header ads

Sponsor

ពិសី

ភ្នំពេញៈ ប្រទេសកម្ពុជា មានដៃគូប្រកួតប្រជែងច្រើន ដែលមានលទ្ធភាពទាក់ទាញរោងចក្រ ចេញពីកម្ពុជា ដូច្នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងចំពោះមុខ កម្មករ-កម្មការិនី ជាង២ម៉ឺននាក់ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ថា ត្រូវរួមគ្នាថែរក្សា រោងចក្រទាំងអស់ ដែលមាននៅកម្ពុជា កុំឲ្យដកចេញពីកម្ពុជា ទៅរកប្រទេសផ្សេងទៀត ។

ប្រទេសដែលថៅកែអាចនឹងដកចេញពីកម្ពុជា ឆ្ពោះទៅវិនិយោគនោះរួមមាន៖ ប្រទេសបង់ក្លា ដេស, ស្រីលង្កា, ឥណ្ឌា, ភូមា, ថៃ ដោយសារប្រទេសទាំងនោះ មានប្រាក់បៀវត្សតិចជាងកម្ពុជា ដូច្នេះថៅកែអាច នឹងពិចារណាដកចេញ បើកម្ពុជាគ្មានស្ថិរភាពនយោបាយល្អ ជាពិសេស ក្នុងរោងចក្រ បើមិនសហការគ្នា ហើយនឹងមានបាតុកម្មជាដើមនោះ ។

បច្ចុប្បន្នកម្ពុជា មានរោងចក្រកាត់ដេរ ជាង១១០៧ ដែលពីមុនមានត្រឹមតែ៦៤រោងចក្រប៉ុណ្ណោះ។ បើសរុបរោងចក្រសហគ្រាសទាំងអស់ មានជាង១១១៦៨ បានផ្ដល់ការងារដល់ពលរដ្ឋកម្ពុជា ប្រមាណជាង១លាននាក់ឯណោះ។ ប្រាក់ឈ្នួលកម្មករពីមុនតែជាង៣០ដុល្លារប៉ុណ្ណោះ ហើយត្រូវបានដំឡើងជាបន្តបន្ទាប់ រហូតដល់សព្វថ្ងៃប្រាក់ឈ្នួលអប្បបរមា ចំនួន១៧០ដុល្លារ ។

នៅចំពោះមុខកម្មករ-កម្មការិនី ជាង២ម៉ឺននាក់ នៅខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៨មិថុនា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា “ក្មួយៗ ត្រូវគិតថា ប្រទេសដែលដៃគូនៅក្នុងការប្រកួតប្រជែង ជាមួយនឹងកម្ពុជា គឺមានច្រើនណាស់ ហើយរោងចក្រកាត់ដេរងាយនឹងការចាកចេញ មិនពិបាកនោះទេ គ្រាន់តែសំបកឃ្លាង ជួនកាលខ្លះជួលគេទេ ចឹងទេប្រមូលម៉ាស៊ីន ហើយដឹកចេញតែម្ដង” ។

សម្ដេចបញ្ជាក់ថា កម្មករ-កម្មការិនី និងពលរដ្ឋ ត្រូវចង់ចាំថា ប្រទេសមានការប្រកួតប្រជែង ជាមួយកម្ពុជា គេមានប្រាក់ខែទាបជាង ដូចនេះត្រូវរួមគ្នាដោះស្រាយ មិនមែនជាបញ្ហាដាច់ដោយឡែក រវាងកម្មករ-ម្ចាស់រោងចក្រ-រាជរដ្ឋាភិបាលទេ ។

