header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ពោធិ៍សាត់ៈ ​ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយសកម្មជនយុវជន និងបញ្ចូលសមាជិកសមាជិកាយុវជនគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ កាលពីថ្ងៃសៅរ៍ ទី២៣ មិថុនា លោក ហ៊ុន ម៉ាណែត បានថ្លែងថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលបញ្ចប់សង្គ្រាម កសាងប្រទេសឲ្យមានការរីកចម្រើន ប្រកាន់របបប្រជាធិបតេយ្យ ប៉ុន្តែគណបក្សប្រឆាំង បានរៀបចំផែនការបំផ្លាញប្រជាធិបតេយ្យ បំផ្លាញសុខសន្តិភាព បំផ្លាញសន្តិសុខ សេដ្ឋកិច្ច នៅក្នុងការរស់នៅរបស់ប្រជាពលរដ្ឋតាមរយៈការបះ​បោរ។ គេប្រើប្រាស់ឧបាយកលគ្រប់បែបយ៉ាង ដែលគេគិតថា មានបរទេសនៅពីក្រោយ។ ប៉ុន្តែប្រវត្តិសាស្រ្តបានបង្ហាញឲ្យឃើញច្បាស់ហើយថា ដោយសារតែការលូកដៃរបស់បរទេសនៅពីក្រោយនេះ ហើយបានធ្វើឲ្យប្រទេសធ្លាក់ទៅក្នុងសង្គ្រាម។

លោក​ ហ៊ុន ម៉ាណែត បន្តថា គណបក្សប្រជាជនកម្ពុជា ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥១ ដោយអ្នកស្នេហាជាតិរួមគ្នា ដើម្បីកសាងប្រទេសយើង រំដោះប្រទេសជាតិយើងពីសង្គ្រាមចក្រពត្តិ ពីរបបប្រល័យពូជសាសន៍ប៉ុលពត រំដោះការកាប់សម្លាប់គ្នា ដោយសារគោលនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ដែលយើងបានរំដោះប្រជាពលរដ្ឋយើងតាំងពីបាតដៃទទេរហូតមកដល់មានការរីកចម្រើនបានប៉ុណ្ណោះ។

លោកថា បក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ដែលដឹកនាំប្រទេសយូរជាងគេ មានបទពិសោធន៍ច្រើនជាងគេនិងជាគណបក្សដែលធំជាងគេ។ ដូច្នេះការចូលរួមរបស់យុវជនជាមួយគណបក្សប្រជាជនកម្ពុជាមិនមែនជាការចៃដន្យទេ គឺឆ្លងកាត់ការវាយតម្លៃរបស់គណៈកម្មការបក្សព្រោះសកម្មជនយុវជនគឺជាតំណាងរបស់បក្សដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានសីលធម៌ គុណធម៌ មានការទទួលខុសត្រូវចំពោះភារកិច្ចដែលបក្សប្រគល់ឲ្យដើម្បីបម្រើបក្សនិងបម្រើប្រជាជន។ ប្រទេសកម្ពុជា ប្រកាន់របបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដែលនៅក្នុងនោះគណបក្សប្រជាជនកម្ពុជាជាគណបក្សកាន់អំណាចប៉ុន្តែមិនមែនមានតែគណបក្សមួយទេហើយប្រជាជនមានសិទ្ធិសេរីភាពនៅក្នុងការជ្រើសរើសជាមួយគណបក្សនយោបាយណាដែលខ្លួនពេញចិត្ត។ជាក់ស្ដែងការចូលរួមរបស់យុវជនជាមួយនឹងគណបក្សប្រជាជនកម្ពុជាគឺគ្មានការបង្ខិតបង្ខំណាមួយឡើយ។ យើងស្រលាញ់បក្ស យើងជួយបក្ស នៅពេលដែលបក្សឈ្នះគឺបក្សជួយប្រជាជនយើង ជួយដល់គ្រួសារយើង ជួយផ្ដល់ឱកាសគ្រប់បែបយ៉ាងដល់យុវជនបន្តទៀត។ នេះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បងប្អូនយុវជន។ នេះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវនិងជាកិត្តិយសរបស់បងប្អូនយុវជនហើយខ្ញុំសូមអរគុណចំពោះការសម្រេចចិត្តនេះ។

