header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កីឡាៈ កីឡាករ ចាន់ វឌ្ឍនាកា សមាជិក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ដែល​ទើប​តែ​ផ្តាច់កិច្ចសន្យា​ជាមួយ​ក្លិប Pahang FA សមាជិក​ពានរង្វាន់​លីគ​កំពូល​ម៉ាឡេស៊ី នា​ពេល​​កន្លង​ទៅ នៅ​ពេល​នេះ​បាន​សម្រេច​ចិត្ត​ចូលរួម​ជាមួយ​ក្រុម​ចាស់​បឹងកេត វិញ​ហើយ ​បើ​ទោះបី​ជា​មាន​ការ​ចចារ​ពី​ក្លិប​បរទេស​មួយ​ចំនួន​ក៏​ដោយ។

ដំណើរ​ត្រឡប់​មក​មាតុភូមិ​វិញ​របស់ ចាន់ វឌ្ឍនាកា គឺ​មាន​បេសកម្ម​ជួយ​ក្រុម​បឹងកេត ប្រកួត​ក្នុង​ជើង​ទី២​នៃ​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Metfone Cambodian League 2018 និង​ពានរង្វាន់​សម្តេចតេជោ ហ៊ុន សែន ឆ្នាំ​២០១៨ ចាប់​ពី​ខែ​កក្កដា តទៅ។

ក្នុង​សន្និសិទសារព័ត៌មាន​ផ្លូវការ​នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​២៣ ខែ​មិថុនា ឆ្នាំ​២០១៨ ​នេះ​កីឡាករ ចាន់ វឌ្ឍនាកា បាន​លើក​ឡើង​ថា «មាន​ហេតុ​ផល៣យ៉ាង​ដែល​ខ្ញុំ​សម្រេច​មក​បន្ត​អាជីព​នៅ​កម្ពុជា​វិញ​ព្រោះ​​ ទី១.ខ្ញុំ​មើល​ឃើញ​សក្ដានុពល​របស់​លីគ​កំពូល​កម្ពុជា បច្ចុប្បន្ន​ មាន​ក្រុម​ដែល​អាច​ប្រកួត​ប្រជែង​គ្នា​ច្រើន ទី២.ខ្ញុំ​ឃើញ​ចក្ខុវិស័យ​ និង​មាន​ឆន្ទៈខ្ពស់​របស់​ថ្នាក់ដឹកនាំ​ក្នុង​ការ​ដឹកនាំ​ក្លិប និង​ទី៣.គឺក្រុមទាំងមូល​ មាន​ឆន្ទៈ​ចង់​ឈ្នះលីគ​កំពូល​កម្ពុជា​ ដែល​ធ្វើ​ឲ្យ​ខ្ញុំមាន​ឆន្ទៈ​ចង់បាន​​លេង​នៅ​កម្ពុជាវិញ»។

លោក បែ មករា អ្នកចាត់ការទូទៅ​របស់​ក្រុម​បឹងកេត រីករាយ​នឹង​ដំណើរ​ត្រឡប់​មក​វិញ​របស់ ចាន់ វឌ្ឍនាកា ដោយ​ចូលរួមជាមួយ​ក្រុម​លោក។ លោក​ជឿជាក់​ថា ​ក្រុម​នឹង​អាច​បន្ត​ឱកាស​ប្រជែង​ពានរង្វាន់​បាន​ទៀត​នៅ​ឆ្នាំ​នេះ​ ព្រោះ​ថា​ក្រុម​លោក​សំបូរ​ទៅដោយ​កីឡាករ​ឆ្នើមៗ​បរទេស​ដែល​មាន​ស្រាប់​​ដូចជា ​Maycon Calijuri, Samuel Ajayi, Julius Oiboh, Esoh Paul Omogba និង​Hikaru Mizuno ជាដើម។

កីឡាករ ចាន់ វឌ្ឍនាកា ជា​អតីត​យុវជន​របស់​ក្លិប​ព្រះខ័នរាជស្វាយរៀង (ព្រះខ័នរាជ) ដែល​ចាប់​អាជីព​ដំបូង​កាល​ពី​ឆ្នាំ​២០១១ នៅក្នុង​ឈុត​ធំ​ក្រុម​នេះ ស្រប​ពេល​នៅ​ឆ្នាំ​២០១២ រូប​គេ​បាន​ផ្ទេរ​ទៅ​កាន់​ក្លិប​បឹងកេត រហូត​ដល់​ចុង​ឆ្នាំ​២០១៦ មុន​ចេញ​ទៅ​ជប៉ុន ដោយ​ចូលរួម​ជាមួយ​ក្លិប Fujieda MYFC សមាជិក​ពានរង្វាន់​លីគ​លំដាប់​ទី៣ (J3-league)។

នៅ​ដើម​ឆ្នាំ​២០១៨ ក្រោយ​ចប់​កិច្ចសន្យា​​នៅ​ប្រទេស​ជប៉ុន ចាន់ វឌ្ឍនាកា បាន​បន្ត​ដំណើរ​ទៅ​ប្រទេស​ម៉ាឡេស៊ី ជាមួយ Pahang FA ខណៈ​ដែល​ចាយពេល​ប្រហែល​៣ខែ​ក៏​ក្លិប​នេះ​បាន​សម្រេច​បញ្ចប់​កិច្ចសន្យា​ជាមួយ​ ចាន់ វឌ្ឍនាកា តែ​ម្តង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post