
ប៉ៃលិនៈ ស្រ្តីជាង៥០ឆ្នាំម្នាក់ បានរងរបួសបាក់ដៃឆ្វេង ខណៈកំពុងជិះម៉ូតូ ត្រូវរថយន្តមួយគ្រឿងបើកដោយជនជាតិថៃបុកក្នុងទិសដៅសញ្ច្រាសគ្នា កាលពីម៉ោង៩៖១៤នាទីព្រឹក ថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចជិតវត្តព្រំគីរីមកត៌ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ស្រ្តីរងគ្រោះឈ្មោះ សិទ្ធិ ពៅ អាយុ៥៤ឆ្នាំ មុខរបបលក់ដូរ មានទីលំនៅក្នុងភូមិអូប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ជិះម៉ូតូម៉ាកហុងដា សេ១២៥ ផលិតឆ្នាំ២០១៨ ពណ៌ខ្មៅ គ្មានស្លាកលេខ។ ចំណែករថយន្តបង្កម៉ាកម៉ាសស្តា (Mazda) ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ចាន់បូរី ៤០៦៥ បើកបរដោយឈ្មោះ ប្រាក់ កាត់ ភេទប្រុស អាយុ ៥៩ឆ្នាំ ជនជាតិថៃ មុខរបរអាជីវករ (ចូលដីថ្មី) មានប្រពន្ធឈ្មោះ ជិត សុខគុណ អាយុ៤២ឆ្នាំ មុខរបបមេផ្ទះ អ្នកទាំងពីររស់នៅភូមិឃុំកើតហេតុខាងលើ។

សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញមានភាគីរថយន្តបើកបរយ៉ាងលឿនពីកើតទៅលិច លុះដល់កន្លែងកើតហេតុ ក៏ស្រាប់តែបុកជាមួយម៉ូតូស្រ្តីរងគ្រោះ ដែលជិះពីលិចទៅកើតពីក្រោយពេញមួយទំហឹង បណ្តាលឱ្យភាគីខាងម៉ូតូរងរបួស បាក់ដៃម្ខាង។

ក្រោយកើតហេតុភ្លាមៗនោះ សមត្ថកិច្ចជំនាញបាន ចុះទៅដល់កន្លែងកើតហេតុ រួចបានវាស់វែង រួចយករថយន្ត និងម៉ូតូទៅកាន់អធិការដ្ឋានក្រុងប៉ៃលិន រង់ចាំការដោះស្រាយនៅពេលក្រោយ។ ចំណែកស្រ្តីរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ៕
