
ភ្នំពេញៈ កម្មករសំណង់ បានគាស់ទ្វារចូលទៅក្នុងបន្ទប់កូនក្រមុំគេ បម្រុងរំលោភ តែមិនបានសម្រេច ព្រោះនាងដឹងខ្លួនស្រែកឆោឡោ នាំគ្នាចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង។
ហេតុការណ៍ចាប់រំលោភនេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២និង០៣នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅបន្ទប់ជួល ក្នុងភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យឈ្មោះ ពៅ ឡុង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅបន្ទប់ជួលលេខ៧ ភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ។ ចំណែកនារីរងគ្រោះឈ្មោះ គ ល ត ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុមានម្តាយឈ្មោះ ងន រី អាយុ៣៥ឆ្នាំ មុខរបរ កម្មករសំណង់ មិនបានស្នាក់នៅជាមួយ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ នារីរងគ្រោះកំពុងដេកក្នុងបន្ទប់ម្នាក់ឯង បិតទ្វារដាក់គន្លឹះជាប់ ស្រាប់តែនៅវេលាម៉ោងខាងលើ ជនសង្ស័យចូលទៅធ្វើសកម្មភាពគាស់ទ្វារ ស័ង្កសី លូកដៃដកគន្លឹះទ្វារចូលក្នុងបន្ទប់ ឡើងលើគ្រែយកខ្នើយទៅខ្ទប់មាត់នារីរងគ្រោះ ប្រុងចាប់រំលោភ តែមិនបានសម្រេច ដោយសារនាងរើរួចស្រែក ឆោឡោ ទើបផ្អើលដល់ពូរបស់នាងម្នាក់ ស្នាក់នៅបន្ទប់ក្បែរនោះ មកជួយចាប់ប្រគល់ឲ្យនគរបាលប៉ុស្តិ៍កន្ទោកតែម្តង ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍កន្ទោកកសាងសំណុំរឿងរួចបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