ស្របពេលដែលប្រាក់ខែកម្មករនៅកម្ពុជា កំពុងត្រូវបានដំឡើងដល់១៧០ដុល្លារ នាយករដ្ឋមន្ដ្រី កម្ពុជា បន្ដទៀតថា ប្រទេសមានលទ្ធភាពទាក់ទាញរោងចក្រចេញពីកម្ពុជា រួមមាន ,ទី១- បង់ក្លាដេស ប្រាក់ខែ៦៧ដុល្លារ, ទី២- ស្រីលង្កា ប្រាក់ខែ៦៧ដុល្លារ, ទី៣- បាគីស្ថាន ប្រាក់ខែ១៣៤ដុល្លារ, ទី៤-ឥណ្ឌា ប្រាក់ខែ៧៧ដុល្លារ-១៤៣ដុល្លារ, ទី៥-មីយ៉ាន់ម៉ា ប្រាក់ខែ១០៨ដុល្លារ, ទី៦-ឥណ្ឌូនេស៊ី ប្រាក់ខែ១០៧ដុល្លារ-២៦៧ដុល្លារ, ទី៧- វៀតណាម ប្រាក់ខែ១២២ដុល្លារ-១៧៥ដុល្លារ និងទី៨-ប្រទេសឡាវ ប្រាក់ខែ១៣៣ដុល្លារ ដូច្នេះ ម្ចាស់រោងចក្រនៅកម្ពុជា នឹងអាចស្វែងរកឱកាសថ្មី ដើម្បីវិនិយោគដែលមានកន្លែងប្រាក់បៀវត្សទាប ។

នាយករដ្ឋមន្ដ្រី មានប្រសាសន៍ទៀតថា “ការខិតខំប្រឹងប្រែងដើម្បីដំឡើងប្រាក់បៀវត្សឲ្យក្មួយៗ យើងក៏ត្រូវគិតទៅដល់ការរស់រានទៅដល់រោងចក្រ ដែលត្រូវនៅជាមួយយើង ដូច្នេះការគិតគូ នៅទីនេះ ពូធ្លាប់ហៅថា ជាមុំចង្រ្កាននៃការអភិវឌ្ឍ ឬក៏ជាមុំចង្រ្កាននៃសុវត្ថិភាព សង្គមរបស់ យើង ឬមុំចង្រ្កាននៃស្ថានភាពសម្រាប់ប្រទេសយើង” ។

សម្ដេចថា កម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍ ពីបរទេសដោយសាស្ថេរភាពនយោបាយ បង្កើតការជឿជាក់សម្រាប់ការវិនិយោគរយៈពេលវែង។ ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាល បានផ្តល់លក្ខខ័ណ្ឌងាយស្រួលដល់វិនិយោគគិនបរទេស មានសិទ្ធិបើកក្រុមហ៊ុន ផ្ទាល់ខ្លួន១០០% ដោយមិនចាំបាច់ពឹងពាក់ ឬការចូលរួមពីអ្នកវិនិយោគក្នុងស្រុកឡើយ ។

ជាថ្មីម្តងទៀត សម្តេចតេជោ ចង់ឲ្យរោងចក្រទាំងអស់ ដែលបានវិនិយោគនៅកម្ពុជា ក្លាយទៅ ជាសហគមន៍ដ៏សុខសាន្ត ។

យោងតាមរបាយការណ៍ ពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (Better Factories Cambodia ឬសរសេរកាត់ BFC) បានបង្ហាញថា គិតត្រឹមឆ្នាំ២០១៧ រោងចក្រដែលជាសមាជិក របស់ BFC មានចំនួន២៦រោងចក្រ ត្រូវបានបិទទ្វារ ពោលគឺបានថយចុះ ពី៥៦៧រោងចក្រ កាលពីឆ្នាំ២០១៦ មកនៅត្រឹម៥៤១រោងចក្រ នៅឆ្នាំ២០១៧។ យ៉ាងណាក៏ដោយ ប្រធានគ្រប់គ្រង គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា បានអះអាងថា បើពិនិត្យទៅលើចំនួនកម្មករ នយោជិត នៅតាមរោងចក្រ គឺមិនមានការថយចុះនោះទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post