header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ក្រុមចោរប្លន់ប្រដាប់អាវុធជនជាតិចិនមួយក្រុម មានគ្នា៤នាក់ ប្រដាប់ដោយអាវុធ ជិះឡានទំនើប Rolls Royce ធ្វើសកម្មភាពប្លន់ជនជាតិខ្មែរម្នាក់ កាលពីម៉ោង​៨៖៤០នាទី​យប់ថ្ងៃ​​​​សុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងក្លឹបកាហ្សា២ នៅចំណុចអតីតផ្សារទំនើបអូស៊ីអាស៊ាន ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្រោយកើតហេតុជាង២ម៉ោង ជនរងគ្រោះ​ឈ្មោះ គង់ ទីប៉ោ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររត់រថយន្តឈ្នួល មានទីលំនៅសង្កាត់ដង្កោ រាជធានីភ្នំពេញ បានទៅដាក់ពាក្យបណ្ដឹង​នៅ​ការិយាល័យជំនាញ ថាមានជនជាតិចិនគ្នា៤នាក់ ប្រដាប់ដោយអាវុធខ្លីម៉ាករ៉ូឡូ ប្លន់គាត់ដោយប្រើវិធីវីឆាត " Wechat " ហៅគាត់​យកលិខិតឆ្លងដែនទៅបន្តទិដ្ឋាកា" ។ ហើយក្រុមជនសង្ស័យយកសម្ភាររបស់គាត់រួមមាន ៖ លុយ៥០០ដុល្លារ បណ្ណ័បើកបរ១សន្លឹក បណ្ណ័សំគាល់រថយន្ត១សន្លឹក និង​អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១សន្លឹក។

ក្រោយពេលទទួលបានពាក្យបណ្តឹងរួច ក្រោមការបញ្ជាចង្អុលដឹកនាំពីលោកឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួល​​នី​តិវិធីដោយលោក គៀង សុន្ធារោ ព្រះរាជ្ញារងអមសាលាដំបូងខេត្ត កម្លាំងជំនាញផែនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋានក្រុង/ប៉ុស្តិ៍ និងកងអន្តរាគមន៍ពិសេស ធ្វើការស្រាវជ្រាវ រហូតដល់ម៉ោង១១យប់ថ្ងៃដដែល ទើប​កម្លាំងជំនាញ កំណត់មុខសញ្ញាបានម្នាក់ ដែលកំពុងផឹកស៊ីនៅក្លឹបកម្សាន្ត CASA ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។ 

ពេលនោះ កម្លាំងជំនាញបានធ្វើការហ៊ុំពទ័ចាប់ខ្លួនជនសង្ស័យឈ្មោះ Ly Ker Xing ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចិន មុខរបរបើកបររថយន្តកាស៊ី​ណូ កាន់លិខិតឆ្លងដែនលេខ E88340722 ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ ផុតកំណត់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ ទិដ្ឋាការលេខ E1-01359781 ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ផុតកំណត់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ។

ក្រោយឃាត់ខ្លួន កម្លាំងជំនាញ​ដកហូត​វត្ថុតាងរួមមាន ៖ លុយដុល្លារ ៥០០ដុល្លា (របស់ជនរងគ្រោះ) អាវុធខ្លី១ដើម ម៉ាករ៉ូឡូ លេខ38.SWPL (គ្រាប់ ៣គ្រាប់) ផលិតនៅ USA (អាវុធធ្វើសកម្មភាព)  និង​រថយន្តម៉ាក Rolls Royce ពណ៌ស្លែ ស្លាកលេខភ្នំពេញ ២BP-៦៦៦៦(មធ្យោបាយធ្វើសកម្មភាព)។ ចំណែកជនសង្ស័យ ៣នាក់ទៀត ជាជនជាតិចិន កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវបន្ត។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post