង់មូលចោមចៅ ត្រូវពង្វាងចរាចរណ៍ចេញ-ចូលរាជធានីភ្នំពេញ ទៅតាមទិសដៅដូចខាងក្រោម​៖

១/ ចំពោះរថយន្ដចរាចរមកពីទិសខាងលិច តាមបណ្ដោយផ្លូវជាតិលេខ៤ ចូលរាជធានីភ្នំពេញ ត្រូវធ្វើដំណើរតាមផ្លូវពង្វាងទៅតាមផ្លូវបែកចាន បត់ស្ដាំទៅទិសខាងត្បូង ឬផ្លូវកប់ស្រូវ បត់ឆ្វេងទៅទិសខាងជើង។

២/ ចំពោះរថយន្ដចរាចរមកពីផ្លូវជាតិលេខ៣ ចូលរាជធានី ត្រូវធ្វើដំណើរតាមផ្លូវពង្វាង បត់ស្ដាំទៅតាមផ្លូវព្រៃស មុខវត្តស្លែង ឬទៅតាមផ្លូវទួលពង្រ បត់ស្ដាំតាមផ្លូវ៣០ម៉ែត្រ ឆ្ពោះទៅផ្លូវចោមចៅ។

៣/ ចំពោះរថយន្ដធ្វើចរាចរតាមផ្លូវចោមចៅ ចេញក្រៅរាជធានី ទៅផ្លូវជាតិលេខ៣ ត្រូវធ្វើដំណើរតាមផ្លូវទួលពង្រ បត់ឆ្វេងត្រង់ចំណុចស្ដុប។

និងទី៤/ ចំពោះចរាចរណ៍ពីផ្លូវចោមចៅ ឆ្ពោះទៅផ្លូវជាតិលេខ៤ អនុញ្ញាឲ្យចរាចរធម្មតា។

បើតាមគម្រោង ការដ្ឋានសង់ស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅ គ្រោងនឹងប្រើរយៈពេល២០ខែ ដើម្បីស្ថាបនាឲ្យរួចរាល់ ដោយសារបច្ចុប្បន្ននេះ ស្ថានភាពចរាចរណ៍នៅចំណុចរង្វង់មូលចោមចៅ ក្នុងខណ្ឌពោធិ៍សែនជ័យ មានការកកស្ទះចរាចរណ៍ស្ទើររាល់ថ្ងៃ នៅតាមផ្លូវ​ជាតិ​លេខ៤​ ផ្លូវជាតិលេខ៣ និងមហាវិថីសហព័ន្ធរុស្ស៊ី។

សូមបញ្ជាក់ថា ចំពោះថវិកាសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីនេះ ជាថវិការបស់សាលារាជធានីភ្នំពេញ ដោយប្រើប្រាស់ការស្ថាបនា ខណៈដែល​កំណាត់​មហាវិថីសហពន្ធ័រុស្ស៊ី ចាប់ពីផ្លូវលេខ២០១១ ដល់រង្វង់មូលចោមចៅ ត្រូវបាន​ពង្រីកបន្ថែមឲ្យធំទូលាយ អាចឲ្យរថយន្តធ្វើចរាចរ​ចំនួយ​៣គន្លង ​ចូលក្នុង​ក្រុង និង៤គន្លង ចេញក្រៅក្រុង ដោយមានសួនច្បារនៅចំកណ្តាល និងមានដាក់ប្រព័ន្ធលូ២ខ្សែ គឺ១ខ្សែ នៅចំកណ្តាលសួន និង១ខ្សែទៀត ​ដាក់​នៅចិញ្ចើម​ផ្លូវ ត្រូវបានស្ថាបនារួចហើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post