header ads

Sponsor

រិទ្ធី

នៅព្រឹកថ្ងៃសៅរ៍ ១១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ នេះ សួនសត្វភ្នំពេញសាហ្វារី (Phnom Penh World Safari) ដែលជាសួនសត្វដ៏ធំដំបូងគេក្នុងរាជធានីភ្នំពេញដែលមានតម្លៃ១០លានដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ហើយ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សួនសត្វភ្នំពេញសាហ្វារី គឺជាព្រៃកម្សាន្ដភ្នំពេញទីមួយដ៏ធំជាងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលវិនិយោគសាងសង់ដោយ អិល វ៉ាយ ភី គ្រុប (LYP Group) សាងសង់នៅលើផ្ទៃដីជាង ៦០ហិចតាក្នុងជំហានទី១ ដែលមាន លោកឧកញ៉ា លីយ៉ុង ផាត់ជា ម្ចាស់ក្រុមហ៊ុនផ្ទាល់ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបថ្មី របស់អ្នកឧកញ៉ា លី យ៉ុង ផាត់ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ប្រមាណ ១៨គីឡូម៉ែត្រពីរាជធានីភ្នំពេញ។

សួនសត្វនេះហ៊ុមព័ទ្ធទៅដោយរចនាបថដ៏សម្បូរបែបលំនាំតាមសម័យអង្គរ ទាំងក្នុង និងក្រៅ អមជាមួយព្រៃឈើរាប់សិបហិកតា ជាតំបន់ទេសចរណ៍ដ៏សំខាន់សម្រាប់សម្រាកលំហែកាយ។

ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយក្រៃលែង ដែលបានអញ្ជើញដាក់សម្ពោធជាផ្លូវការ សួនសត្វ ភ្នំពេញសាហ្វារី នាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី មានមោទនភាព នឹងអបអរសាទរ ចំពោះក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ដែលពេលនេះបានបង្កើតនូវសួនសត្វដ៏ធំដំបូងគេក្នុងរាជធានីភ្នំពេញ ដែលទីនេះនឹងក្លាយជាកន្លែងទាកទាញទេសចរណ៍កម្សាន្ត សម្រាកលំហែលកាយ និងសម្រាប់បងប្អូនប្រជាពលរដ្ឋ និងក្មួយៗសិស្សានុសិស្សបានមកកំសាន្ត និងសិក្សាអំពីជីវិតរស់នៅនៃសត្វដ៏កម្ររបស់កម្ពុជាយើង។ សួនសត្វនេះ ក៏នឹងផ្តល់ផលប្រយោជន៍ដល់បងប្អូនដែលរស់នៅជាប់តំបន់នេះផងដែរ។

សូមបញ្ជាក់ថានៅតំបន់នេះ ក្រៅពីសួនសត្វសាហ្វារីថ្មីក៏មាននូវសណ្ឋាគារលំដាប់ផ្កាយ៥ ទីលានវាយកូនគោលទំនើប ពហុកីឡដ្ឋានជាតិ និងវិមានឈ្នះ-ឈ្នះដែលកំពុងសាសងសង់ជិតរួចរាល់ហើយ។ វិមានឈ្នះ-ឈ្នះ នេះគឺ ដែលទីកន្លែងប្រវត្តិសាស្ត្រមួយទៀតដើម្បីប្រជាពលរដ្ឋខ្មែរ ក៏ដូចជាយុវជនអាចសិក្សាស្វែងយល់អំពីកម្ពុជាដែលបានបញ្ចប់សង្គ្រាមទាំងស្រុងក្នុងរយៈពេល២០ឆ្នាំដោយសារស្នាដៃកូនខ្មែរ និងដោយសារនយោបាយឈ្នះ-ឈ្នះរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។  វិមានឈ្នះ-ឈ្នះនេះនឹងសម្ពោធជាផ្លូវការនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ដែលពិធីនេះនឹងធ្វើឡើងយ៉ាងឧឡារឹកបំផុត។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post