Sunday, June 17, 2018

Update ៖ សម្ដេចក្រុមព្រះ នរោត្តម រណ​ឬទ្ធិ និងអ្នកម្នាង កំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍

អាម៉ាប៉ាប៉ាញ៉ូស

ព្រះសីហនុៈ សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗនៅ​គ្លីនិក​សេតេ និងអ្នកម្នាង កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ខណៈអ្នករងរបួសចំនួន៥នាក់ទៀត កំពុងទទួលការសង្គ្រោះនៅមន្ទីរពេទ្យផ្សេងៗ បន្ទាប់ពីព្រះអង្គបានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តតាក់ស៊ី បើកបុកព្រះទីនាំងរបស់ព្រះអង្គក្នុងពេលស្ដេចយាងទៅជួបសួរសុខទុក្ខប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនាវេលាម៉ោង៨៖៥០នាទីព្រឹក ថ្ងៃ​អាទិត្យ​ ៥កើត ​​ខែ​បឋមាសាធ​ ឆ្នាំ​ច​ សំរឹទ្ធិស័ក​ ព.ស​២៥៦២​ ត្រូវនឹង​ថ្ងៃ​ទី​១៧​ ខែ​មិថុនា​​​ ឆ្នាំ​២០១៨នេះ នៅលើកំណាត់ផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​២០០-២០១​ ស្ថិតនៅ​ក្នុង​ភូមិ​អូរតាសេក ឃុំ​អូរឧកញ៉្ញាហេង​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ។

បើតាមរបាយការណ៍បឋមរបស់ស្នងការនគរបាលខេត្តព្រះសីហនុ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ រាយការណ៍ប្រាប់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បង្កឡើងដោយរថយន្តម៉ាក ហាយឡែនឌ័រ (HightLander) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2L-9667 ជារថយន្តតាក់ស៊ី បើកបរ​ដោយ​ឈ្មោះ​ វ៉ុល​ សារ៉េត​ ភេទប្រុស​ អាយុ​៣៤ឆ្នាំ​ មុខរបរ​រត់​តាក់ស៊ី​ មានទីលំនៅ​ភូមិ​២ សង្កាត់​លេខ​១​ ក្រុង​/ខេត្ត​ព្រះសីហនុ​ ដែលដឹក​ភ្ញៀវ​ចំនួន​៤នាក់​ ស្រីម្នាក់ បានធ្វើដំណើរពីខេត្តព្រះសីហនុ ឆ្ពោះមករាជធានីភ្នំពេញ។ លុះដល់ចំណុចកើតហេតុខាងលើ រថយន្តបង្កបានរ៉េចង្កូតទៅខាងឆ្វេងដៃបុកនឹងរថយន្តមួយគ្រឿងម៉ាក BMW ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ រដ្ឋសភា5 2-090 ជិះគ្នា៣នាក់ ដែលជាព្រះទីនាំងរបស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ កំពុងធ្វើដំណើរក្នុងទិសដៅផ្ទុះគ្នា។

របាយការណ៍ដដែល បញ្ជាក់ឲ្យដឹងថា គ្រោះថ្នាក់​នេះ ​បណ្ដាល​ឲ្យ​រងរបួស​មនុស្ស​ចំនួន​៧នាក់​ ស្រី​២នាក់ ដោយក្នុងនោះ អ្នកម្នាង​ បានរងរបួស​ធ្ងន់​ កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​ និងសម្តេច​ក្រុមព្រះ​ រងរបួស​ធ្ងន់​ កំពុង​សង្គ្រោះ​នៅ​គ្លីនិក​សេតេ ខណៈអ្នក​រងរបួស​ផ្សេង​ៗទៀត​ កំពុង​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ផ្សេង​ៗ​។ ចំណែក​អ្នកបើកបរ​រថយន្ត​តាក់​ស៊ី​ កំពុង​ឃាត់​ខ្លួន​បណ្ដោះ​អាសន្ន។

គួរជម្រាបថា នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ីនប៊ិច ព្រះអង្គយាងជួបសំណេះសំណាលសមាជិកគណបក្សនៅខេត្តកំពត និងខេត្តកែប។ បន្ទាប់ពីបញ្ចប់ពិធីសំណេះសំណាលនេះ ព្រះអង្គមានបំណងយាងបន្តដំណើរទៅជួបសំណេះសំណាលជាមួយសមាជិកបក្សនៅខេត្តព្រះសីហនុបន្តទៀត ប៉ុន្តែបែរជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះតែម្ដង។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញ កំពុងធ្វើការវាស់វែង និងចាត់ចែងយករថយន្តចេញពីកន្លែងកើតហេតុ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍៕

@Amapapa.News

Feature Ads