លោកបន្តទៀតថា សូមយុវជនយល់អំពីតម្លៃនិងអ្វីដែលជាមោទនភាពរបស់យើង ជាកិត្តិយសរបស់យើងជាយុវជនគណបក្ស ជាអ្នកបន្តវេនពីជំនាន់ឪពុកម្ដាយយើងហើយយើងបន្តកសាងអោយកាន់តែល្អដើម្បីផ្ទេរទៅអោយជំនាន់កូនយើង ជំនាន់ចៅយើងជាបន្តបន្ទាប់ទៀត។ សូមថ្លែងអំណរគុណនិងកោតសរសើរក្រុមការងារគណបក្សខេត្តពោធិសាត់ដែលបានយកចិត្តទុកដាក់នៅក្នុងការកសាងធនធានមនុស្សរបស់បក្ស មានរចនាសម្ព័ន្ធចាត់តាំងច្បាស់លាស់ បំពាក់បំប៉នស្មារតី សតិអារម្មណ៍ និងគោលនយោបាយច្បាស់លាស់ យុវជនយល់អំពីកាតព្វកិច្ចរបស់ខ្លួនច្បាស់លាស់ នេះហើយគឺជាភាពឈ្នះនិងជានិរន្តរភាពរបស់យើង។

លោក ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ប្រទេសកម្ពុជាគឺជាប្រទេសប្រជាធិបតេយ្យដូច្នេះមានតែការបោះឆ្នោតតែមួយគត់និងជាវិធីសាស្ត្រតែមួយគត់ដែលជ្រើសរើសអ្នកដឹកនាំប្រទេសប្រកបដោយសន្តិវិធី ដោយយុត្តិធម៌និងបែបលទ្ធិប្រជាធិបតេយ្យ។ ដូច្នេះសូមយុវជនត្រូវយល់ឲ្យច្បាស់និងត្រូវចូលរួមថែរក្សាសុខសន្តិភាពការអភិវឌ្ឍនិងជំរុញឲ្យប្រជាពលរដ្ឋឲ្យទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នានិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីបន្តដឹកនាំប្រទេសឲ្យមានការរីកចម្រើន។ សូមឲ្យយុវជនកុំចូលរួមសកម្មភាពទាំងឡាយណាដែលប៉ះពាល់ដល់សន្តិសុខនិងស្ថេរភាពសង្គម និងចូលរួមទប់ស្កាត់ការពារផលប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជាជន និងថ្កោលទោសចំពោះបុគ្គលនយោបាយទាំងឡាយណាដែលធ្វើឲ្យខូចប្រយោជន៍ប្រជាជននិងប្រទេសជាតិ។ យើងធ្វើដើម្បីការពារយុត្តិធម៌សម្រាប់ខ្លួនយើង ប្រជាជននិងនិងគណបក្សរបស់យើង។យើងគោរពច្បាប់ ការពារនីតិរដ្ឋ ឯករាជ្យអធិបតេយ្យភាពអនុវត្តច្បាប់ដើម្បីទប់ស្កាត់ការជ្រៀតជ្រែករបស់បរទេស។

ក្នុងឱកាសនោះដែរ លោក ហ៊ុន ម៉ាណែត ក៏បាន​សូមឲ្យយុវជននិងសមាជិកសមាជិការទាំងអស់ទៅបោះឆ្នោតឱ្យបានគ្រប់គ្រប់គ្នានិងនិងជំរុញប្រជាពលរដ្ឋទៅបោះឆ្នោតគាំទ្រនិងនិងលើកទឹកចិត្តដល់សម្តេចតេជោហ៊ុន សែន ដើម្បីដឹកនាំប្រទេសអោយរីកចម្រើនជាបន្តទៀត។ នេះហើយគឺជាអនាគតជាតិរបស់យើង នេះគឺជាអ្វីដែលយើងត្រូវធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋគាំទ្រគណបក្សប្រជាជនកម្ពុជាដើម្បីការពារនីតិរដ្ឋ ការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ការពារលទ្ធិប្រជាធិបតេយ្យការពារសុខសន្តិភាពជូនប្រជាពលរដ្ឋនិងសិទ្ធិដើម្បីបម្រើប្រជាពលរដ្ឋតទៅទៀត។ ព្រោះថាអនាគតរបស់យើងគឺពឹងផ្អែកលើរាជរដ្ឋាភិបាលដែលមានបទពិសោធន៍សមត្ថភាព រក្សាសុខសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍដើម្បីយើងទាំងអស់គ្នា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post