header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

សៀមរាបៈ អាជ្ញាធរជាតិអប្សរា ព្រមានចាត់វិធានការយ៉ាងតឹងរឹងចំពោះការបង្ហោះ Drone ក្នុងតំបន់រមណីយដ្ឋានអង្គរ។ ការព្រមាននេះធ្វើឡើង ក្នុងកិច្ចប្រជុំមួយដឹកនាំដោយលោក​ សុខ សង្វារ អគ្គនាយករង អាជ្ញាធរជាតិ ចេញផ្សាយដោយមន្ទីរព័ត៌មានខេត្តសៀមរាប នៅថ្ងៃទី១៣ មិថុនា ២០១៨នេះ។

អាជ្ញាធរជាតិអប្សរាថ្មីៗនេះបានបើកកិច្ចប្រជុំពិភាក្សាជាមួយស្ថាប័នជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធផ្សេងៗដូចជា តំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាងសាលាខេត្តសៀមរាប តំណាងស្នងការនគរបាលខេត្តសៀមរាប តំណាងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ តំណាងនាយកដ្ឋាននគរការពារបេតិកភណ្ឌ តំណាងគ្រឹះសា្ថនអង្គរ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប តំណាងមន្ទីរទេសចរណ៍ខេត្តសៀមរាប តំណាងមន្ទីរព័ត៌មានខេត្តសៀមរាប សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ទាំង៦នៅខេត្តសៀមរាប តំណាងសមាគមទីភ្នាក់ងារទេសចរណ៍នៅខេត្តសៀមរាប និងមេធាវីរបស់អាជ្ញាធរជាតិអប្សរាជាដើម ដើម្បីរិះរកវិធានការស្របច្បាប់ និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព ពិសេសការទប់ស្កាត់ការបង្ហោះយន្តហោះខ្នាតតូច (Drone) ក្នុងតំបន់អង្គរឲ្យកាន់តែមានប្រសិទ្ធភាពជាងមុន រួមទាំងការរិះរកវិធានការពិន័យតឹងរឹងបន្ថែមទៀត ខណៈដែលការលួចបង្ហោះ Drone ក្នុងរមណីយដ្ឋានអង្គរមានការកើនឡើងយ៉ាងគំហុក ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ពោលគឺត្រីមាសទី១ ឆ្នាំ២០១៧ មានចំនួន៥៨ គ្រឿង និងត្រីមាសទី១ឆ្នាំ២០១៨ មានរហូតដល់ចំនួន ១៥៨ គ្រឿង។

បើទោះជាអាជ្ញាធរជាតិអប្សរាធ្លាប់បានផ្សព្វផ្សាយជាសាធារណៈតាមរយៈសេចក្តីជូនដំណឹងលេខ៦៧៧/១៦រប.សជណ ហើយក្រុមការងារបានព្យាយាមទប់ស្កាត់យ៉ាងណាក្តី។

ជាលទ្ធផល កិច្ចប្រជុំនេះបានព្រមព្រៀងគ្នាដើម្បីបង្កើតក្រុមការងារចម្រុះមួយដែលនឹងពិភាក្សាទៅលើអង្គច្បាប់ ដើម្បីចាត់វិធានការតឹងរឹងបន្ថែមទៀត។

ចំណែកវិធានការជាបណ្តោះអាសន្ន គឺត្រូវចាប់Droneរក្សាទុកមួយរយៈជាបណ្តោះអាសន្ន និងតម្រូវឲ្យម្ចាស់បំពេញបែបបទស្នើសុំតាមក្រោយ។

ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរានិងស្ថាប័នពាក់ព័ន្ធផ្សេងទៀត នឹងរៀបចំការផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយថែមទៀត នូវបម្រាមប្រើប្រាស់Droneក្នុងតំបន់អង្គរ ដូចជា ការបោះពុម្ពផ្ទាំងប៉ាណូធំៗ ការដាក់សញ្ញាហាមឃាត់នៅលើបណ្ណទស្សនា និងការផ្សព្វផ្សាយនៅលើគេហទំព័រទេសចរណ៍ជាដើម ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post