
ភ្នំពេញៈ ក្រោយពីកញ្ញា កឹម មនោវិទ្យា បានស្នើឲ្យសហរដ្ឋអាមេរិក បន្តចំណាត់ការផ្សេងៗទៀតលើកម្ពុជា ដើម្បីជម្រុញកម្ពុជាមកត្រឡប់ដើរលើគន្លងប្រជាធិបតេយ្យវិញ លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឆ្លើយតបវិញថា “វាជារឿងធម្មតាទៅហើយ ដែលមានឪពុកជាប់ឃុំឃាំង ហើយកូនស្រីខិតខំធ្វើគ្រប់យ៉ាងដើម្បីអោយ ឪពុកបានរួចខ្លួន ហើយជារឿងមួយ គួរអោយខ្មាសអៀន ដែលខ្លួនជាខ្មែរ ទៅស្នើអោយអាមេរិកធ្វើបែបនេះ។ យើងមិនយកចិត្តទុកដាក់ទេ គេថាអីថាទៅ ព្រោះកម្ពុជា ជារដ្ឋឯករាជ្យ បច្ចុប្បន្នប្រទេសកម្ពុជា ស្ថិតក្នុងឆាកអន្តរជាតិ មិនមែនកម្ពុជាស្ថិតនៅឯកោតែម្នាក់ឯងនោះទេ”។

សូមបញ្ជាក់ថា ការឆ្លើយតបនេះ ក្រោយពីហ្វេសប៊ុករបស់លោក កឹម សុខា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ បានឲ្យដឹងថា កញ្ញា កឹម មនោវិទ្យា បានជួបពិភាក្សាអំពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ជាមួយលោក ស្កត់ បាស់ប៊ី ឧបការីរងក្រសួងការបរទេសអាមេរិកទទួលបន្ទុកសិទ្ធិមនុស្ស។ ក្នុងជំនួបនោះ កញ្ញាក៏បានថ្លែងអំណរគុណ ដល់ក្រសួងការបរទេសអាមេរិកដែលបានជំរុញឲ្យមានចំណាត់ការមកលើការបំពានសិទ្ធិមនុស្សនៅកម្ពុជា។
កញ្ញា កឹម មនោវិទ្យា បានលើកឡើងថា “ស្នើសហរដ្ឋអាមេរិកឲ្យបន្តនឹងបន្ថែមនូវចំណាត់ការផ្សេងៗទៀត ក្នុងគោលបំណងជម្រុញឲ្យប្រទេសកម្ពុជា ត្រឡប់មកដើរលើគន្លងប្រជាធិបតេយ្យវិញ ដើម្បីឲ្យយមានសន្តិភាព និងការបង្រួមបង្រួមជាតិ យូរអង្វែង ឈរលើមូលដ្ឋានគោរពគ្នាទៅវិញទៅមក”៕
