header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា កម្ពុជា-ចិន បានប្ដេជ្ញាចិត្តនឹងបន្ដរួមគ្នាធ្វើសមយុទ្ធនាគមាស នៅឆ្នាំ២០១៩ខាងមុខនេះ ដើម្បីឲ្យកងទ័ពនៃប្រទេសទាំងពីរមានឆន្ទៈ និងទឹកចិត្តមោះមុត សម្រាប់បម្រើផលប្រយោជន៍ទៅដល់ប្រជាជន និងសង្គមជាតិ។

ក្រោយបញ្ចប់ជំនួបពិភាក្សាគ្នាជាមួយនាយឧត្តមសេនីយ៍ វៃ ហ្វេនហេ សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ដ្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា កម្ពុជា-ចិន បានធ្វើការផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត ជាពិសេសវិស័យយោធា។

សម្ដេចបន្តថា “នឹងរួមគ្នាថា យើងនឹងបន្ដ នឹងធ្វើកិច្ចសហប្រតិបត្តិការក្នុងសមយុទ្ធនាគមាសបន្ដទៀត នៅឆ្នាំក្រោយនេះ។ ក៏ដូចជាយើងត្រៀម ដើម្បីទទួលនូវការសុំចតរបស់នាវាកងទ័ពជើងទឹករបស់សាធារណរដ្ឋប្រជាមានិតចិន ដែលនឹងសុំចតទស្សនកិច្ច និងផ្លាស់ប្ដូរបទពិសោធន៍ជាមួយគ្នា នៅពេលខាងមុខនេះ”

ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ក៏បានអះអាងថា ចិន បានប្រកាសផ្ដល់ជំនួយឥតសំណងជាង៨៤៥លានយ័ន ដល់វិស័យយោធាកម្ពុជា។

ជុំវិញបញ្ហា “សមយុទ្ធនាគមាស” រវាងកម្ពុជា-ចិនកន្លងមក សម្ដេចពិជ័យសេនា ទៀ បាញ់ ធ្លាប់មានប្រសាសន៍ថា សមយុទ្ធនាគមាសកម្ពុជា-ចិន មិនមែនជាការគំរាមកំហែងដល់ប្រទេស ឬបុគ្គលណានោះទេ ធ្វើឡើងដើម្បីផ្លាស់ប្តូរបទពិសោធន៍ រវាងកងទ័ព នៃប្រទេសទាំងពីរ និងដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍ នៃការទំនាក់ទំនងការទួត៦០ឆ្នាំកម្ពុជា-ចិនប៉ុណ្ណោះ។

សូមរំឭកថា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ កម្ពុជា-ចិន ក៏បានបើកសមយុទ្ធមានឈ្មោះថា "នាគមាស ឆ្នាំ២០១៨" ក្នុងនោះ ក៏បានបាញ់គ្រាប់ពិតចំនួន១៨០០០គ្រាប់ផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post