header ads

Sponsor

ពិសី

ភ្នំពេញៈ ឃាតកម្មសម្លាប់ស្រ្តីចងការប្រាក់ម្នាក់ នៅខណ្ឌមានជ័យ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ រហូតតាមចាប់ជនដៃដល់៣នាក់ ក្នុងនោះមាន២នាក់ប្តីប្រពន្ធ។

នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលដឹកនាំដោយលោក ជីវ វិបុល នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃ បាននាំជនដៃដល់ទាំង៣នាក់ នាំយកទៅបង្ហាញទីតាំង ដែលពួកគេបានទម្លាក់សពចូលក្នុងទឹកប្រឡាយតាមស្លែង ផ្លូវសឡា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។

Update: នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ និងនគរបាលស្ទឹងមានជ័យ នាំខ្លួនជនសង្ស័យដែលជាឃាតកប្រុសស្រី២នាក់ ទៅចង្អុលទីកន្លែង ដែលពួកគេវាយសម្លាប់នារីជាអ្នកចងការលុយម្នាក់ ទម្លាក់ចោលក្នុងប្រឡាយទឹកស្អុយ ស្ថិតនៅផ្លូវ៣៧១ ភូមិអូបែកក្អម សង្កាត់អូបែកក្អម ខណ្ឌសែនសុខ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨។

យោងតាមចម្លើយសារភាពពីជនសង្សយ័ បានឲ្យដឹងថា នៅយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៥ល្ងាច ជនសង្ស័យបានទូរស័ព្ទហៅនារីរងគ្រោះឲ្យទៅផ្ទះរបស់ខ្លួន ដើម្បីខ្ចីលុយ ហើយនារីរងគ្រោះបានទៅផ្ទះជនសង្ស័យ ដោយនឹកស្មានមិនដល់ថា ជនសង្ស័យរៀបចំគម្រោងវាយប្លន់សម្លាប់ ដោយជនសង្ស័យមានគ្នា៣នាក់ បានបិទទ្វារព្រួតវាយនារីរងគ្រោះនៅបន្ទប់ជួលរបស់ជនសង្ស័យ នៅចំណុចភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ វាយសម្លាប់នារីរងគ្រោះប្លន់យកលុយ។ លុះនៅវេលាម៉ោង៩យប់ថ្ងៃដដែល ក្រុមជនសង្ស័យទាំង៤នាក់ បានយកសពនារីរងគ្រោះ ដាក់ចូលក្នុងកញ្ឆេដាក់នំប៉័ង ហើយលើកចូលរទេះយកទៅទម្លាក់ចោលចូលក្នុងប្រឡាយទឹកស្អុយ នៅផ្លូវ៣៧១ ព្រំប្រទល់ជាមួយខណ្ឌមានជ័យ និងខណ្ឌសែនសុខ។

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ នៅខេត្តព្រៃវែង ដែលមានឈ្មោះដូចជា ១.ឈ្មោះ កែវ សុផានិត ភេទប្រុស អាយុ២៨ឆ្នាំ, ២.ឈ្មោះ អាន អឿន ភេទស្រី អាយុ៣១ឆ្នាំ និងឈ្មោះ រ៉ាន់ ដារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ។ ជនសង្ស័យទាំង៣នាក់នេះ រស់នៅភូមិម្រេញ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង។

សមត្ថកិច្ចឲ្យដឹងថា នារីរងគ្រោះខាងលើ មានឈ្មោះ ខ្នើយ សឹង អាយុ៣១ឆ្នាំ មុខរបរជាអ្នកចងការលុយ ស្នាក់នៅភូមិទ្រា២ សង្កាត់ស្ទឹងមានជយ័១ ខណ្ឌមានជ័យ។ ដោយមានការបាត់សមាជិកក្រុមគ្រួសាររយៈពេល១០ថ្ងៃ បងប្អូនជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ ដោយទទួលបានពាក្យបណ្តឹងពីបងប្អូនជនរងគ្រោះ សមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី១ សហការជាមួយកម្លាំងព្រហ្មទណ្ឌខណ្ឌមានជ័យ នគរបាលព្រហ្មទណ្ឌក្រុង និងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបើកការស្រាវជ្រាវឈានដល់ការចាប់ឃាតក ដែលជាជនសង្ស័យប្រុសស្រី២នាក់ និង២នាក់ទៀត កំពុងរត់គេចខ្លួន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post