
រថយន្ដហ៊ីយ៉ានដាយដឹកដីប្រភេទធំ កិនម៉ូតូធូដេ និងបុរសវ័យចំណាស់ម្នាក់បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ នៅត្រង់ចំណុចមុខបូរីពិភពថ្មី ឋិតនៅក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឯក សឿន ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរនៅផ្ទះ មានស្រុកកំណើតនៅអូរកន្តិល ដង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ ចំណែកតៃកុងរថយន្ដ ក្រោយបង្កហេតុ បានចុះពីលើរថយន្ដរត់គេចខ្លួនបាត់ស្រមោល។
សាក្សីឃើញហេតុការណ៍បានប្រាប់ឲ្យភ្នាក់ងារ CAM POST ដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសវ័យចំណាស់ម្នាក់ ជិះម៉ូតូ១គ្រឿង ម៉ាក HONDA TODAY ពណ៌ផ្កាឈូក ពាក់ស្លាកលេខ រតនគិរី 1E-2414 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៧ ក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុ ជនរងគ្រោះបានបត់ចូលក្នុងបុរីពិភពថ្មីចំការដូង ខណៈនោះស្រាប់តែមានរថយន្ដ១គ្រឿង ម៉ាក HYUNDAI ពណ៌ប្រផេះ ពាក់ស្លាកលេខ កណ្តាល 3A-0914 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងមកដល់ជ្រុលបុកម៉ូតូពេញទំហឹង ធ្វើឲ្យជនរងគ្រោះខ្ទាតចូលក្រោមកង់រថយន្ដអូសជាង៥០ម៉ែត្រ បណ្ដាលឲ្យស្លាប់ភ្លាមៗតែម្តង។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅវាស់វែងអូសរថយន្ដ និងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានរាជធានីភ្នំពេញ។ ចំណែកសាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកំណើត៕
