Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនសង្ស័យឆោកបោកម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីផឹកស៊ីជាមួយមិត្តភក្តិ ហើយបានខ្ចីម៉ូតូរបស់មិត្តភក្តិថា ទៅយកលុយនៅផ្ទះ តែបែរជាយកម៉ូតូទៅបញ្ចាំយកលុយទៅចាក់បាល់អស់ ដោយឡែក សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី២ ហាក់ដូចជាមានការលាក់បាំងចំពោះជនសង្ស័យ សូម្បីតែស្នាក់ការប៉ុស្តិ៍ ក៏មិនឲ្យអ្នកសារព័ត៌មានថតដែរ ។

ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង១១៖៣០នាទីយប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចហាងផឹកស៊ីមួយកន្លែង នៅម្តុំនិងសណ្ឋាគារប្រ៊េស័ដង់ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

បើតាមសម្តីពីជនរងគ្រោះមានឈ្មោះ ខេម សំរឹទ្ធិតារា ភេទប្រុស អាយុ៣៣ឆ្នាំ បានឲ្យដឹងថា រូបគាត់និងជនសង្ស័យ បានស្គាល់គ្នារយៈពេលពីរឆ្នាំមកហើយ គឺស្គាល់តាមរយៈការលេងបាល់ទាត់។ ហើយនៅថ្ងៃកើតហេតុ កាលពីវេលាម៉ោងប្រមាណ៨យប់ ជនសង្ស័យខាងលើ បានទូរស័ព្ទហៅរូបគាត់ឲ្យទៅផឹកស៊ីជុំគ្នា នៅហាងកើតហេតុខាងលើ ខណៈពេលទៅដល់គាត់និងជនសង្ស័យ ក៏បាននាំគ្នាផឹកស៊ីយ៉ាងសប្បាយរីករាយ ។

មួយស្ទុះក្រោយមកជនសង្ស័យខាងលើ ក៏បានខ្ចីម៉ូតូ១គ្រឿង ម៉ាកហុងដាឃ្លីក ស៊េរី០៥ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FC-5745 ដែលជាម៉ូតូរបស់ជនរងគ្រោះ ដោយបានប្រាប់ជនរងគ្រោះថា ខ្ចីម៉ូតូជិះទៅយកលុយនៅផ្ទះមួយភ្លែត ហើយជនរងគ្រោះមិនបានគិតអ្វីច្រើននោះទេព្រោះគិតថា ស្គាល់គ្នាយូរមកហើយ ក៏ព្រមឲ្យម៉ូតូរបស់ខ្លួនទៅជនសង្ស័យជិះចេញទៅបាត់ទៅ។ រហូតដល់វេលាកើតហេតុ ដោយចាំយូរពេកមិនឃើញជនសង្ស័យជិះម៉ូតូរបស់ខ្លួនត្រឡប់មកវិញ ជនរងគ្រោះក៏បានទូរស័ព្ទទៅជនសង្ស័យ បន្ទាប់មកជនសង្ស័យ ក៏បានត្រឡប់មកហាងកើតហេតុខាងលើ តែមិនមានម៉ូតូរបស់ជនរងគ្រោះមកជាមួយនោះទេ។ រួចមកជនសង្ស័យ ក៏ប្រាប់ទៅជនរងគ្រោះថា បងខ្ញុំសុំទោសផង ខ្ញុំបានយកម៉ូតូរបស់បងឯង ទៅបញ្ចាំយកលុយទៅចាក់បាល់អស់ហើយ តែជនសង្ស័យមិនបានបញ្ចក់ពីកន្លែងបញ្ចាំនោះទេ តែគ្រាន់តែប្រាប់ថា ម៉ូតូខាងលើ គឺរូបគេបានបញ្ចាំក្នុងតម្លៃ៦២០ដុល្លារ ដោយពុំចាំបាច់មានឯកសារដែលពាក់ព័ន្ធនិងម៉ូតូនោះទេ ។

ក្រោយមកជនរងគ្រោះ បាននាំជនសង្ស័យដែលជាមិត្តភក្តិទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី២ ដើម្បីឲ្យសមត្ថកិច្ចជួយធ្វើការដោះស្រាយ ។

គួរបញ្ជាក់ផងដែរថា នៅក្នុងហេតុការណ៍ខាងលើសនេះ លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី២ ហាក់ដូចជាមានការលាក់បាំងចំពោះជនសង្ស័យខាងលើ ខណៈពេលដែលអ្នកសារព័ត៌មានចុះទៅផ្តិតយកព័ត៌មាន សូម្បីតែស្នាក់ប៉ុស្តិ៍ក៏ព្យាយាមហាមឃាត់មិនឲ្យអ្នកសារព័ត៌មានថតដែរ ។

ក្រោយពេលកើតហេតុ ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូផ្សារទី២ កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលរដ្ឋបាលខណ្ឌទួលគោក ដើម្បីចាក់ការទៅតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor