
ភ្នំពេញៈ យោងតាមស្មារតីនៃជំនួបពិភាក្សានៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ រវាងគណៈគណៈប្រតិភូចិន (ក្រុងធានជីង) ដឹកនាំដោយលោក Li Xuyan និង លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បានអះអាងថា ក្រុងធានជីងមានបំណងចង់ឲ្យខេត្តព្រះសីហនុ និងទីក្រុង Tianjin បានក្លាយទៅជាខេត្តសម្ពន្ធ័មេត្រីភាព ឬខេត្តបងប្អូននឹងគ្នា។
លោក គង់ វិតាណៈ បានបញ្ជាក់ថា ការបង្កើតខេត្ត/ក្រុងសម្ពន្ធ័មេត្រីភាពនេះ វាមានប្រយោជន៍ដល់ភាគីទាំងពីរ ឲ្យមានភាពងាយស្រួលក្នុងការទំនាក់ទំនងគ្នាជួយគ្នា និងធ្វើការជាមួយគ្នាលើវិស័យមួយចំនួន ដូចជាវិស័យ អប់រំ សុខាភិបាល វប្បធម៌ ពាណិជ្ជកម្ម និងវិនិយោគជាដើម។

លោកបានបន្ថែមទៀតថា ទៅមុខទៀតភាគីទាំងពីរ នឹងរៀបចំបែបបទចាំបាច់នានា ដើម្បីឈានទៅចុះអនុសារណៈយោគយល់គ្នានៅពេលខាងមុខ បន្ទាប់ពីរដ្ឋាភិបាលនៃប្រទេសទាំងពីបានយល់ព្រម។

លោក Li Xuyan បានកោតសរសើរខេត្តព្រះសីហនុថា មានការរីចម្រើនលឿន និងមានភូមិសាស្រ្តល្អគួរឲ្យទាក់ទាញបំផុត។

សូមបញ្ជាក់ថា បន្ទាប់ពីពីជំនួបនេះ លោក Li Xuyan ដឹកនាំ គណៈប្រតិភូទៅទស្សនកិច្ច កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ និងតំបន់ សេដ្ចកិច្ចពិសេសខេត្តព្រះសីហនុផងដែរ៕